• 2018-11-22 00:58:41
  • វិភាគ

មក​ដឹង​ ស្នៀត​ពិសេស​​បេក្ខភាព​ប្រជែង​នឹង កែវ រំចង់ នៅ​ Thai Fight

  • 2018-11-22 00:58:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​រន្ទះ​ជើង​ កែវ រំចង់ ត្រូវ​លេច​មុខ​ថ្មី​នៅ​សង្វៀន​លំដាប់​កំពូល​របស់​ប្រទេស​ថៃ​ Thai Fight នា​ថ្ងៃ​សៅរ៍ ទី​២៤​ ខែ​វិច្ឆិកា​ដែល​ជា​លក្ខណៈ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​​ពាន​រង្វាន់។

បេក្ខភាព​៤​នាក់​​ត្រូវ​វ៉ៃ​លក្ខណៈ​ម៉ារ៉ាតុង​ដណ្តើម​​ពាន​រង្វាន់​​ដែល​មាន​ប្រាក់​រង្វាន់​ប្រហែល​៣​សែន​បាត​​គឺ​​កីឡាករ​ម្ចាស់​ផ្ទះ​ថៃ​ Sensathan​  ជើង​ខ្លាំង​កម្ពុជា​ កែវ​ រំចង់​ ​អ្នក​លេង​ឆ្លង​ទ្វីប​ Ruslan​ Ataev ​របស់​រុស្ស៊ី​ និង​ Oleksandr Moisa មក​ពី​អ៊ុយក្រែន។ បើ​និយាយ​ពី​បទ​ពិសោធ​លើ​សង្វៀន​របស់​បេក្ខភាព​ទាំង​៤​នាក់​គឺ​សុទ្ធ​តែ​ជោកជាំ​ដូច​គ្នា​លើ​សង្វៀន​អន្តរជាតិ ហើយ​មិន​​​អាច​មើល​ស្រា​គ្នា​បាន​ឡើយ។ យ៉ាង​ណា ស្នៀត​ពិសេស​សម្រាប់​ផ្តួល​ដៃ​គូ​របស់​ពួក​គេ​ខុស​គ្នា​ខ្លះ។

ជើង​ខ្លាំង​ថៃ​ Sensathan

កីឡាករ Sensathan (រូបថត៖ Thai Fight)

កីឡាករ​ថៃ​រូប​នេះ​​កំពុង​ក្លាយ​ជា​តារា​ប្រដាល់​លំដាប់​ជួរ​មុខ​របស់​ប្រទេស​។ ដោយ​មាន​បទ​ពិសោធ​លើ​សង្វៀន​ជាង​១០០​ដង​ និង​ឈ្នះ​ខ្សែ​ក្រវាត់​ជា​ច្រើន​គ្រឿង​​ផង​នោះ​ រូប​គេ​ពិត​ជា​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​អ្នក​ពលរដ្ឋ​របស់​ខ្លួន។

កម្ពស់​១.៨៣​ម៉ែត្រ​ និង​កម្លាំង​ស៊ុហ្វ​​ល្អ​​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ដែល​ផ្តល់​ឲ្យ​រូប​គេ​ទាត់​បាន​យ៉ាង​ល្អ​ និង​កណ្តាប់​ដៃ​ច្បាស់​ ហើយ​ជង្គង់​ក៏​មាន​ប្រសិទ្ធភាព និង​កែង​ដ៏​គ្រោះ​ថ្នាក់។ អាវុធ​ពិសេស​ទាំង​៤​នេះ​ហើយ​ដែល​រូប​គេ​ឧស្សាហ៍​ផ្តួល​ដៃ​គូ។ ​​​

ជើង​ខ្លាំង​កម្ពុជា​ កែវ រំចង់​

កីឡាករ កែវ រំចង់

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ​​​គឺ​អ្នក​គាំទ្រ​កម្ពុជា​បាន​ស្គាល់​ច្បាស់​ហើយ​​ទាំង​សមត្ថភាព​​វ៉ៃ​ និង​ស្ថិតិ​នៃ​ការ​ប្រកួត។ រូប​គេ​ធ្លាប់​ឆ្លង​កាត់​សង្វៀន​ធំ​ៗ​ច្រើន​ទាំង​នៅ​ប្រទេស​ថៃ​ និង​អឺរ៉ុប។ ប្រៀប​ធៀប​ជា​មួយ​កីឡាករ​៣​នាក់​ទៀត រំចង់ ចាញ់​ប្រៀប​កម្ពស់។

បទ​ពិសោធ​ជាង​១៥០​​លើក​ កែវ រំចង់ ត្រូវ​បាន​អ្នក​គាំទ្រ​មើល​ឃើញ​ថា ​ទាត់​ជើង​ក្រោម​ជា​អាវុធ​ដែល​រូប​គេ​ឧស្សាហ៍​ផ្តួល​ដៃ​គូ​ឲ្យ​បោះ​បង់​ចោល​ការ​ប្រកួត។ ចំណែក​កណ្តាប់​ដៃ​​ក៏​ជា​ផ្លែ​ដ៏​គ្រោះ​ថ្នាក់​សម្រាប់​រូប​គេ​ដែរ។ បូក​រួម​ទាំង​កម្លាំង​ និង​ស្មារតី​មោះមុត​ផង​នោះ​​ពិត​ជា​ធ្វើ​ឲ្យ​ការ​ប្រកួត​របស់​គេ​ល្អ​មើល។

ជើង​ខ្លាំង​រុស្ស៊ី​ Ruslan Ataev

កីឡាករ Ruslan Ataev

មិន​ទាន់​ព័ត៌មាន​ពិត​ប្រាកដ​ពី​​ចំនួន​​ឡើង​​សង្វៀន​របស់​គេ​ឡើយ​ ប៉ុន្តែ​បើ​ផ្អែក​តាម​ស្ថិតិ​ដែល​បង្ហាញ​លើ​វីដេអូ​ប្រកួត​​​គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ​គឺ​​ប្រហែល​ជា​៣០​លើក។ ក្នុង​ចំណោម​ប្រកួត​ទាំង​នេះ​ រូប​គេ​ធ្លាប់​វ៉ៃ​​នៅ​សង្វៀន​ធំ​ៗ​​ទាំង​នៅ​ប្រទេស​ថៃ​ និង​ប្រទេស​ផ្សេង​ៗ​ទៀត។ រូប​គេ​ក៏​ធ្លាប់​ឈ្នះ​កីឡាករ​កម្ពុជា ពុធ ឆាយរិទ្ធី។

ស្នៀត​ពិសេស​២​យ៉ាង​​អាច​ធ្វើ​ឲ្យ​ដៃ​គូ​ខ្លាច​ញញើត​គឺ​ទី​១​​កណ្តាប់​ដៃ​ដែល​រូប​គេ​ធ្លាប់​ផ្តួល​គូ​ជា​ច្រើន​នាក់​មក​ហើយ​ដោយ​សារ​​មាន​ទម្ងន់​ និង​​ច្បាស់​គោល​ដៅ។ ទី​២​គឺ​ទាត់​​ដែល​​ជា​អាវុធ​​​ធ្ងន់​របស់​គេ​​ងាយ​ធ្វើ​ឲ្យ​ដៃ​គូ​ខ្លាច​ញញើត​​ដែល​មិន​ហ៊ាន​វាយ​សម្រុក​លើ​រូប​គេ​ផ្ដេសផ្ដាស​ទេ។

វីដេអូ​វ៉ៃជាមួយ ពុធ ឆាយរិទ្ធី

ជើង​ខ្លាំង​អ៊ុយក្រែន​ Oleksandr Moisa

កីឡាករ Moisa

កីឡាករ​កម្ពស់​១.៨២​ម៉ែត្រ​រូប​នេះ​ឡើង​សង្វៀន​ប្រហែល​ជា​៤០​លើក​ហើយ​​ដែល​ភាគ​ច្រើន​​​ទទួល​បាន​ជ័យជម្នះ។ រូប​គេ​ធ្លាប់​​​ប្រឡូក​សង្វៀន​ធំ​ៗ​ដូច​ជា Thai Fight និង​ Max Mauy Thai ជា​ដើម។

កីឡាករ​​អ៊ុយក្រែន​រូប​នេះ​ពូកែ​ខ្លាំង​ខាង​វាយ​កែង​ដែល​ជា​អាវុធ​ដ៏​គ្រោះ​ថ្នាក់​ដល់​ដៃ​គូ​ប្រកួត។ ការ​ចេញ​កណ្តាប់​ដៃ​ ជង្គង់​ និង​ទាត់​​​គ្រាន់​តែ​ជា​អាវុធ​បន្ទាប់​បន្សំ​ប៉ុណ្ណោះ​ ប៉ុន្តែ​​ការ​​ចេញ​កែង​ពិត​ជា​ធ្វើ​ឲ្យ​ដៃ​គូ​មិន​ធ្វេស​ប្រហែស​បាន​ឡើយ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់