• 2019-04-01 07:06:23
  • ប្រដាល់

ការ​តស៊ូ​ដល់​ទីបំផុត Jing Nanផ្តួល​​ Angela ការពារ​ខ្សែក្រវាត់ពិភពលោកបានសម្រេច​

  • 2019-04-01 07:06:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហា​ព្រឹត្តិការណ៍​ប្រដាល់ជា​ប្រវត្តិ​សាស្ត្រ​របស់​ One Championship និង​​លើក​ដំបូង​នៅ​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​អាទិត្យ​​ ទី​៣១​ មីនា ម្សិល​មិញ​ បាន​ធ្វើ​ឲ្យ​កក្រើក​​ទី​ក្រុង​តូក្យូ​ជា​មួយ​នឹង​ការ​ប្រកួត​កម្រិត​ខ្សែ​ក្រវាត់​ជា​ច្រើន​គូ។

ក្នុង​នោះ​ កីឡា​ការិនី​គុន​ចម្រុះ​​ចិន​ Xiong Jing Nan ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន​ដោយ​ជោគជ័យ​ បន្ទាប់​ពី​តស៊ូ​មិន​បោះ​បង់​ចោល​ការ​ប្រកួត​រហូត​​ផ្តួល​​កីឡា​ការិនី​ប្រជាប្រិយ​របស់​សិង្ហបុរី​ Anglela Lee ឲ្យ​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៥។

នារី​ជើង​ខ្លាំង​របស់​ចិន​ Xiong Jing Nan ពិត​ជា​ចេញ​​អាវុធ​វ៉ៃ​បាន​ល្អ​ និង​ពូកែ​អត់ទ្រាំ​បំផុត។ ការ​ប្រកួត​៣​ទឹក​ដំបូង​បញ្ជាក់​យ៉ាង​ច្បាស់​ថា កីឡា​ការិនី​ចិន​ម្នាក់​នេះ​ពោរពេញ​ដោយ​ទំនុក​ចិត្ត​ និង​ចេញ​កណ្តាប់​បាន​​យ៉ាង​មាន​ប្រសិទ្ធភាព​ដែល​ធ្វើ​ឲ្យ​រូប​នាង​យក​ប្រៀប​លើ​ Angela Lee។ យ៉ាង​ណា​ នៅ​ទឹក​ទី​៤​ កីឡា​ការិនី​សិង្ហបុរី​​បាន​ប្រើ​ក្បាច់​ឃ្លេ​​កាច់​ដៃ​ Jing Nan យ៉ាង​ខ្លាំង ហើយ​អ្នក​គាំទ្រ​គិត​ថា នឹង​បោះ​បង់​ចោល​ការ​ប្រកួត​ ឬ​អាជ្ញា​កណ្តាល​បញ្ឈប់។

Jing Nan (ស្តាំ)វាយចេញកណ្តាប់ដៃលើ Anglela (រូបថត៖ ONE)

អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​គឺ​ អាជ្ញា​កណ្តាល​បាន​សួរ​បញ្ជាក់​ថា​តើ​​ទ្រាំ​បាន​ទេ​​នៅ​ពេល​ត្រូវ​បាន Angela កាច់​ដៃ​ជាប់​ប្រហែល​ជា​២នាទី? ពេល​នោះ​​ Jing Nan បង្ហាញ​សញ្ញា​ដល់​​អាជ្ញា​កណ្តាល​ថា មិន​ឈប់​ ហើយ​កីឡា​ការិនី​ចិន​ម្នាក់​នេះ​តស៊ូ​អត់​ទ្រាំ​រហូត​ដល់​ចប់​ទឹក​ទី​៤។

នៅ​ទឹក​ទី​៥​គឺ​ជា​ឱកាស​របស់​កីឡា​ការិនី​ចិន​ Jing Nan វិញ​ម្តង​​នៅ​ពេល​នាង​បាន​ទាត់​លើ​ពោះ​របស់​កីឡា​ការិនី​សិង្ហបុរី​ ហើយ​វាយ​កណ្តាប់​ដៃ​លើ​ពោះ​​បណ្តាល​ឲ្យ​ Angela ស្រុត​ចុះ​​ តដៃ​លែង​រួច​​ ហើយ​ទី​បំផុត​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៥​។

Angela (ឆ្វេង) ទាត់​លើ Jing Nan (ស្តាំ) (រូបថត៖ ONE)

តាម​រយៈ​ជ័យជម្នះ​នេះ​ Jing Nan បាន​ក្លាយ​ជា​កីឡា​ការិនី​គុន​ចម្រុះ​តែ​ម្នាក់​គត់​​ដែល​ផ្តួល​ដៃ​គូ​​ឲ្យ​សន្លប់​​ពី​ការ​ប្រកួត​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ស្ថាប័ន​ One Championship៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់