• 2019-02-09 13:34:10
  • បាល់ទាត់

ក្រុម​ Thunder​ លេង​របៀប​ម៉េច​ទើប​ទម្លាក់​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​មណ្ឌល​សៀមរាប​មុន​នេះ?​

  • 2019-02-09 13:34:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​បាល់ទាត់​ Thunder​ បង្ហើប​ថា​បាន​រៀបចំ​ផែនការ​ច្បាស់​ណាស់​ ទើប​អាច​យក​ឈ្នះ​ក្រុម​ខ្លាំង​ម្ចាស់​ជើងឯក​រដូវ​កាល​ឆ្នាំ​ ២០១៨​ ប្រចាំ​មណ្ឌល​សៀមរាប ​ឲ្យ​ធ្លាក់​ត្រឹម​វគ្គ​៦៤​ក្រុម​នា​ថ្ងៃ​ប្រកួត​ទី២​ពាន​រង្វាន់​ Tiger Street Football Festival 2019។​

ក្រុម Thunder អាវលឿង

លោក​ តាំ ខ្វេងហ៊ុយ​ ប្រធាន​ក្រុម​បាល់ទាត់​ខាង​លើ​បាន​លើក​ឡើង​ថា​ ពួកគេ​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ​មុន​ការ​ប្រកួត​ Football Festival 2019​ ជា​ពិសេស​ប៉ះ​ជា​មួយ​ម្ចាស់​ជើង​ឯក​ចាស់​ប្រចាំ​មណ្ឌល​សៀមរាប​ Next Step។​ ក្រុម​ទាំង​មូល​បាន​មើល​វីដេអូ​ប្រកួត​របស់​ដៃគូ​ដែល​លេង​ពី​ព្រឹក​ រួច​ពិភាក្សា​គ្នា​ហើយ​រៀបចំ​ចាត់ចែង​កីឡាករ​លេង​ មិន​បិទ​តារា​ឆ្នើម​របស់​ Next Step​ ដូច​ជា​ Mr Chaly​ និង​កូន​ស្វា​មិន​ឲ្យ​លេង​បាន​ស្រួល​ឡើយ។​ ធ្វើ​យ៉ាង​ណា​ក៏​ដោយ​មិន​ឲ្យ​ដៃគូ​បាន​បាល់​ស្រួល​ឡើយ​ ទើប​ជា​លទ្ធផល​អាច​ឈ្នះ​បែប​នេះ។​

ក្រុម Thunder អាវលឿង

ចំណែក​កីឡាករ​ ថន​ បូរ៉ា​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ ដោយ​សារ​តែ​ក្រុម​មាន​ទំនុក​ចិត្ត​ខ្ពស់​ លេង​ចេះ​ស្ដាប់​គ្នា​ បើ​ចុះ​បិទ​គឺ​ចុះ​ទាំង​អស់​គ្នា​ បើ​ឡើង​គឺ​ឡើង​ទាំង​អស់​គ្នា​ និង​ការ​រៀបចំ​ការ​ក្រុម​បាន​ល្អ​ មិន​ខ្លាច​ថា​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ណា​ក៏​ដោយ​គិត​តែ​ផ្ដោត​លេង​ឲ្យ​អស់​ពី​សមត្ថភាព។​ សមាជិក​រូប​នេះ​ក៏​សង្ឃឹម​ថា​ លើក​នេះ​អាច​បំបែក​ឯត្តកម្ម​បាន​ទៅ​ចោះ​ ព្រោះ​រាល់​ឆ្នាំ​មិន​ដែល​ឆ្លង​ផុត​វគ្គ​៣២​ក្រុម​នោះ​ឡើយ​ ហើយ​ស្អែក​នេះ​ដល់​វគ្គ​នេះ​ហើយ។​

ក្រុម Thunder អាវលឿង

បញ្ជាក់​ផង​ដែរ​ ក្រុម​បាល់ទាត់​ Thunder​ បាន​ទម្លាក់​ក្រុម Next Step ​ម្ចាស់​ជើងឯក​ចាស់​មណ្ឌល​សៀមរាប​ នៅ​ក្នុង​វគ្គ​៦៤​ក្រុម​ចុង​ក្រោយ​ នា​ថ្ងៃ​ទី៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ ដែល​ត្រូវ​ជា​ថ្ងៃ​ប្រកួត​ទី២​ផង​ដែរ។​ ក្រុម​ខ្លាំង​នេះ​នឹង​ត្រូវ​បន្ត​ដំណើរ​នៅ​ថ្ងៃ​ស្អែក​ដើម្បី​ប្រជែង​យក​ជើងឯក​ប្រចាំ​មណ្ឌល​នេះ​តែ​ម្ដង។​ សម្រាប់​មណ្ឌល​នេះ​នឹង​ត្រូវ​ជ្រើសរើស​យក​ក្រុម​ខ្លាំង​ចំនួន​១២​ ដើម្បី​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី១៦-១៧​ ខែ​មីនា​ ២០១៩។​

ក្រុម Thunder អាវលឿង

ប្រាក់​រង្វាន់​ប្រចាំ​មណ្ឌល​សៀមរាប៖

  • ១-ទទួល​បាន ១៥០០ ដុល្លារ​អាមេរិក

  • ២-​ទទួល​បាន ១០០០ ដុល្លារ​អាមេរិក

  • ៣-​ទទួល​បាន ៥០០ ដុល្លារ​អាមេរិក

  • ៤-​ទទួល​បាន ២០០ ដុល្លារ​អាមេរិក​

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​ខេត្ត​សៀមរាប​នេះ​ទៅ​គឺ៖

  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦-១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣-១៤-១៥ ខែ​មីនា។

  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦-១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​​​​​​​ ចាប់​ផ្ដើម​ប្រកួត​ចាប់​ពី​ម៉ោង​៧ព្រឹក​ដល់​ ៨យប់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់