• 2019-01-18 08:09:30
  • វិភាគ

ឈ្នះ Sevilla បាន​ Real អាច​សង​គំនុំ​ចាស់​ និង​ឡើង​ចំណាត់​ថ្នាក់​

  • 2019-01-18 08:09:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប​រវាង​ Sevilla និង​​ Real Madrid កាល​ពី​ដើម​ខែ​កញ្ញា​គឺ​ជា​កូន​សោ​យ៉ាង​សំខាន់​សម្រាប់​ស្ទាបស្ទង់​គ្នា​មុន​ការ​ប្រកួត​ជើង​ទី​ពីរ​របស់​ពួកគេ​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ ប៉ុន្តែ​រវាង​ក្រុម​ទាំង​ពីរ​​មាន​ការ​ប្រែប្រួល​​ច្រើន​មិន​មែន​ដូច​ពី​មុន​​នោះ​ទេ។​​

កាល​ពី​ជើង​ទី​មួយ​ Sevilla បាន​បំបាក់​មិន​ឲ្យ​ Real ត​ដៃ​រួច​ក្នុង​លទ្ធផល​ ៣​ទល់​នឹង​០ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Pablo Machin និង​ចំពោះ​មុខ​អ្នក​គាំទ្រ​ម្ចាស់​ផ្ទះ​ជា​ច្រើន​ម៉ឺន​នាក់​នៅ​កីឡដ្ឋាន Sánchez-Pizjuán។ ជ័យ​ជម្នះ​កាល​ណោះ​ក៏​ជា​សម្ពាធ​មួយ​ដែរ​សម្រាប់​លោក​ Julen Lopetegui រហូត​ត្រូវ​បាន​ Real បណ្ដេញ​ចេញ​នៅ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក។​

យ៉ាង​ណា​ការ​ប្រកួត​ស្អែក​នេះ​ គិត​ត្រឹម​ពាក់​កណ្ដាល​រដូវ​កាល​កន្លង​មក​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​មាន​រាសី​ ​ឡើង​ចុះ​ដូចគ្នា​ មិន​តែ​ប៉ុណ្ណោះ​ ​កាន់​៣៣​ពិន្ទុ​ស្មើ​គ្នា​ថែម​ទៀត​ ​គ្រាន់​តែ​ Sevilla មាន​តែម​ជាង​បន្តិច​ត្រង់​រូបមន្ត​ Head to head ទើប​បាន​ឈរ​លើ​ Real។

Real ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​ថ្មី​ Santiago Solari ទើប​​យក​ឈ្នះ​ Real Betis ដែល​ជា​គូ​ប្រជែង​មក​ពី ទីក្រុង​តែ​មួយ​​ជាមួយ​ Sevilla ដោយ​លទ្ធផល​ ២-១​ នៅ​សប្ដាហ៍​មុន​។​ កាល​ពី​ជើង​មុន​ Real បាន​អវត្តមាន​កីឡាករ​ជា​កូន​សោ​សំខាន់​ដូចជា Dani Carvajal និង​ Isco តែ​ប្រកួត​ស្អែក​នេះ​ពួកគេ​មាន​វាសនា​កាន់​តែ​អាក្រក់​ថែម​ទៀត​ដោយ​អវត្តមាន​​ Karim Benzema, Gareth Bale និង​ Marco Asensio។​

ស្ថាន​ភាព​របស់​ Sevilla វិញ​ក៏​មិន​ល្អ​ពេក​ដែរ​ត្បិត​ក្រុម​នេះ​ឈរ​កំពូល​តារាង​បាន​មួយ​រយៈ​ខ្លី​កាល​ពី​ដើម​រដូវ​កាល​ក៏​ដោយ។​ ដៃ​គូ​ប្រយុទ្ធ​ជួរ​មុខ​ទាំង​ពីរ​មាន​ André Silva និង​ Wissam Ben Yedder កំពុង​ជួប​គ្រោះ​រាំង​ស្ងួត​ក្នុង​ការ​រក​គ្រាប់​បាល់​ ជាក់​ស្ដែង​ Sevilla រក​បាន​ត្រឹម​២​ពិន្ទុ​ប៉ុណ្ណោះ​ពី​ ៣​ប្រកួត​ចុង​ក្រោយ​រហូត​ធ្វើ​ឲ្យ​ក្រុម​ដាច់​ឆ្ងាយ​ពី​ក្រុម​ Barcelona និង​ Atletico Madrid ក្នុង​ការ​ប្រជែង​ពាន​រង្វាន់៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់