• 2018-11-15 23:25:00
  • ប្រដាល់

ស្វែង​យល់​៣​ចំណុច​​ពី សុខ ធី មុន​ពេលវ៉ៃថ្ងៃស្អែកនៅឥណ្ឌូណេស៊ី 

  • 2018-11-15 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​អាយុ​ ២១ ឆ្នាំ​សោះ​ សុខ ធី ធ្លាប់​បាន​ប្រមូល​ផ្តុំ​បទពិសោធ​​លើ​សង្វៀន​ប្រដាល់​សេរី ឈ្នះ ២២១ដង ចាញ់៣៦ដង បើ​ប្រៀប​ជា​មួយ​កីឡាករ​ដ៏ទៃ​​ អាច​និយាយ​បាន​ថា រូប​គេ​ជា​ជើង​ខ្លាំង​មាន​បទ​ពិសោធ​ច្រើន​ម្នាក់។​

ថ្ងៃ​សៅរ៍​ ទី​១៧​ សប្ដាហ៍​នេះ ​អ្នក​ប្រដាល់​វ័យក្មេង​រូប​នេះ​ នឹង​បោះ​មួយ​ជំហាន​ទៀត​ឆ្ពោះ​ទៅ​រក​ភាព​ល្បីល្បាញ​បំផុត​ក្នុង​អាជីព​ នៅ​ពេល​រូបគេ​ប៉ះ​​ជើង​ខ្លាំង​ល្បីល្បាញ​​របស់​ថៃ​​ ឡឹតសីលា ក្នុង​ទ្រុង​ ONE: WARRIOR'S DREAM នៅ​ប្រទេស​ឥណ្ឌូណេស៊ី។​

កីឡាករ​ សុខ​ ធី​

ខាង​ក្រោម​ជា​ប្រវត្តិ​របស់​ សុខ ធី​ ដែល​យើង​មិន​ធ្លាប់​ដឹង៖

១​.ត្រូវ​គេ​ធ្វើបាប​កាល​នៅ​ក្មេង​

កាល​នៅ​ក្មេង​​​ត្រូវ​បាន​ក្មេងៗ​ដទៃ​ក្នុង​ភូមិ​សម្លុត​គំរាម​ ដែល​ធ្វើ​ឲ្យ​រូប​គេ​​មិន​សប្បាយ​ចិត្ត​នឹង​ខ្លួន​ឯង​ទេ​។ សុខ ធី ប្រាប់​ថា៖​ «ខ្ញុំ​មាឌ​តូច​ជាង​គេ​ ហើយ​គេ​បង្អាប់​ថា​ ក្បាល​ខ្ញុំ​ធំ​ជាង​ខ្លួន។​ ឲ្យ​តែ​ពេល​គេ​បង្អាប់​ ខ្ញុំ​យំ​រាល់​ពេល​ ហើយ​ដឹង​តែ​រត់​ទៅ​ពួន​នៅ​ក្នុង​ស្រែ»។​

ឪពុក​របស់​សុខ ធី​ វិញ​ជា​អ្នក​ស្រឡាញ់​វិស័យ​កីឡា​គុន​ខ្មែរ​ខ្លាំង​ ដូច្នេះ​គាត់​ក៏​ណែនាំ​ឲ្យ ​សុខ ធី​ និង​បង​ប្រុស​ ហាត់​រៀន​ក្បាច់គុន​នៅ​ប្រទេស​ថៃ​ ដែល​ក្បាច់​គុន​នេះ​ហើយ​ដែល​ជួយ​ឲ្យ​សុខ​ ធី មាន​ទាំង​កម្លាំង​ និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ រហូត​ដឹកនាំ​ជីវិត​របស់​គាត់​ឲ្យ​ដល់​វិថី​ដ៏​ជោគជ័យ​សព្វថ្ងៃ។​

​«ខ្ញុំ​ត្រូវ​តស៊ូ​ជា​មួយ​ក្មេង​ដទៃ​ដែល​មាន​មាឌ​ធំៗ​ខ្លាំង​ៗ​ជាង​ខ្ញុំ​ហើយ​ចូល​ចិត្ត​ធ្វើ​បាប​ខ្ញុំ​ មក​ពី​ខ្ញុំ​ពូកែ​ខ្លាច​គេ​ពេក​ ប៉ុន្តែ​ក្បាច់គុន​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ឡើង»​។

សុខ​ ធី និង​ឪពុកម្ដាយ

២. ឡើង​សង្វៀន​ដើម្បី​ចិញ្ចឹម​គ្រួសារ

សុខ ធី​ កើត​ក្នុង​គ្រួសារ​កសិករ​នៅ​ភូមិ​តូច​មួយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។​ ពេល​គាត់​ធំ​ឡើង​ឪពុក​ម្តាយ​បាន​ព្យាយាម​គ្រប់យ៉ាង​ដើម្បី​ផ្គត់ផ្គង់​​រូប​គេ និង​បង​ប្រុស​ សុខ រិទ្ធ។​ កីឡាករ​រំលឹក​ថា ៖«គ្រួសារ​ខ្ញុំ​ជា​កសិករ​ធម្មតា​ទេ​ តែ​ក្រោយ​មក​ពួក​ខ្ញុំ​បាន​ទៅ​​ធ្វើ​កម្មករ​សំណង់​ចុះ​ឡើង​​​ខ្មែរ​ទៅ​ថៃ។​ ខ្ញុំ​ត្រូវ​ទៅ​ជួយ​ពួក​គាត់​ពេល​ណា​គាត់​ត្រូវ​ការ​ខ្ញុំ»។​

