• 2019-01-13 07:53:23
  • កីឡា​ផ្សេង​ៗ

ឯកឧត្តម​ប្រធាន​សហព័ន្ធ​អញ្ជើញ​បើកកម្មវិធីប្រកួត MATIC 2019

  • 2019-01-13 07:53:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​​អន្តរជាតិ​ MATIC 2019 ត្រូវ​បាន​បើក​ការ​ប្រកួត​ផ្លូវ​ការ​​ហើយ​កាល​ពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​អាទិត្យ​ ទី​១៣​ ខែ​មករា នៅ​ផ្សារ​ទំនើប​អ៊ីអន​សែន​សុខ​ ​​ក្រោម​អធិបតី​ភាព​ឯកឧត្តម​ ជា​ ច័ន្ទបរិបូណ៍​ រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន​ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា។

ឯកឧត្តម ជា ច័ន្ទបរិបូណ៌

ក្នុង​ពិធី​បើក​ការ​ប្រកួត​នេះ​ ឯកឧត្តម​ ជា​ ច័ន្ទបរិបូណ៍​ បាន​លើក​ឡើង​ថា​ នេះ​ជា​មោទនភាព​​ដែល​កម្ពុជា​បាន​ទទួល​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​ជា​លើក​ទី​២​ បន្ទាប់​ពី​លើក​ទី​១​ធ្វើ​ម្តង​ហើយ​កាល​ពី​ឆ្នាំ​២០១៤។ អ្វី​ដែល​ជា​សារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ឯកឧត្តម​បញ្ជាក់​ថា សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​កំពុង​រៀប​ចំ​ផែន​ការ​ដើម្បី​ត្រៀម​ខ្លួន​បញ្ជូន​កីឡាករ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​ ឆ្នាំ​២០១៩​នេះ​នៅ​ប្រទេស​ហ្វីលីពីន។ សូម​យុវ​កីឡាករ​ត្រៀម​ខ្លួន​ទាំង​អស់​គ្នា​ដើម្បី​​​ចូល​រួម​ប្រកួត​កីឡា​​ស៊ីហ្គេម​ទាំង​អស់​គ្នា។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ឯក​ឧត្តម​​ក៏​បាន​អរគុណ​ដល់​ក្រុម​ Sabay ដែល​បាន​រៀប​ចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​ជាតិ​ឆ្នាំ​២០១៨​ដែល​បញ្ចប់​ទៅ​កាល​ពី​ម្សិល​មិញ​ និង​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2019 នេះ​ដ៏​អស្ចារ្យ។

ព្រឹត្តិការណ៍​ MATIC 2019 មាន​៤​ប្រទេស​ចូល​រួម​ប្រកួត​​គឺ​ម្ចាស់​ផ្ទះ​កម្ពុជា​ក្រុម​ Klach Ey ដែល​ទើប​ឈ្នះ​ជើង​ឯក​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​សៅរ៍​ ម្សិល​មិញ។ ប្រទេស​ចិន​បាន​បញ្ជូន​ក្រុម Ali Huaye ប្រទេស​ថៃ​បញ្ជូន​ក្រុម​ Safty First​ និង​ប្រទេស​ម៉ាឡេស៊ី​បញ្ជូន​ក្រុម​ Suicide។

រូប​មន្ត​នៃ​ការ​ប្រកួត​ត្រូវ​ធ្វើ​ឡើង​វគ្គ​សន្សំ​ពិន្ទុ​​សម្រាប់​ជុំ​ដំបូង​គឺ​ក្រុម​ទាំង​៤​ត្រូវ​ប៉ះ​គ្នា​ទាំង​អស់។ ក្រុម​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​២​គឺ​លេខ​១​ និង​លេខ​២​​ត្រូវ​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​តែ​ម្តង​ដើម្បី​ស្វែង​រក​ក្រុម​ជើង​ឯក​ពាន​អន្តរជាតិ​នេះ។

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ និង​ Sabay ​ជា​អ្នក​រៀប​ចំ​ការ​ប្រកួត​នេះ​ដែល​​ទទួល​បាន​ការ​អនុញ្ញាត​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ ​ដោយ​​មាន​ការ​ចូល​រួម​ឧបត្ថម្ភ​​​ពី​​ក្រុម​ហ៊ុន​ទូរសព្ទ​ Huawei​ ទូរទស្សន៍​ MYTV​ ផ្សារ​ទំនើប​ AEON Mall និង​ក្លឹប​កីឡា​អេឡិចត្រូនិក​ MCT E-Sport Cambodia។

សូម​ទស្សនា​ការ​ប្រកួត​ដែល​ផ្សាយ​ផ្ទាល់​តាម​រយៈ​ AK2 Sabay Official Page

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់