• 2019-02-13 02:21:48
  • ប្រដាល់

ឡៅ ចិត្រា រំលឹក​រឿង​ធ្លាប់​សន្លប់​តាំង​ពី​ភ្នំពេញដល់កំពង់ស្ពឺ​

  • 2019-02-13 02:21:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​​ក្មេង​ ឡៅ ចិត្រា​​បាន​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​តាំង​ពី​​តូច​ដោយ​មិន​មែន​បង​ប្រុស​ទាំង​ពីរ​ជា​អ្នក​បង្ខំ​ឡើយ​ ប៉ុន្តែ​ជា​ការ​​ពេញ​ចិត្ត​ដោយ​ខ្លួន​ឯង​​ចាប់​អាជីព​មួយ​នេះ។

ឡៅ ចិត្រា បាន​រំលឹក​មូលហេតុ​ដំបូង​​ដែល​នាំ​ឲ្យ​រូប​ចាប់​ប្រដាល់​ថា​ បង​ប្រុស​ ឡៅ ស៊ីណាត​ និង​ ឡៅ ចន្ទ្រា​​ជា​ខ្នង​បង្អែក​ដ៏​រឹង​មាំ​មិន​អាច​ខ្វះ​បាន​សម្រាប់​ជីវិត​របស់​គេ។ បង​ប្រុស​ទាំង​ជួយ​គ្រប់​យ៉ាង​ទាំង​ប្រដាល់​ និង​កិច្ច​ការ​ក្រៅ​ពី​ប្រដាល់។ យ៉ាង​ណា​ បង​ប្រុស​ទាំង​ពីរ​មិន​បាន​បង្ខំ​ឲ្យ​ប្អូន​ប្រុស​ពៅ​រូប​នេះ​ចាប់​អាជីព​ប្រដាល់​ឡើយ។

ឡៅ ចិត្រា (ខោខ្មៅ) ពេល​វ៉ៃ​ជា​មួយ​កីឡាករ​បរទេស

ឡៅ ចិត្រា​ និយាយ​ថា ៖«អត់​មាន​នរណា​ដាក់​ខ្ញុំ​ឲ្យ​ចូល​អាជីព​ហ្នឹង​ទេ​ គឺ​ខ្ញុំ​ស្រលាញ់​ខ្លួន​ឯង​តាំង​ពី​ក្មេង​ម្ល៉េះ!​ ខ្ញុំ​ចូល​ចិត្ត​ប្រដាល់​ខ្លាំង​ ពេល​បង​ស៊ីណាត​ ចាប់​ផ្តើម​ឡើង​វ៉ៃ​ ​កាល​ប្រហែល​ជា​១៥​ឆ្នាំ​មុន។ និយាយ​ទៅ នៅ​តូច​​ខ្ញុំ​ចូល​ចិត្ត​វាយ​គ្នា​រហូត​ ​តែ​អត់​ឈ្នះ​គេ​ទេ​ គេ​វាយ​យំ​រហូត។

ប៉ុន្មាន​ប្រកួត​ដំបូង​ កីឡាករ​ខេត្ត​កំពង់ស្ពឺ​រូប​នេះ​ទទួល​បាន​ជ័យជម្នះ​ ប៉ុន្តែ​ប្រហែល​ជា​ប្រកួត​ទី​៧​ដែល​រូប​គេ​ស្គាល់​សន្លប់​ ហើយ​បែក​ទៀត​ផង។ ចិត្រា​រំលឹក​ថា ៖«កាល​ប្រកួត​ទី​៧ ខ្ញុំ​បែក​ប្រហែល​១១​ថ្នេរ។ ពេល​នោះ​ ខ្ញុំ​សន្លប់​តាំង​ពី​នៅ​លើ​សង្វៀន​​ភ្នំពេញ​ដឹក​ដល់​កំពង់ស្ពឺ​ ក៏​អត់​ទាន់​ដឹង​ខ្លួន​​ទៀត។ បង​ស្រី​ និង​ម៉ាក់​ថា​ ឲ្យ​ឈប់​ទៅ​ ប៉ុន្តែ​ខ្ញុំ​ថា​ វាយ​ដល់​កម្រិត​ហ្នឹង​ហើយ​ ឲ្យ​ឈប់​មិច​បាន​»។

ឡៅ ចិត្រា ពេល​ចេញ​ទៅ​វ៉ៃ​នៅ​ស៊ីហ្គេម

ដោយ​សារ​ការ​ស្រលាញ់​ពេញ​ចិត្ត​​ទើប​បង​ប្រុស​ និង​ក្រុម​គ្រួសារ​មិន​រារាំង​ ហើយ​ជួយ​ជ្រោម​ជ្រែង​ពេញ​ទំហឹង​​រហូត​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ដល់​សព្វ​ថ្ងៃ។

នា​ថ្ងៃ​សៅរ៍​ ទី​១៦​ សប្តាហ៍​នេះ ឡៅ ចិត្រា នឹង​​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​​របស់​ម្ចាស់​ផ្ទះ​ Superlek នៅ​សង្វៀន​ធំ​ ONE​ Championship ក្នុង​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ។ នេះ​ជា​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​កីឡាករ​កម្ពុជា​រូប​នេះ​​ដើម្បី​ក្ដាប់​យក​​ទី​ផ្សារ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ ប្រសិន​បើ​រូប​នេះ​ទទួល​បាន​ជ័យជម្នះ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់