• 2019-02-06 09:52:12
  • កីឡា​ផ្សេង​ៗ

ហង់​ ជួនណារ៉ុន​ ក្រើន​រំលឹក​សហព័ន្ធ​មួយ​ចំនួន​ដែល​អសកម្ម​ ទទួល​តែ​លុយ​ឧបត្ថម្ភ​ពី​ក្រសួង

  • 2019-02-06 09:52:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក្រើន​រំលឹក​ដល់​សហព័ន្ធ​មួយ​ចំនួន​ដែល​មិន​សូវ​មាន​សកម្មភាព​ ធ្វើ​ឲ្យ​តែ​បាន​ ហើយ​យក​តែ​ថវិកា​ឧបត្ថម្ភ​ប៉ុណ្ណោះ​ ត្រូវ​គិត​រៀបចំ​ផែនការ​ និង​ពង្រឹង​សកម្មភាព​ការងារ​ឡើង​វិញ​ ដើម្បី​ឈាន​ទៅរក​ភាពជោគជ័យ​ ឬ​ឈ្នះមេដាយ​នានា។​

ទិដ្ឋភាពថ្ងៃបិទកម្មវិធី

​ឯកឧត្ដម​ ហង់​ ជួនណារ៉ុន​ លើក​ឡើង​ក្នុង​ថ្ងៃ​បិទ​កម្មវិធី​បូកសរុប​ការងារ​អនុ​វិស័យ​អប់រំកាយ​ និង​កីឡា​ថា​ សម្រាប់​សហព័ន្ធ​កីឡា​មួយ​ចំនួន​ គឺ​មិន​ទាន់​បាន​អនុវត្ត​ផែនការ​ និង​មាន​របាយការណ៍​មិន​ទាន់​សមស្រប​នៅ​ឡើយ​ទេ​ ពោល​ធ្វើ​ឲ្យ​តែ​បាន​ប៉ុណ្ណោះ។​ សហព័ន្ធ​មិន​មាន​សកម្មភាព​ ដូច​ជា​ការ​បណ្ដុះបណ្ដាល​ល្អ​ត្រឹមត្រូវ​ មិន​មាន​ការ​ចេញ​ទៅ​ហ្វឹកហាត់​ ឬ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។​

ទិដ្ឋភាពថ្ងៃបិទកម្មវិធី

បន្ថែម​ពីរ​នេះ​ទៀត​នោះ​ ឯកឧត្ដម​ បញ្ជាក់​ថា​មក​ដល់​ពេល​នេះ​សហព័ន្ធ​ទាំង​នោះ​មិន​មាន​ការ​ពង្រីក​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ​ទេ​ មាន​ត្រឹម​២-៣​ក្លឹប​ ឬ​មាន​តែ​នៅ​ភ្នំពេញ​នោះ​ទេ​ ដូច្នេះ​ហើយ​ការ​ស្វែង​រក​ធនធាន​កីឡាករ​ថ្មី​ ដែល​មាន​សមត្ថភាព​ក៏​មាន​កម្រិត​ទៅ​តាម​នោះ​ដែរ។​ សហព័ន្ធ​ដែល​ឈ្នះ​មេដាយ​បាន​ច្រើន​ គឺ​ជា​សហព័ន្ធ​ដែល​មាន​សកម្មភាព​ ឬ​មាន​ការ​ដឹកនាំ​ អនុវត្តន៍​ផែនការ​បាន​ល្អ។​

ទិដ្ឋភាពថ្ងៃបិទកម្មវិធី

ចំពោះ​សហព័ន្ធ​ដែល​នឹង​ត្រូវ​ចូលរួម​ក៏​កីឡា​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ក៏​ត្រូវ​ពង្រឹង​ខ្លួន​ឲ្យ​បាន​ល្អ​ដែរ​ទាំង​ផែនការ​ និង​ការ​អនុវត្ត​ត្រូវ​ឲ្យ​ច្បាស់លាស់។​ សហព័ន្ធ​ផ្ទាល់​ត្រូវ​ក្ដាប់​ឲ្យ​បាន​ពី​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​របស់​ខ្លួន​ និង​ព្យាយាម​ស្វែង​យល់​ពី​ប្រទេស​ប្រកួត​ប្រជែង​ទាំង​៩​ផ្សេង​ៗ​ទៀត​ដែរ​ ងាយ​ស្រួល​ការ​រៀបចំ​ចាត់ចែង​ធនធាន​របស់​ខ្លួន​ក្នុង​ដណ្ដើម​មេដាយ​ឲ្យ​បាន​នៅ​ពេល​ខាង​មុខ។​

រំលឹក​ដែរ​ថា​ កម្មវិធី​ប្រជុំ​បួកសរុប​ការងារ​អប់រំ​កាយ​ និង​កីឡា​ នេះ​ធ្វើ​ឡើង​រយៈពេល​ ១​ថ្ងៃ​កន្លះ​ គឺ​ចាប់​ពី​ថ្ងៃ​ទី៤-៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២។​ ចំពោះ​ការ​អ្នក​ចូលរួម​វិញ​មាន​ខាង​មន្ទីរអប់រំ​នានា​ រួម​ទាំង​តំណាង​សហព័ន្ធ​កីឡា​ផ្សេងៗ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់