- 2019-02-21 08:01:01
- កីឡាផ្សេងៗ
អ្នកជំនាញស៊ីហ្គេមគិតថា កម្ពុជាអាចបានលេខ៥ឬ៦ពេលធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម
- 2019-02-21 08:01:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញស៊ីហ្គេមគិតថា កម្ពុជាអាចបានលេខ៥ឬ៦ពេលធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម
ចន្លោះមិនឃើញ
កម្ពុជាអាចនឹងទទួលបានចំណាត់ថ្នាក់លេខ៥ ឬ៦នៃតារាងមេដាយនៅពេលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះលើកដំបូងនៅឆ្នាំ ២០២៣។ នេះបើតាមការគិតរបស់លោកព្រឹទ្ធាចារ្យ Sheik Kok Chi អ្នកជំនាញរៀបចំការប្រកួតកីឡាស៊ីហ្គេម។
ក្នុងមហាសន្តិបាតបូកសរុបការងារឆ្នាំ២០១៨ និងដាក់ទិសដៅឆ្នាំ២០១៩របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាព្រឹកមិញនេះព្រឹទ្ធាចារ្យ Sheik Kok Chi អ្នកជំនាញស៊ីហ្គេម បាននិយាយថា តាមការគិតរបស់លោក កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះអាចស្ថិតនៅលេខរៀងទី៥ ឬ៦នៃកីឡាស៊ីហ្គេមឆ្នាំ២០២៣។
លោកព្រឹទ្ធាចារ្យ Sheik Kok Chi វ័យ៨០ឆ្នាំដែលមានបទពិសោធការងាររៀបចំកីឡាស៊ីហ្គេមប្រហែលជា៥០ឆ្នាំបានបញ្ជាក់ថា ចំណាត់ថ្នាក់នេះអាចជាការល្អប្រសើរ ពីព្រោះរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកម្ពុជាធ្វើបានល្អទាំងកម្រិតអាស៊ាន និងអាស៊ី។ តាមពិតទៅ ប្រទេសមួយចំនួនដែលធ្លាប់ធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមមិនទទួលបានលទ្ធផលកម្រិតនេះដូចជាប្រទេសឡាវធ្វើម្ចាស់ផ្ទះកាលពីឆ្នាំ២០០៩បានត្រឹមចំណាត់ថ្នាក់លេខ៧ប៉ុណ្ណោះ។
អ្នកជំនាញបន្ថែមទៀតថា កម្ពុជានឹងកាន់តែកើនឡើងចំណាត់ថ្នាក់ល្អប្រសើរថែមទៀតសម្រាប់ស៊ីហ្គេមបន្ទាប់ៗដូចជាឆ្នាំ២០២៥ និង២០២៧ជាដើម ពីព្រោះកីឡាដែលមានសក្ដានុពល និងអាទិភាពនឹងទទួលបានលទ្ធផលល្អនៅឆ្នាំ២០២៣ ហើយកីឡាដែលមិនសូវមានសក្ដានុពលនឹងមានសក្ដានុពលសម្រាប់ស៊ីហ្គេមក្រោយៗទៀត ដោយសារថ្នាលយុវជនរបស់កីឡាទាំងនោះនឹងកើនគុណភាពខ្លាំង។
លោកព្រឹទ្ធាចារ្យរំលឹកពីអតីតកាលថា មុនសង្គ្រាមពោលគឺចន្លោះឆ្នាំ១៩៦០ទៅ១៩៧០ កីឡាកម្ពុជាខ្លាំងនៅតំបន់អាស៊ាន និងអាស៊ី ប៉ុន្តែស្ទើរបាត់សូន្យនៅពេលសង្គ្រាមកើតឡើង។ ក្រោយសង្គ្រាមបានបញ្ចប់កម្ពុជាបានចាប់ផ្តើមសារថ្មីដែលដើរក្រោយគេនៅអាស៊ានប្រហែល២០ឆ្នាំ ដូច្នេះត្រូវតែងើបឈានឡើងឲ្យដល់កំពូលវិញ បន្ទាប់ពីរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣៕