• 2019-02-14 07:20:37
  • ប្រដាល់

មុន​ក្លាយ​ជា​កំពូល​អ្នក​ប្រដាល់​ថៃ​ Superlek វ៉ៃ​ដំបូង​បានលុយតែ៥ដុល្លារ​

  • 2019-02-14 07:20:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈ្មោះ​ Superlek Kiatmoo9 ក្លឹប​៖  Kiatmoo9 Gym, Yokkao Fight Team ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៥ កន្លែង​កំណើត៖ ខេត្ត​ Buriram ប្រទេស​ថៃ​ កម្ពស់​ ១,៧២​ម៉ែត្រ​ និង​ទម្ងន់​​៦០​គីឡូក្រាម ប្រកួត៖ ៣២៧​ដង​ ឈ្នះ​២៣២​ដង​ ស្មើ​៣​ដង​ និង​ចាញ់​៩៣​ដង​

​Superlek Kiatmoo9 បាន​ធំ​ពេញ​វ័យ​ជា​មួយ​យាយតា​របស់​ខ្លួន​ដោយ​សារ​ឪពុក​ម្តាយ​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​ទៅ​ធ្វើ​ការ​នៅ​ទី​ក្រុង​បាងកក។ ឪពុក​របស់​គេ​ធ្វើ​ការ​ជា​កម្មករ​ ខណៈ​ម្តាយ​ជា​​អ្នក​ធ្វើ​ការ​តាម​ផ្ទះ។

​អាយុ​៨​ឆ្នាំ​នេះ​ ជីតា​របស់​គេ​បាន​យក​ទៅ​ហាត់​ប្រដាល់​នៅ​ក្លឹប​ Kiatmoo9 ​ចម្ងាយ​ប្រមាណ​​៣០០​ម៉ែត្រ​ពី​ផ្ទះ។ ពេល​នោះ​រូប​គេ​ចាប់​ចិត្ត​ស្រលាញ់​ប្រដាល់​ និង​​ទទួល​ឥទ្ធិពល​ពី​ឪពុក​មា​ដែល​ជា​កីឡាករ​ប្រដាល់​ជើង​ខ្លាំង​សម័យ​នោះ។

កីឡាករ ​Superlek Kiatmoo9

ហ្វឹកហាត់​បាន​មួយ​រយៈ​ពេល​ក៏​បាន​វ៉ៃ​ក្នុង​ពិធី​តាម​វត្ត។ Superlek ប្រាប់​ ONE ​ថា ៖«ខ្ញុំ​ពិត​ជា​សប្បាយ​ណាស់​ពេល​បាន​វ៉ៃ​លើក​ដំបូង។ ពេល​នោះ​មនុស្ស​ច្រើន​ឈរ​មើល។ ខ្ញុំ​ចាំ​បាន​ថា ខ្ញុំ​បាន​លុយ​១៥០​បាត​ (ប្រហែល​៥​ដុល្លារ)​ពី​ការ​ប្រកួត​ដំបូង។ ខ្ញុំ​ទិញ​អី​ញុំា​ខ្លះ​ ហើយ​ឲ្យ​តា​ខ្ញុំ​ខ្លះ»។

ឆ្នាំ​២០១១​ រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​លើក​ដំបូង​​​ក្នុង​​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម​​នៅ​ពេល​​អាយុ​១៥​ឆ្នាំ​ប៉ុណ្ណោះ។ បន្ទាប់​មក​រូប​គេ​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ទៀត​ទម្ងន់​​៥០​គីឡូក្រាម។

​ឆ្នាំ​២០១២​ Superlek បាន​ចាប់​ផ្តើម​ធ្វើ​ឲ្យ​កក្រើក​ក្នុង​ពិភព​​ប្រដាល់​ថៃ​នៅ​ពេល​រូប​គេ​ឡើង​សង្វៀន​ Lumpinee Stadium ហើយ​ឈ្នះ​ខ្សែ​ក្រវាត់​ទម្ងន់​​៥២​គីឡូក្រាម​តាម​រយៈ​ការ​ផ្តួល​ជើង​ខ្លាំង​ Sor Bounliyam។ ក្រោយ​មក​រូប​គេ​បាន​ប្រកួត​ការពារ​ខ្សែ​ក្រវាត់​ជោគជ័យ​ជា​មួយ​នឹង​ជើង​ខ្លាំង​Sangmanee Sor Tienpo។ ពេល​នោះ​ហើយ​ជា​ឆ្នាំ​ជោគជ័យ​បំផុត​របស់​ខ្លួន​ដែល​ត្រូវ​បាន​អាជ្ញាធរ​កីឡា​គុន​ថៃ​​ផ្តល់​ពាន​រង្វាន់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១២។

ឆ្នាំ​២០១៣​ Superlek បន្ត​អាជីព​ដោយ​បង្កើន​ទម្ងន់​​មួយ​កម្រិត​ទៀត​ ហើយ​ក៏​ឈ្នះ​ខ្សែ​ក្រវាត់​ទម្ងន់​​៥៤​គីឡូក្រាម​​នៅ​ Lumpinee Stadium​ជា​លើក​ទី​២។ ដាច់​ឆ្នាំ​នោះ​ រូប​គេ​បាន​បន្ថែម​ខ្សែ​ក្រវាត់​ជាតិ​ថៃ​មួយ​ទៀត​ក្នុង​ទម្ងន់​​៥៧​គីឡូក្រាម​តាម​រយៈ​ជ័យជម្នះ​លើ​មិត្ត​រួម​ជាតិ​ Thanonchai Tor Sangtiennoi​ ដែល​ធ្វើ​ឲ្យ​រូប​គេ​ឈរ​លំដាប់​លេខ​១​នៅ​ប្រទេស​ថៃ។

ចន្លោះ​ឆ្នាំ​២០១៤​ និង​២០១៥​ ជើង​ខ្លាំង​វ័យ​ក្មេង​មាឌ​ល្អិត​រូប​នេះ​មិន​ទទួល​បាន​ខ្សែ​ក្រវាត់​ណា​មួយ​ឡើយ។ យ៉ាង​ណា​ រូប​គេ​​នៅ​តែ​រក្សា​តំណែង​លេខ​១​នៅ​ស្រុក​ថៃ​ដដែល​​ដោយ​សារ​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​រហូត។ ឆ្នាំ​២០១៦​ទើប​រូប​គេ​បង្កើត​កំណត់​ត្រា​ដ៏​អស្ចារ្យ​មួយ​ទៀត​ដោយ​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​ WBC World Champion ទម្ងន់​​៦០​គីឡូក្រាម។

ក្បាច់​ពិសេស​របស់​ Superlek ដែល​ដៃ​គូ​ពិបាក​ទប់​បំផុត​គឺ​ជើង​ស្តា​​ទាត់​ពោរពេញ​ដោយ​​ទម្ងន់​ និង​ចេញ​​ច្រើន​បំផុត។ ក្រៅ​ពី​ការ​ទាត់​ដែល​ជា​អាវុធ​ដ៏​គ្រោះ​ថ្នាក់​ រូប​គេ​ក៏​អាច​​ចេញ​កែង​បុក​បាន​លឿន​​ផង​​ដែរ​ ហើយ​នឹង​​ស្នៀត​កាច​ផ្តួល។ ចំណែក​កណ្ដាប់​ដៃ​ និង​​បង្គង​កម្រ​ចេញ​ណាស់៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់