ឥឡូវ​នេះ​​ អ្នក​ប្រដាល់​វ័យ​ក្មេង​​​បាន​ប្រែ​ក្លាយ​​ក្បាច់គុន​របស់​​ខ្លួន​ឲ្យ​ទៅ​ជា​អាជីព​​ពិត​ប្រាកដ​មួយ​​សម្រាប់​​ជួយ​ផ្គត់ផ្គង់​ដល់​​គ្រួសារ​​តាមសមត្ថភាព។​

ធី​​និយាយ​ថា ៖​«អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​តស៊ូ​រហូត​មក​ដល់​សព្វ​ថ្ងៃ​ គឺ​ខ្ញុំ​ចង់​ផ្គត់ផ្គង់​គ្រួសារ​ខ្ញុំ​ឲ្យ​មាន​ជីវភាព​រស់​នៅ​ប្រសើរ​ជាង​មុន។​ នេះ​ជា​កាតព្វកិច្ច​របស់​ខ្ញុំ​ក្នុង​នាម​ជា​កូន​ប្រុស​ម្នាក់»។​

«អ្វី​ដែល​ខ្ញុំ​ចាំ​ជាង​គេ​ គឺ​ពេល​ហាត់​ជា​មួយ​ឪពុក​ខ្ញុំ​ និង​បង​ប្រុស។​ អ្នក​បន្ទាយមានជ័យ​ ល្បី​ឈ្មោះ​ខាង​ក្បាច់គុន​ខ្មែរ​តាំង​ដើម​រហូត​សព្វថ្ងៃ ​អញ្ចឹង​វា​ជាប់​ក្នុង​ឈាម​ខ្ញុំ​រួច​មក​ហើយ»​។

កីឡាករ សុខ​ ធី

៣​.ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​វ័យ​ក្មេង​

សុខ​ ធី​ មិន​ត្រឹមតែ​ជា​កីឡាករ​ជើងឯក​គុន​ខ្មែរ​ប្រចាំ​ប្រទេស​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​​រូប​គេ​ជា​កីឡាករ​កម្រិត​ពិភពលោក​។​ រូប​គេ​បាន​បង្ហាញ​ថា ​គាត់ពិត​ជា​​មាន​សមត្ថភាព​​ពិត​ៗ​​ នៅ​ពេល​ចូល​ប្រកួត​ទល់​នឹង​ជើង​ខ្លាំង​​របស់​ថៃ​។​ តាម​ពិត​ទៅ រូប​គេ​​ធ្លាប់​បាន​ប្រកួត​ក្នុង​ប៉ុស្តិ៍​ប្រដាល់​លេខ៧​ របស់​ប្រទេស​ថៃ​ និង​ជា​ម្ចាស់​ខ្សែក្រវាត់​​នៅ​សង្វៀន​​បាយ័ន​នៅ​កម្ពុជា​ថែម​ទៀត។​

សុខ​ ធី កំពុង​រត់​ជា​មួយ​បងប្រុស

លើស​ពី​នេះ​ឱកាស​បាន​វ៉ៃ​ជាមួយ​ ឡឹតសីលា​ ជើង​ឯក​​របស់​ថៃ​ក្នុង​កម្មវិធី​ ONE Super Series កាន់តែ​បង្ហា​ញ​ថា ​សមត្ថភាព​របស់​ សុខ ធី​ មិន​ធម្មតា​ទេ។​ ដោយ​សារ​​​ក្បាច់គុន​របស់​​កាន់តែ​រីកចម្រើន​ទៅៗ​ មាន​មនុស្ស​ជា​ច្រើន​ជឿ​ថា​ សុខ ធី ​នឹង​ជា​ខ្មែរ​ដំបូង​បំផុត​ដែល​អាច​ក្លាយ​ជា​ជើង​ឯក​ពិភពលោក​បាន ប្រសិន​បើ​រូប​គេ​មាន​ឱកាស​វ៉ៃ​ដណ្តើម​ខ្សែ​ក្រវាត់​នា​ពេល​ខាង​មុខ។

សុខ ធី ​បន្ថែម​ថា៖​ «ពួក​យើង​សប្បាយ​ចិត្ត​ណាស់​ដែល​ ONE​ រៀបចំ​ការប្រកួត​ប្រដាល់សេរី​ឲ្យ​យើង។​ អាច​និយាយ​ថា​ ពេល​នេះ​ជា​ពេល​ដែល​យើង​អាច​បង្ហាញ​ពី​អ្វី​ដែល​យើង​(កម្ពុជា)​ អាច​ធ្វើ​បាន»៕

អត្ថបទ៖ Matias Andres

មតិយោបល់