• 2019-04-08 02:14:50
  • ប្រដាល់

ស៊ឹម ប៊ុនស្រ៊ន់ ​កំពុង​ដាំ​កូន​ឈើ​លើ​ដី​១០ហិតា តែនៅបន្តហាត់MMAរង់ចាំONE​

  • 2019-04-08 02:14:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ទោះ​ទើប​រៀប​ការ​រួច​ថ្មីៗ​នេះ​​ និង​ការងារ​​​ផ្ទាល់​ខ្លួន​​ ប៉ុន្តែ​អ្នក​លេង​គុន​ចម្រុះ​ ស៊ឹម ប៊ុនស៊្រន់​ នៅ​តែ​​​ខិត​ខំ​ហ្វឹកហាត់​ ​​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​​នៅ​ក្លឹប​ Cambodian Top Team ដែល​មាន​លោក​​ ហ៊ុន ច័ន្ទរាជ្យ​ ជា​គ្រូ​បង្វឹក និង​ ​​​រង់​ចាំ​​ស្វាគមន៍​ក​គូ​ប្រកួត​​នៅ​សង្វៀន​ One Championship ​នៅ​ថ្ងៃ​ណា​មួយ។​ ​ការ​បង្ហើប​យ៉ាង​ដូច្នេះ​ របស់​ ប៊ុនស្រន់​ ​បន្ទាប់​ពី​ខក​ខន​រូប​គេ​ខក​ខាន​ឡើង​​សង្វៀន​​កម្រិត​អន្តរជាតិ​ One ​តាំង​ពី​​ចុង​ឆ្នាំ​​ ២០១៧​។

កីឡាករ ស៊ឹម ប៊ុនស៊្រន់

ស៊ឹម ប៊ុនស៊្រន់ ​បញ្ជាក់​​​ថា ៖«​ខ្ញុំ​​មក​​ហ្វឹកហាត់​នៅ​ក្លឹប Cambodian Top Team ជា​មួយ​គ្រូ​ ហ៊ុន ច័ន្ទរាជ្យ ជា​ប្រចាំ​ បើ​សិន​ខ្ញុំ​អត់​មាន​ការងារ​​ចុះ​ទៅ​ខេត្ត​ទេ។​ រាស់​ថ្ងៃ​ខ្ញុំ​​មាន​របរ​​រក​ស៊ី​បណ្ដុះ​កូន​ឈើ​លើ​កសិដ្ឋាន​មួយ​មាន​ផ្ទៃ​ដី​ប្រមាណ​១០​ហិតា​​​រយៈ​ពេល​ជាង​១​ឆ្នាំ​មក​ហើយ​នៅ​ខេត្ត​កំពង់​ឆ្នាំង។​ ខ្ញុំ​​ចូល​​រួម​មុខ​ជំនួញ​​នេះ​ជា​មួយ​ក្រុម​ការងារ​ដែល​គាត់​ជា​អតីត​ពលករ​នៅ​ប្រទេស​កូរ៉េ ​ហើយ​​ មុខ​របរ​នេះ​ចេះ​តែ​ដើរ​មុខ​​បណ្ដើរ​ៗ ​។ បែប​ណា​​​ក៏​ ខ្ញុំ​មិន​ភ្លេច​​ខ្លួន​​​ហ្វឹកហាត់​ទេ»។

