• 2019-02-20 03:18:21
  • ប្រដាល់

គុណ​តម្លៃ​«Kun Khmer World Champion»​រំលេចលើសង្វៀនធំ​ ONE​

  • 2019-02-20 03:18:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​« Kun Khmer World Champion»​ ត្រូវ​បាន​អ្នក​ទស្សនា​ទូទាំង​ពិភព​លោក​បាន​ចាប់​អារម្មណ៍​តាម​រយៈ​សង្វៀន​​​ធំ​ ONE Championship នៅ​ពេល​កីឡា​ការិនី​កម្ពុជា​ នៅ ស្រីពៅ​ បាន​បង្ហាញ​ភាព​អស្ចារ្យ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ។

នៅ ស្រីពៅ (ខោស)​ពេល​វ៉ៃ​នៅ​សង្វៀន ONE

អ្នក​ស្នេហា​ប្រដាល់​គុន​ខ្មែរ​​ប្រហែល​ជា​ចាប់​អារម្មណ៍​នឹង​​ការ​អត្ថាធិប្បាយ​របស់​ពិធីករ ប្រចាំ​សង្វៀន​ ONE បាន​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​អំពី​ពាក្យ​« Kun Khmer World Champion»​​ដែល​មាន​ន័យ​ថា​ «ជើង​ឯក​គុន​ខ្មែរ​ពិភព​លោក​»របស់​កីឡា​ការិនី​ នៅ​ ស្រីពៅ​ ដែល​ផ្សាយ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក។ ការ​លើក​ឡើង​បែប​នេះ​ជា​​សារ​បញ្ជាក់​ឲ្យ​ពិភព​លោក​ដឹង​ច្បាស់​ថា​ ក្បាច់​គុន​ប្រដាល់​ខ្មែរ​ក៏​មាន​តម្លៃ​ និង​ស្មើ​មុខ​មាត់​ទៅ​​នឹង​ក្បាច់​គុន​របស់​ប្រទេស​ផ្សេង​ៗ​ទៀត។

កន្លង​មក​ពិធីករ​សង្វៀន​​ដ៏​ធំ​ប្រចាំ​អាស៊ី​មួយ​​នេះ​តែង​តែ​លើក​ឡើង​អំពី​ពាក្យ​ថា​ «គុនខ្មែរ​ ឬ​ Kun Khmer»​នៅ​ពេល​ដែល​កីឡាករ​ កីឡា​ការិនី​កម្ពុជា​ប្រកួត​នៅ​សង្វៀន​មួយ​នេះ។ ប៉ុន្តែ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នៅ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​គឺ​ជា​លើក​​ទី​១​ដែល​ម្ចាស់​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក​​គឺ​ នៅ ស្រីពៅ បាន​បង្ហាញ​ខ្លួន​ ហើយ​ទទួល​បាន​ជ័យជម្នះ​លើ​កីឡា​ការិនី​ម្ចាស់​ផ្ទះ​ថៃ។

តាម​ពិត​ទៅ​​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​បាន​រៀប​ចំ​ការ​ប្រកួត​អន្តរជាតិ​២​​លើក​ហើយ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​មាន​កីឡាករ​ និង​កីឡា​ការិនី​មួយ​ចំនួន​បាន​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក។

ទូរទស្សន៍​ដែល​ផ្សាយបន្ត​ផ្ទាល់

នៅ​ ស្រីពៅ មិន​ត្រឹម​តែ​ត្រូវ​បាន​​ហៅ​ថា​ជា​ Kun Khmer World Champion ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​កីឡា​ការិនី​កម្ពុជា​រូប​នេះ​​​ក៏​ពិធីករ​ហៅ​ថា​ជា​«កីឡា​ការិនី​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៨»​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ក្នុង​ព្រឹត្តិការណ៍​ World Lethwei Championship។

ដូច​គ្នា​នេះ​ដែរ​ ប្រទេស​ថៃ​បាន​រៀប​ចំ​ការ​ប្រកួត​ជើង​ឯក​ Muay Thai World Champion ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​មាន​កីឡាករ​​ កីឡា​ការិនី​របស់​ខ្លួន​ និង​កីឡាករ​បរទេស​ជា​​ឈ្នះ​ជើង​ឯក​នេះ​ជា​ច្រើន។ នៅ​ពេល​ដែល​ម្ចាស់​ជើង​ឯក​​​ទាំង​នោះ​​ឡើង​ប្រកួត​លើ​ឆាក​អន្តរជាតិ ទាំង​ពិធីករ​ និង​អ្នក​សរសេរ​ច្បាស់​​ណាស់​នឹង​ប្រើ​ពាក្យ​ World Lethwei Championship នេះ​។

ជា​រួម​ប្រសិន​បើ​ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​រៀប​ចំ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ Kun Khmer World Champion កាន់​តែ​ច្រើន​ ហើយ​ទាំង​អ្នក​ប្រដាល់​ខ្មែរ​ និង​បរទេស​បាន​ឈ្នះ​ខ្សែក្រវាត់​​នេះ​កាន់​តែ​ច្រើន​ ពួក​គេ​នឹង​កាន់​តែ​មាន​តម្លៃ​ប្រើ​ប្រាស់​​ពាក្យ​ Kun Khmer World Champion លើ​ឆាក​អន្តរជាតិ​ ហើយ​ពិភព​លោក​កាន់​តែ​ស្គាល់​«គុន​ខ្មែរ»៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់