• 2019-03-07 07:27:14
  • កីឡា​ផ្សេង​ៗ

ប្រជុំ​កីឡា​ E-Sports អាស៊ាន​​សម្រេចគោលការណ៍សំខាន់៥​

  • 2019-03-07 07:27:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អាស៊ី​ និង​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៩​នៅ​ប្រទេស​ហ្វីលីពីន​ បាន​រៀប​ចំ​កិច្ច​ប្រជុំ​​​អន្តរជាតិ​ស្តីពី​កីឡា​អេឡិចត្រូនិក​រយៈ​ពេល​២​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​​៦-៧​ ខែ​មីនា ​ឆ្នាំ​២០១៩​នៅ​​​ទី​ក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន។

លោក​ លន់ សាម៉ឌី ​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​កីឡា​អេឡិចត្រូនិក​​អន្តរជាតិ​នេះ​ផ្ដោត​លើ​​ផែន​ការ​​រៀប​ចំ​ការ​ប្រកួត​កីឡា​​កីឡា​ E-Sports នេះ​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​កីឡា​ស៊ីហ្គេម​ ឆ្នាំ​២០១៩​នេះ​ដែល​ប្រទេស​ហ្វីលីពីន​ធ្វើ​ម្ចាស់​ផ្ទះ។

កិច្ច​ប្រជុំ

លោក​បន្ត​ថា បន្ទាប់​ពី​កិច្ច​ប្រជុំ​ប្រើ​ពេល​២​ថ្ងៃ​មក​ លទ្ធផល​​​សម្រេច​លើ​គោល​ការណ៍​សំខាន់​៥​ចំណុច។

  • ទី​១. កីឡា​អេឡិចត្រូនិក​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ព្រឹត្តិការណ៍​​ស៊ីហ្គេម​ជា​ផ្លូវ​ការ​​ដែល​ រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អាស៊ី​ និង​គោរព​ទៅ​តាម​ច្បាប់​របស់​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី​ (Olympic Council of Asia-OCA) ។
  • ទី​២. វិញ្ញាសា​ដែល​បាន​ដាក់​​សម្រាប់​ការ​ប្រកួត​នេះ​មិន​ជាប់​ពាក់ព័ន្ធ​រូប​ភាព​ហិង្សា​ (​ដូច​ជា​ គ្មាន​កំា​ភ្លើង​ជា​ដើម)។
  • ទី​៣. រាល់​កីឡាករ​អេឡិចត្រូនិក​ដែល​ចូល​រួម​ប្រកួត​នឹង​ត្រូវ​ឆ្លង​កាត់​ការ​ពិនិត្យ​រក​សារ​ធាតុ​ញៀន​ ឬ​សារធាតុ​ប៉ូវ​កម្លាំង​តាម​កម្មវិធី​ Anti-Dopin Program​ និង​ WADA​ Testing។
  • ទី​៤. តាម​រយៈ​សិក្ខាសាលា​នេះ​ដែរ​ បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ បាន​សន្យា​សហការ​គ្នា​ជួយ​អភិវឌ្ឍ​ទៅ​វិញ​ទៅ​មក​លើ​វិស័យ​កីឡា​អេឡិចត្រូនិក​ តាម​រយៈ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ផ្សេង​ៗ​ និង​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​​ជា​ដើម។
  • ទី​៥. គ្រួសារ​កីឡា​អេឡិចត្រូនិក​ក្នុង​តំបន់​អាស៊ាន​ គ្រោង​នឹង​បង្កើត​​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អាស៊ី​អាគ្នេយ៍​ (SEA​ E-Sport​ Federation)​ និង​គ្រោង​ធ្វើ​សកម្មភាព​ដូច​ជា​បង្កើត​ព្រឹត្តិការណ៍​ជើង​ឯក​ថ្នាក់​តំបន់​អាស៊ី​អាគ្នេយ៍​លើ​វិញ្ញាសា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ SEA Games ផង​ដែរ​។
លោក លន់ សាម៉ឌី

កិច្ច​ប្រជុំ​ដ៏​សំខាន់​នេះ​រៀប​ចំ​​ឡើង​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អាស៊ី​ និង​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ប្រទេស​ហ្វីលីពីន​មាន​តំណាង​សហព័ន្ធ​អាស៊ី​ និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចំនួន​៩​ប្រទេស​គឺ​ហ្វីលីពីន​ កម្ពុជា​ ថៃ​ ឥណ្ឌូណេស៊ី​ ប្រ៊ុយណេ​ សិង្ហបុរី​ ម៉ាឡេស៊ី​ ឡាវ​ និង​ មីយ៉ាន់ម៉ា​ ហើយ​អវត្តមាន​ប្រទេស​វៀតណាម​ និង​ទីម័រខាងកើត៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់