• 2018-11-14 03:19:56
  • កីឡា​ផ្សេង​ៗ

តុង​ហ្គីល​ម៉ូដូ សុំ​ឲ្យ​​​ការ​ផ្ដល់​ប្រាក់រង្វាន់ ដល់​ម្ចាស់​​មេដាយ​មាស​ពិភព​លោក​ឆ្នាំ​នេះ​លឿន​បន្តិច​

  • 2018-11-14 03:19:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កីឡា​ការិនី​​ជម្រើស​ជាតិ​កម្ពុជា​​តុង​ហ្គីល​ម៉ូដូ ហុង គឹម​ហ៊ួយ ​បាន​ឈ្នះ​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​ពិភព​លោក​​កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ​នៅ​ប្រទេស​ឥណ្ឌា​ដែល​មាន ១២​ប្រទេស​ចូល​រួម​។

ឈួន ចន្ថា និង​កីឡា​ការិនី ហុង គឹមហួយ

​​ទាក់​ទង​ការ​ឈ្នះ​មេដាយ​មាស​នេះ​ ឈួន ចន្ថា គ្រូ​បង្វឹក​ឆ្នើម​​តុង​ហ្គីល​ម៉ូដូ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កន្លង​មក​កីឡាករ​ការិនី​រូប​នេះ ក៏​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់​កម្រិត​អាស៊ី​ម្ដង​រួច​មក​ហើយ​​កាល​ពី​ឆ្នាំ​២០១៧ នៅ​ប្រទេស​ថៃ។ ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​នៅ​ឡើយ​ទេ។ ខាង​ក្រសួង​អប់រំ​ ឬ​ថ្នាក់​ដឹក​នាំ​ដែល​ពាក់ព័ន្ធ​បាន​ប្រាប់​មក​លោក​ថា សូម​បន្ត​ឲ្យ​រង់​ចាំ​ព្រោះ​​ប្រភេទ​កីឡា​មួយ​ចំនួន​ក៏​មិន​ទាន់​ទទួល​បាន​​ការ​លើក​ទឹក​ចិត្ត​ដូច​គ្នា។

​ដោយ​សារ​ហេតុ​ផល​ខ្លាច​យឺតយ៉ាវ​​ក្នុង​ការ​លើក​ទឹក​ចិត្ត​បែប​នេះ​ហើយ​ទើប​លោក​បាន​និយាយ​ទាំង​ទឹក​ចិត្ត​អាណិត​ដល់​កីឡាករ​របស់​ខ្លួន​ថា «​សូម​​ស្នើ​សុំ​ទៅ​កាន់​ថ្នាក់​ដឹក​នាំ​ដែល​ពាក់ព័ន្ធ​សូម​មេត្តា​អនុគ្រោះ​ជួយ​​សម្រួល​ផង។ បើ​សិន​ការ​លើក​ទឹក​ចិត្ត​យឺតយ៉ាវ​បែប​នេះ​រហូត​ចឹង​​។ លោក​ព្រួយបារម្ភ​កីឡាករ​ល្អ​មាន​សមត្ថភាព​រត់​ចោល​អស់​ ព្រោះ​គ្មាន​ថវិកា​ហ្វឹកហាត់​»។

ទាក់​ទង​​​សាមី​ខ្លួន​ម្ចាស់​មេដាយ​មាស​ពិភព​លោក​ឆ្នាំ​២០១៨ ហុង គឹម​ហួយ បាន​​ឲ្យ​ដឹង​ថា ការ​ទៅ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​​ពិភព​លោក​​ឆ្នាំ​២០១៨​​ ពិត​ជា​មាន​ផលវិបាក​មែនទែន ទាំង​ការ​ធ្វើ​ដំណើរ​ និង​ការ​ហូប​ចុក​នានា។ កីឡា​ការិនី​កំពុង​រៀន​ថ្នាក់​ទី​១២​រូប​នេះ​ពិត​​ជា​សប្បាយ​ចិត្ត​ជា​មួយ​លទ្ធផល​ដែល​ទទួល​បាន​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​​បែប​នេះ ហើយ​តាំង​ចិត្ត​ថា និង​បន្ត​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​ឲ្យ​កម្ពុជា​មាន​ភាព​រីក​ចម្រើន។

​​​​តុង​ហ្គីឡ​ម៉ូដូ​ជា​ប្រភេទ​កីឡា​ថ្មី​មួយ ដែល​​បាន​បង្កើត​ឡើង​នៅ​កម្ពុជា​កាល​ឆ្នាំ​២០០៧ និង​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​កាល​ឆ្នាំ​២០១៤។​ សម្រាប់​ការ​ឈ្នះ​មេដាយ​មាស​​កម្រិត​ពិភព​លោក​លើក​នេះ​ជា​លើក​ទី​១ ​របស់​កម្ពុជា​ ដោយ​បាន​យក​ឈ្នះ​កីឡា​ការិនី​ជប៉ុន​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដោយ​ពិន្ទុ​ដាក់​តែ​ម្ដង ៨-០៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់