កីឡាករ​វ័យ​​២៦​ឆ្នាំ​រូប​​នេះ​​បាន​រំលឹក​​​ថា​ មុន​ចូល​ចាប់​អាជីព​ហាត់​ MMA​ រូប​គេ​មាន​មូលដ្ឋាន​គ្រឹះ​ហ្វឹកហាត់​ក្បាច់​គុន​​យូដូ​ជម្រើស​ជាតិ​ពី​ឆ្នាំ​ ​២០១៣ ដល់​ ឆ្នាំ​ ២០១៥ ​មុន​ចាប់​​​ផ្ដើម​ហាត់​​គុន​ចម្រុះ​ ពី​ ២០១៥​ រហូត​ដល់​បច្ចុប្បន្ន។​ ក្នុង​នោះ​​ ស៊ឹម ប៊ុនស៊្រន់ ​ក៏​មាន​គ្រឹះ​ផ្នែក​​ប្រដាល់​សេរី​​ទៀត​ផង​ដោយ​រូប​គេ​​ធ្លាប់​ឡើង​វ៉ៃ​លើ​សង្វៀន​បាន​៤​ដង​ពោល​ឈ្នះ​២​ដង​ និង​ចាញ់​២​ដង។ ​កីឡាករ​ដែល​មាន​កំណត់​ត្រា​ឈ្នះ​៣ដង​នៅ​សង្វៀន One Championship រូប​នេះ​​ក៏​ធ្លាប់​ហ្វឹកហាត់​ក្បាច់​​គុន​តុង​ហ្គីល​ម៉ូដូ​ ​​និង​ ​ចេញ​ទៅ​ប្រកួត​ឈ្នះ​មេដាយ​មាស​​​​កាល​ឆ្នាំ​​ ២០១៦​​​ក្នុង​​ព្រឹត្តិការណ៍​ Asian Tong il Mo Do ​Championship នៅ​ឈៀងម៉ៃ​ ប្រទេស​ថៃ។ ​​

កីឡាករ​ដែល​មាន​​ដើម​កំណើត​នៅ​ស្រុក​កោះ​សុទិន​​ខេត្ត​កំពង់​ចាម​រូប​នេះ​ ​បាន​គូស​បញ្ជាក់​ទៀត​ថា​ ​​ពេល​ខ្លះ​បើ​មិន​បាន​មក​ហាត់​នៅ​ក្លឹប​ Cambodian Top Team ជា​មួយ​មិត្ត​រួម​ក្រុម​ និង ​គ្រូ​បង្វឹក​​ ក៏​រូប​គេ​ឆ្លៀត​ហ្វឹកហាត់​ខ្លួន​ឯង​ និង​ ​រត់​លេង​បាល់​ទាត់​​​​នៅ​​លើ​ទីលាន​​ដើម្បី​រក្សា​កម្លាំង​ស៊ុហ្វ​ ជា​ដើម។

កីឡាករ ស៊ឹម ប៊ុនស៊្រន់ ហ្វឹកហាត់

​សឹម ប៊ុនស្រ៊ន់ ​មាន​កំណត់​ត្រា​ប្រកួត​គុន​ចម្រុះ​បាន​ចំនួន​ ៨ ​ដង​ ​ដោយ​ក្នុង​នោះ​​ឈ្នះ​ ៣ ដង​ និង ចាញ់​ ៥។​ រូប​គេ​ចាប់​​​ផ្ដើម​អាជីព​​វ៉ៃ​គុន​ចម្រុះ​​នៅ​ឆ្នាំ​ ​២០១៣ ​ពេល​ ស៊ីធីអិន រៀប​ចំ​ការ​ប្រកួត​​ជើង​ឯក​គុន​ចម្រុះ​ជា​ផ្លូវ​ការ។ ​​​ការ​ប្រកួត​ដំបូង​របស់​​គេ​នៅ​​នា​ខែ​ ​មិថុនា​ ​ឆ្នាំ​ ២០១៣ ​​ចាញ់ ​កីឡាករ​រួម​ជាតិ​ ខុន ស៊ីចាន់ ​​នៅ​ទឹក​ទី២​ លើ​​សង្វៀន​ក្នុង​ស្រុក​​មួយ​នេះ។ ចំណែក​ប្រកួត​ចុង​ក្រោយ​ ប៊ុនស្រន់ ​ចាញ់ ​​កីឡាករ​សិង្ហបុរី ​Litao Miao ​នៅ​សង្វៀន​​ Oneកាល​ចុង​ឆ្នាំ​ ២០១៧៕

អត្ថបទ៖ ស៊ីធី

មតិយោបល់