• 2019-01-10 07:04:45
  • កីឡា​ផ្សេង​ៗ

ពីរ​ចំណុច​អស្ចារ្យ​ អ្នក​អាច​មិន​ដឹង​ពី​ការកសាងពហុ​កីឡដ្ឋានត្រៀមស៊ីហ្គេម

  • 2019-01-10 07:04:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​រយៈពេល​១៦ខែ​កន្លង​ទៅ​នេះ​ ពហុ​កីឡដ្ឋាន​មរតក​តេជោ​ សាងសង់​សម្រេច​បាន​ប្រហែល​ ៤០%​ ទៅ​ហើយ​ និង​កំពុង​ឈាន​ដល់​ដំណាក់កាល​ដាក់​កៅអី​ ខណៈ​ការ​សាងសង់​ប្រើ​សុទ្ធតែ​ឧបករណ៍​ទំនើប​បំផុត។​ ពីរ​ចំណុច​ដែល​អស្ចារ្យ​នោះ​ ទី១​ដងសន្ទូច​អាច​លើក​ទម្ងន់​ដល់​ទៅ​ ៨០​តោន​ ចំណែក​ទី២​ កៅអី​បំពាក់​ដោយ​ QR Code​ ថែម​ទៀត​ផង។​

ឧបករណ៍​ស្ទូច​

ឯកឧត្ដម​ ថោង​ ខុន​ បាន​ឲ្យ​ដឹង​ថា​ លោក​ពិត​ជា​កោត​សរសើរ​ជា​ខ្លាំង​ពី​ការ​ខិតខំ​ប្រឹងប្រែង​សាងសង់​ពហុ​កីឡដ្ឋាន​មរតក​តេជោ​នេះ​ពី​សំណាក់​វិស្វករ​ កម្មករ​ ចិន​ និង​ខ្មែរ។​ ការ​សាងសង់​នេះ​ គឺ​ធ្វើ​ឡើង​ដោយ​បច្ចេកវិទ្យា​ និង​ឧបករណ៍​ទំនើប​ៗ​បំផុត។​ ដូច​ជា​ឧបករណ៍​ស្ទូច​ធំ​ដែល​ប្រើ​រាល់ថ្ងៃ​នេះ​ គឺ​មាន​ដំបូង​គេ​នៅ​កម្ពុជា​ ហើយ​យក​មក​ពី​ប្រទេស​ចិន​ចំនួន​២​ប៉ុណ្ណោះ​ អាច​ស្ទូច​របស់​ផ្សេងៗ​មាន​ទម្ងន់​ដល់​ទៅ​ ៨០​តោន។​ ចំណែក​ កៅអី​មាន​ QR Code​ នៅ​ពេល​ដែល​ដាក់​ចូល​រួច​ហើយ​ បន្ទាប់​មក​ស្កេន​ (Scan)​ ទៅ​នឹង​មាន​ទិន្នន័យ​នៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​របស់​គេ​ អ្នក​នៅ​ក្នុង​ការិយាល័យ​អាច​ដឹង​ថា​ កៅអី​នោះ​មាន​លក្ខណៈ​ត្រឹមត្រូវ​យ៉ាង​ណា​ខ្លះ​ និង​ស្ថិត​នៅ​កន្លែង​ណា​ដាក់​កន្លែង​ណា​នៅ​ក្នុង​ស្តាត​នោះ។​

កៅអីដែលកំពុងតំឡើង

ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រូប​នេះ​លើក​ឡើង​ទៀត​ថា​ បើ​តាម​គម្រោង​ពហុ​កីឡដ្ឋាន​នេះ​នឹង​រួចរាល់​នៅ​ចុង​ឆ្នាំ​២០២០​ ហើយ​នឹង​ត្រូវ​ប្រគល់​ជូន​កម្ពុជា​នៅ​ពេល​នោះ​តែ​ម្ដង។​ ឯកឧត្ដម​ក៏​ថ្លែង​អំណរគុណ​ដល់​ភាគី​សហការ​ទាំង​អស់​មិន​ថា​ភាគី​ខាង​ចិន​ ឬ​ក្រសួង​នានា​នៅ​កម្ពុជា​នោះ​ទេ​ ដែល​បាន​ខិតខំ​ជួយ​សម្រួល​ក្នុង​ការ​កសាង​នេះ។​

ដុំកៅអីមាន QR Code

រំលឹក​ដែរ​ថា​ ឯកឧត្ដម​ ថោង​ ខុន​ បាន​ចុះ​ទៅ​ពិនិត្យ​ការ​ដាក់​កៅអី​ចូល​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេជោ​នេះ​នា​ថ្ងៃ​ទី៩​ ខែ​មករា​ ២០១៩​ នេះ​ អម​ដោយ​សហព័ន្ធ​កីឡា​មួយ​ចំនួន​ និង​តំណាង​ក្រសួង​នានា​ផង​ដែរ។​ ដោយ​ឡែក​ការ​សាងសង់​ពហុ​កីឡដ្ឋាន​ខាង​លើ​នេះ​គ្រោង​ចំណាយ​ប្រហែល​១៦០​លាន​ដុល្លារ​អាមេរិក​ ជា​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ចិន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់