• 2019-02-26 02:09:47
  • វិភាគ

កម្ពុជា​នឹង​បង្កើត​ប្រវត្តិ​សាស្ត្រ​ បើ​ឈ្នះ​វៀតណាមរសៀលនេះ​

  • 2019-02-26 02:09:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កម្ពុជា​អាយុ​២២​ឆ្នាំ​នឹង​បង្កើត​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ទៀត​ ប្រសិន​បើ​អាច​យក​ឈ្នះ​ក្រុម​ខ្លាំង​វៀតណាម​​ដើម្បី​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣​នៃ​ការ​ប្រកួត​ជើង​ឯក​យុវជន​អាស៊ាន​ AFF U22 Championship 2019 រសៀល​ថ្ងៃ​នេះ។

ក្រុម​កម្ពុជា​អាយុ២២​ឆ្នាំ

កម្ពុជា​បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​មួយ​ហើយ​នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​ខ្លួន​​ធ្វើ​ម្ចាស់​ផ្ទះ​នេះ​គឺ​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ បន្ទាប់​ពី​ប្រកួត​ឈ្នះ​២​លើក​ជាប់​គ្នា​​​ដោយ​មិន​របូត​គ្រាប់​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល។ យ៉ាង​ណា កម្ពុជា​មិន​​បាន​បង្កើត​កំណត់​ត្រា​ថ្មី​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ឡើយ​ ដោយ​បាន​ចាញ់​ក្រុម​យុវជន​ថៃ​ដោយ​បាល់​កាត់​សេចក្តី​​ ៥-៣។

ទោះ​បី​ជា​មិន​បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​ជា​កំណត់​ត្រា​មិន​ធ្លាប់​មាន​សម្រាប់​វិស័យ​បាល់ទាត់​​កម្ពុជា​ ក៏​កម្ពុជា​នៅ​មាន​ឱកាស​បង្កើត​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ទៀត​ដើម្បី​យក​ចំណាត់​ថ្នាក់​លេខ​៣​នៅ​ពេល​ជួប​ក្រុម​យុវជន​វៀតណាម​វេលា​ម៉ោង​៣:​៣០​នាទី​រសៀល​នេះ។

អ្វី​ដែល​គួរ​កត់​សំគាល់​គឺ​ អ្នក​ចាំ​ទី​​កម្ពុជា​ ហ៊ុល គឹមហ៊ុយ​ មិន​ទាន់​​របូត​គ្រាប់​ឡើយ​ក្នុង​​ការ​ប្រកួត​ការ​ប្រកួត​​​ពេញ​ម៉ោង​​គឺ​៩០​នាទី​មាន​​២​ប្រកួត​ និង​១២០​នាទី​មាន​១​ប្រកួត។ ប៉ុន្តែ​រូប​គេ​របូត​គ្រាប់​បាល់​​​ទាត់​កាត់​សេចក្តី​​ពេល​កម្ពុជា​ចាញ់​ថៃ​ ៥-៣។

កម្ពុជា​អបអរ​ពេល​ស៊ុត​ចូល​មីយ៉ាន់ម៉ា
  • នៅ​ចាំ​បាន​ថា កាល​ពី​ឆ្នាំ​២០១៦​ ក្រុម​កម្ពុជា​អាយុ​១៦​ឆ្នាំ​បាន​​បង្កើត​កំណត់​ត្រា​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ AFF U16 Championship 2016 ប៉ុន្តែ​ចាញ់​​វៀតណាម​នៅ​វគ្គ​នោះ​​ដោយ​លទ្ធផល​ ១-០។ ជើង​ឯក​នោះ ក្រុម U16​ កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​ បន្ទាប់​ពី​ចាញ់​ថៃ ៣-០ ក្នុង​ការ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣។

  • បន្ទាប់​មក​​​នៅ​ឆ្នាំ​២០១៧​ ក្រុម​បាល់ទាត់​នារី​កម្ពុជា​​អាយុ​១៥​ឆ្នាំ​ក៏​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់​ព្រ័ត្រ​​​នៃ​ពាន​រង្វាន់ 2017 AFF U-16 Girls' Championship ប៉ុន្តែ​ចាញ់​​ថៃ​នៅ​វគ្គ​នេះ​ដោយ​លទ្ធផល​ ៦-០។ នារី​កម្ពុជា​​​ទទួល​​បាន​ចំណាត់​ថ្នាក់​លេខ​៤​ បន្ទាប់​ពី​ចាញ់​មីយ៉ាន់ម៉ា​ដោយ​លទ្ធផល​ ៣-១ ក្នុង​ការ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៤៕

អ្នក​ចាំទីកម្ពុជា ហ៊ុល គឹមហ៊ុយ

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់