• 2018-12-07 07:47:04
  • បាល់ទាត់

ជា​គំរូ​ល្អ​ ក្រុម​ហ៊ុន​នេះ​​ធ្វើ​តារា​ហ្វូត​សាល​ជូន​វិទ្យាល័យ​ពងទឹក

  • 2018-12-07 07:47:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​តៃខា​ ខប​ភើរេសិន​ ​បាន​​​ផ្តល់​អំណោយ​ជា​តារាង​បាល់ទាត់​ហ្វូត​សាល​​ស្មៅ​សិប្បនិម្មិត​​ដ៏​ទំនើប​ដល់​វិទ្យាល័យ​ពងទឹក​ ស្ថិត​នៅ​ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​ដើម្បី​​ចូល​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា​ ហើយ​សកម្មភាព​បែប​នេះ​ជា​គំរូ​ដ៏​ល្អ​ដល់​សង្គម។

ឯកឧត្តម ប៊ូ ជុំសេរី ថ្លែង​សុន្ទរកថា

ក្នុង​ពិធី​ប្រគល់​អំណោយ​​នៅ​ព្រឹក​​ថ្ងៃ​ទី​៧ ខែ​ធ្នូ​​នេះ​ លោក​ Suzuki Taito នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​តៃខា​ ខប​ភើរេសិន​ ​លើក​ឡើង​ថា​ ក្រុម​ហ៊ុន​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បណ្ដុះបណ្ដាល​ក្នុង​អាជីវកម្ម​ ការ​លើក​កម្ពស់​ឥរិយាបថ​ក្នុង​ធុរកិច្ច​ ជំនាញ​ ភាសា​​ដែល​ជា​កត្តា​ចាំ​បាច់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម។

«ក្នុង​ឱកាស​គម្រប់​ខួប​លើក​ទី​៦៥​នៃ​បុណ្យ​ឯករាជ្យ​ជាតិ​ និង​គម្រប់​ខួប​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការ​ទូត​​រវាង​ជប៉ុន​-កម្ពុជា​ ក្រុម​ហ៊ុន​តៃខា​ ខប​ភើរេសិន​ បាន​រៀប​ចំ​អំណោយ​ដ៏​ពិសេស​គឺ​តារាង​បាល់ទាត់​ហ្វូត​សាល​​ដល់​វិទ្យាល័យ​ពងទឹក។ នេះ​ជា​​ផ្នែក​មួយ​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​ ក៏​ដូច​ជា​លើក​កម្ពស់​​សុខុមាលភាព​តាមរយៈ​កីឡា​នៅ​កម្ពុជា​ ព្រម​ទាំង​​រួម​ចំណែក​ដល់​ការ​រីកចម្រើន​របស់​យុវជន។ តារាង​បាល់ទាត់​ហ្វូត​សាល​នេះ​ត្រូវ​បាន​ប្រើ​វត្ថុ​ធាតុ​ស្រួប​រំ​ញ័រ​ aGEL របស់​យើង​ខ្ញុំ»។

ឯក​ឧត្តម​ ប៊ូ ជុំសេរី អនុរដ្ឋ​លេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​លើក​ឡើង​ថា ក្នុង​​នាម​ឯក​ឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់ ជូនណារ៉ុន​ និង​ក្រសួង​​​សូម​អរគុណ​ និង​កោត​សរសើរ​ដល់​ក្រុម​ហ៊ុន​​ តៃខា​ ខប​ភើរេសិន​​ដែល​បាន​យក​ចិត្ត​ទុក​ដាក់ និង​ចូល​រួម​អភិវឌ្ឍ​ដល់​វិស័យ​កីឡា​កម្ពុជា​ ក៏​ដូច​ជា​កិច្ច​ការ​សង្គម​នានា។ ទី​លាន​បាល់ទាត់​ដ៏​ទំនើប​​នេះ​ពិត​ជា​មាន​តម្លៃ​ណាស់​សម្រាប់​ប្អូន​ៗ​សិស្សានុសិស្ស​​ដែល​នេះ​ជា​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​​ក្រុម​តៃខា​ ខប​ភើរេសិន​។

លោក​ Suzuki Taito ថ្លែងសុន្ទរកថា

ឯក​ឧត្តម​បាន​សង្កត់​ធ្ងន់​ថា​ ៖«​ដើម្បី​ជា​ការ​ថ្លែង​អំណរ​គុណ​ដល់​ម្ចាស់​ឧបត្ថម្ភ​ ខ្ញុំ​សូម​ស្នើ​ឲ្យ​ប្អូន​ៗ​ទាំង​អស់​ខិត​ខំ​ថែ​រក្សា​ឲ្យ​បាន​គងវង់​យូរ​អង្វែង​ ជា​ពិសេស​នាំ​គ្នា​​ហ្វឹកហាត់​កីឡា​ ក៏​ដូច​ជា​​ការ​ប្រកួត​ឲ្យ​កាន់​តែ​កាន់​តែ​មាន​កម្រិត​គុណភាព​ខ្ពស់។ ខ្ញុំ​សង្ឃឹម​ថា​ ​នៅ​ឆ្នាំ​ខាង​មុខ​ ​ក្រុម​បាល់ទាត់​នៅ​សាលា​ពងទឹក​នេះ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​ការ​ចូល​រួម​ប្រកួត​នានា​ ជា​ពិសេស​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ សិស្ស​ថ្នាក់​រាជ​ធានី​ និង​​ជាតិ»។

