• 2019-01-10 07:54:37
  • បាល់ទាត់

ក្រុម​កីឡាករ​ Messi កំពង់សោម​ឡើង​ជុំ​ផ្តាច់​ព្រ័ត្រនៅភ្នំពេញ​ចង់ជួប Ronaldinho ខ្លាំង​​

  • 2019-01-10 07:54:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះសីហនុ​ A ដែល​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ​១​នៃ​កំពូល​ព្រឹត្តិការណ៍​បាល់ទាត់​​​ Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​ខេត្ត​ព្រះសីហនុ​​ពិត​ជា​រំភើប​ចង់​​ជួប​​អតីត​កំពូល​តារាង​បាល់​អន្តរជាតិ​​របស់​ប្រេស៊ីល​​ Ronaldinho យ៉ាង​ខ្លាំង​​នៅ​ពេល​ដឹង​ថា តារា​ឆ្នើម​របស់​ប្រេស៊ីល​នឹង​មក​ប្រទេស​កម្ពុជា។

ក្រុម​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះសីហនុ​ A​ ដែល​មាន​កីឡាករ​ ភូ គឹមសែ​ ដែល​ល្បី​ឈ្មោះ​ថា Messi កំពង់សោម​ ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​​ប្រចាំ​មណ្ឌល​ខេត្ត​ព្រះសីហនុ​​នៃ​ព្រឹត្តិការណ៍ Tiger Street Football Festival 2019 កាល​ពី​ថ្ងៃ​ទី​៦​ ខែ​មករា​ កន្លង​ទៅ​​ ក្រោយ​ពេល​លេង​បាន​ល្អ​​តាំង​ពី​ការ​ប្រកួត​ដំបូង​រហូត​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ។

ក្រុម​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះសីហនុ​ A ទទួលបាន​លេខ​១

ក្រោយ​ពេល​ចប់​ការ​ប្រកួត​ Messi កំពង់សោម​បាន​និយាយ​ថា ក្រុម​របស់​ពួក​គេ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់​ក្នុង​ការ​ប្រកួត​ប្រចាំ​នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ​ឆ្នាំ​នេះ។ ក្រុម​របស់​ខ្លួន​​ទទួល​បាន​កៅអី​ឡើង​មក​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​រាជ​ធានី​ភ្នំពេញ​នា​ខែ​មីនា​ខាង​មុខ។ គ្រាន់​តែ​ឮ​ពិធីករ​ប្រកាស​ថា អតីត​កំពូល​តារា​បាល់ទាត់​អន្តរជាតិ​ Ronaldinho នឹង​​មក​ប្រទេស​កម្ពុជា​តាម​រយៈ​ក្រុម​ហ៊ុន​ស្រាបៀរ​ Tiger ពួក​គេ​ពិត​ជា​រំភើប​រីក​រាយ​យ៉ាង​ខ្លាំង​ ហើយ​ពិត​ជា​ចង់​ជួប​ផ្ទាល់​មែន​ទែន។

ក្រុម​ហ៊ុន​ស្រាបៀ​ Tiger នឹង​នាំ​​ Ronaldinhoអតីត​ខ្សែ​ប្រយុទ្ធ​របស់ Barcelona នឹង​មក​ដល់​ខ្មែរ​នៅ​ដើម​ខែ​មីនា ឆ្នាំ​២០១៩ ​ក្នុង​នាម​ជា​ទូត​សុច្ឆន្ទៈ​របស់​​កម្មវិធី Tiger Street Football Festival 2019 ដែល​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ នឹង​ធ្វើ​ឡើង​នៅ​កោះ​ពេជ្រ។

ក្រុម​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះសីហនុ​ A ​ជា​ក្រុម​ខ្លាំង​មួយ​​ដែល​កាល​ពី​ឆ្នាំ​២០១៧​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​​ប្រចាំ​មណ្ឌល​ខេត្ត​ព្រះសីហនុ ហើយ​​នៅ​ឆ្នាំ​២០១៨​​ទទួល​ចំណាត់​ថ្នាក់​លេខ​២​​ប្រចាំ​មណ្ឌល​ខេត្ត​ព្រះសីហនុ​ និង​ឆ្នាំ​២០១៩​នេះ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១។ ជា​ពិសេស​ក្រុម​នេះ​​​ជើង​ឯក​​រង​ទូទាំង​ប្រទេស​កាល​ពី​ឆ្នាំ​២០១៨។

បន្ទាប់​ពី​មណ្ឌល​ចប់​កាល​ពី​សប្តាហ៍​មុន​ Tiger Street Football Festival 2019 ត្រូវ​ធ្វើ​ដំណើរ​ទៅ​មណ្ឌល​ទី​២​​ខេត្ត​តាកែវ​​​ថ្ងៃ​ទី​១៣​ ខែ​មករា។ មណ្ឌល​ទី៣​ ខេត្ត​កំពង់ស្ពឺ​ ថ្ងៃ​ទី​២០​ ខែ​មករា។ មណ្ឌល​ទី​៤ ខេត្ត​បាត់ដំបង​ ​ថ្ងៃ​ទី​២៦​-២៧ ខែ​មករា។ មណ្ឌល​ទី​៥​ ក្រុង​ប៉ោយប៉ែត​ថ្ងៃ​ទី​២​-៣​ ខែ​កុម្ភៈ។​ មណ្ឌល​ទី​៦​ ខេត្ត​សៀមរាប​ថ្ងៃ​ទី​៨-៩-១០ ខែ​កុម្ភៈ។ មណ្ឌល​ទី​៧​ ​ខេត្ត​កំពង់ចាម​ថ្ងៃ​ទី​១៦-១៧​ ខែ​កុម្ភៈ។ មណ្ឌល​ទី​៨​ ខេត្ត​កណ្ដាល​​ថ្ងៃ​ទី​៣​ ខែ​មីនា និង​មណ្ឌល​ទី​៩​ រាជ​ធានី​ភ្នំពេញ​ថ្ងៃ​ទី​១៣-១៤-១៥ ខែ​មីនា។ ការ​ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​ថ្ងៃ​ទី​១៦-១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ៕​

អត្ថបទ​ជា​ច្រើន សូម​ចុចអានTiger Street Football Festival 2019

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់