• 2019-01-16 02:26:35
  • ប្រដាល់

គង់​ សំបូរ​ ចង់​ប្រាប់​ពិភព​លោក​ពី​សង្វៀន​ ONE​ ថា​ ​ក្បាច់គុនខ្មែរនៅតែខ្លាំង​

  • 2019-01-16 02:26:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​របស់​ក្លឹប​អាណាចក្រ​ប្រយុទ្ធ​ គង់​ សំបូរ​ ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ឡើង​សង្វៀន​ ONE ​ប៉ះ​ជើង​ខ្លាំង​ចិន​ Zhang Chenglong​​នៅ​ប្រទេស​សិង្ហបុរី ​ថ្ងៃ​សុក្រ​ ទី​២២​ ខែ​កុម្ភៈ​ ព្រឹត្តិការណ៍​ ONE: CALL TO GREATNESS។

គង់ សំបូរ (រូបថត៖ Matias Andres)

ថ្វី​បើ​ គង់​ សំបូរ​ ដឹង​ថា​ ការ​ប្រកួត​មួយ​នេះ​មិន​ងាយ​ស្រួល​ដូច​ការ​ប្រកួត​នៅ​ក្នុង​ស្រុក​មែន​ ប៉ុន្តែ​សម្រាប់​​រូប​គេ​នឹង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​យក​ជ័យជម្នះ​ពី​សិង្ហបុរី​​ឲ្យ​កម្ពុជា​ឲ្យ​បាន។ កីឡាករ​រូប​នេះ​ថា​៖ «​ការ​ប្រកួត​មួយ​នេះ​វា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ។ ខ្ញុំ​នឹង​ហាត់​ឲ្យ​ខ្លាំង​ហើយ​វាយ​ឲ្យ​ល្អ​ ពី​ព្រោះ​ឥឡូវ​ខ្ញុំ​វាយ​តំណាង​ឲ្យ​ខ្មែរ​នៅ​បរទេស​ ទោះ​ចាញ់​ក៏​ដោយ​ ឈ្នះ​ក៏​ដោយ​ ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ ដោយ​សារ​ខ្ញុំ​នឹង​ប្រើ​ឲ្យ​ពី​កម្លាំង​កាយ​ចិត្ត»។

គង់​ សំបូរ​ រស់​នៅ​និង​ហ្វឹក​ហាត់​នៅ​ខេត្ត​សៀមរាប​ កំពុង​សម្រុក​ហាត់​រឹត​តែ​ខ្លាំង​ដើម្បី​ត្រៀម​បាន​ត្រឹម​ត្រូវ​មុន​ចូល​សង្វៀន​ប្រដាល់​ធំ​ជាង​គេ​នេះ។ អ្នក​លេង​រន្ទះ​ជើង​បង្ហើប ៖ «​ខ្ញុំ​ហាត់​ខ្លាំង​សម្រាប់​ប្រកួត​នេះ​ ខ្ញុំ​អត់​បាន​ទៅ​ណា​ទេ​ពេល​ឆ្លង​ឆ្នាំ​ហ្នឹង​។ បន្ទាប់​ពី​ហាត់​នៅ​ក្លឹប​ហើយ​ ខ្ញុំ​ទៅ​ទាត់បាល់។ ទាត់​ផ្ទប់​ជញ្ជាំង​ចុះ​ឡើង​ៗ លេង​បាល់​វា​ជួយ​ចលនា​ច្រើន​ ហើយ​ឲ្យ​សរសៃ​ដៃ​ជើង​បត់​បែន​ល្អ​ជាង​មុន»។

​ដៃ​គូ​របស់​កីឡាករ​កម្ពុជា​គឺ​ Zhang ​ជា​​ជើង​ខ្លាំង​ចិន​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ និង​បទ​ពិសោធ​ច្រើន​សរុប​ប្រហែល​ជាង​៥០​ប្រកួត​ ព្រម​ទាំង​ធ្លាប់​ប្រកួត​នៅ​សង្វៀន​​លំដាប់​អន្តរជាតិ​ Glory​ច្រើន​ដង​​ថែម​ទៀត។

អ្នក​ប្រដាល់​តំណាង​ក្លឹប​អាណាចក្រ​ប្រយុទ្ធ​រូប​នេះ​ជឿ​ថា​ ឱកាស​ដែល​បាន​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​ដូច​ជា​ Zhang​ នេះ​ជា​កត្តា​ជម្រុញ​​រូប​គេ​ឲ្យ​កាន់​តែ​ល្អ​ជាង​មុន។​ច្បាស់​ណាស់​រូប​គេ​ពិត​ជា​ទន្ទឹង​រង់​ចាំ​ការ​ប្រកួត​នេះ​ណាស់។

សំបូរ​និយាយ​ថា ៖«Zhang​ ខ្លាំង​ ប៉ុន្តែ​ប៉ះ​ជា​មួយ​អ្នក​ខ្លាំង​ បាន​ធ្វើឲ្យ​យើង​ល្អ​ ប៉ះ​អ្នក​ខ្សោយ​ៗ​ វា​អត់​សូវ​ល្អ​ទេ​ យើង​មិន​សូវ​សប្បាយ​ខ្លាំង។ ខ្ញុំ​ដឹង​​ថា​ គាត់​ល្អ​តែ​ប្រើ​ដៃ​ តែ​ជើង​គាត់​អត់​សូវ​ល្អ​ទេ។ អញ្ចឹង​ឥឡូវ​កំពុង​ហាត់​ការពារ​ច្រើន»។

កីឡាករ Zhang ពេល​ឈ្នះ​នៅ Glory (រូបថត៖ glorykickboxing)

«​ខ្ញុំ​មាន​មោទនភាព​ខ្លាំង​មែន​ទែន​ដែល​​បាន​ឱកាស​បញ្ចេញ​សមត្ថភាព​នៅ​ ONE Championship​ ចង់​បង្ហាញ​គេ​គ្រប់​គ្នា​​ទូទាំង​​ពិភព​​លោក​ដឹង​ថា​ ក្បាច់​គុន​ខ្មែរ​នៅ​តែ​ខ្លាំង​ -​ មិន​បាន​ចុះ​ខ្សោយ​ឡើយ។ខ្ញុំ​ចង់​ប្រាប់​ទៅ​បង​ប្អូន​ខ្មែរ​គ្រប់​រូប​ដែល​រង់​ចាំ​មើល​ការ​ប្រកួត​របស់​ខ្ញុំ​នៅ​ ONE​ ថា​ខ្ញុំ​នឹង​ប្រកួត​ឲ្យ​អស់​ពី​លទ្ធភាព​ និង​មិន​ធ្វើ​ឲ្យ​បង​ប្អូន​បាក់​ទឹក​ចិត្ត​លើ​រូប​ខ្ញុំ​ឡើយ»។

សូម​បញ្ជាក់​ថា នៅ​សង្វៀន ONE: CALL TO GREATNESS ថ្ងៃ​ជា​មួយ​គ្នា​នេះ​ក៏​​មាន​អ្នក​លេង​គុន​ចម្រុះ​​កម្ពុជា​ ខុន ស៊ីចាន់ ​ប៉ះ​កីឡាករ​ឥណ្ឌូណេស៊ី៕

អត្ថបទ៖ Matias Andres

មតិយោបល់