តាម​ពិត​ទៅ​នេះ​ មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​ក្រុម​ហ៊ុន តៃខា​ ខប​ភើរេសិន​​បាន​ចូល​រួម​ចំណែក​ជួយ​​ជួយ​ដល់​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជាក់​ស្តែង​កាល​ពី​ឆ្នាំ​២០១៦​ ក្រុម​ហ៊ុន​បាន​ផ្តល់​អំណោយ​ជា​ប៊ិច​ និង​ខ្មៅដៃ​ចំនួន​១​ម៉ឺន​ដើម​ដល់​សាលា​រៀន​ស្ថិត​នៅ​​ខណ្ឌ​ពោធិ៍​សែនជ័យ​ និង​ឆ្នាំ​២០១៧​​ចំនួន​១​ម៉ឺន​ដើម​ទៀត​ដល់​សាលា​រៀន​ក្នុង​ខណ្ឌ​ដង្កោ។

លើស​ពី​នេះ​ទៀត​ ក្រុម​ហ៊ុន​ក៏​បាន​បង្កើត​ក្រុម​បាល់ទាត់​នារី​ឈ្មោះ​ «តៃខា សុបិន្ត» កាល​ពី​ឆ្នាំ​២០១៧​ដែល​បាន​ហ្វឹកហាត់​ និង​មាន​សកម្មភាព​រហូត​ដល់​សព្វ​ថ្ងៃ។ ក្រុម​នេះ​ក៏​​មាន​​គោល​បំណង​​បញ្ជូន​កីឡា​ការិនី​​របស់​ខ្លួន​ចូល​រួម​ក្នុង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​​ដើម្បី​​ធ្វើ​យ៉ាង​ណា​ឈាន​ដល់​ចូល​រួម​​កីឡា​អូឡាំពិក។ ពិសេស​ទៀត​នោះ​ ក្រុម​ហ៊ុន​​នឹង​ផ្តល់​​ឱកាស​ឲ្យ​បាន​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​ដែល​ក្រុម​ហ៊ុន​ជឿ​ជាក់​ថា​ នឹង​អាច​បណ្ដុះបណ្ដាល​​​អត្តពលិក​ឈាន​ដល់​កម្រិត​អន្តរជាតិ។

គណៈអធិបតី​សម្ពោធ​ទី​លាន​

កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ ​ក្រុម​ហ៊ុន​​​ក៏​បាន​ឧបត្ថម្ភ​ ក្នុង​ការ​រៀប​ចំ​កម្មវិធី​ប្រកួត​ កីឡា​ឡើង​ភ្នំ​ ដើម្បី​ជា​ការ​ចូល​រួម​គាំទ្រ​ដល់​យុវជន​វ័យ​ក្មេង។

ក្រុម​ហ៊ុន​តៃខា​ ខប​ភើរេសិន​បាន​បើក​​ប្រតិបត្តិការ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​​កាល​ពី​ឆ្នាំ​២០១៣​ រហូត​មក​ដល់​បច្ចុប្បន្ន។ ក្រុម​ហ៊ុន​នេះ​មាន​ប្រតិបត្តិការ​ផលិត​ និង​លក់​ទាំង​​នៅ​ជប៉ុន​​ និង​ក្រៅ​ប្រទេស​​ដែល​មាន​ផលិតផល​ស្រួប​រំ​ញ័រ​ (អាល់ហ្វា ជែល​)​ ការ​បោះ​ពុម្ព​លើ​ផ្ទៃ​កោង​ (Cubi Printing) ពូក បរិក្ខារ​ពេទ្យ​សម្រាប់​ថែ​ទាំង​មនុស្ស​​ចាស់​ជរា។ ​ ចំពោះ​រោង​ចក្រ​ក្នុង​ប្រទេស​កម្ពុជា​​នៅ​តែ​​បន្ត​ផលិត​ ផលិត​ផល​សំខាន់​ៗ​​ដូច​ជា​អាល់​ហ្វា​ជែល​ (αGEL) គ្រឿង​បន្សំ​ស្បែក​ជើង។ តាម​គម្រោង​ក៏​​នឹង​បង្កើត​អាជីវ​កម្ម​ភោជនីយដ្ឋាន​ថ្មី​នៅ​កម្ពុជា​នៅ​ឆ្នាំ ​ក្រោយ។

​ក្នុង​ពិធី​ប្រគល់​អំណោយ​ទីលាន​បាល់ទាត់​ហ្វូតសាល​ដ៏​វិសេស​វិសាល​នេះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​​ឯក​ឧត្តម​ ហ៊ីដេហ៊ឺសា​ ហូរីណូឈឺ​ ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ លោក​ តិម៉ា សោភា​ អភិបាល​រង​ខណ្ឌ​ដង្កោ​ លោក អ៊ុក សម្បត្តិ​ អនុប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​រាជ​ធានី​ភ្នំពេញ​ លោក​គ្រូ​ អ្នក​គ្រូ និង​សិស្សានុសិស្ស​យ៉ាង​ច្រើន​កុះករ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់