• 2018-11-14 03:04:44
  • ប្រដាល់

សុខ​ ធី​ ​ថា​ប៉ះ ឡឹតសិលា ​លើក​នេះ ចូលវ៉ៃ​តាំង​ពី​ទឹក​១ តែ​ម្ដង

  • 2018-11-14 03:04:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បី​ឈ្មោះ​របស់​កម្ពុជា​ សុខ​ ធី​ គិត​ថា​ជើង​ខ្លាំង​ថៃ​ ឡឺតសិលា​ នឹង​មិន​ប្ដូរ​ទម្រង់​វ៉ៃ​ថ្មី​នោះ​ទេ​ គឺ​វ៉ៃ​ដក​ៗ​ និង​ទាត់​ជើង​ក្រោម​ដដែល។​

សុខ​ ធី​ ពេលកំពុងរត់ហាត់

សុខ​ ធី​ ប្រាប់​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​លើក​នេះ​ គឺ​ត្រៀម​ខ្លួន​បាន​ល្អ​ណាស់​ ការ​ហ្វឹកហាត់​បាន​រយៈពេល​យូរ​ និង​ការ​សម្រាក​ហូបចុក​ក៏​ល្អ​គ្រប់គ្រាន់​ផង​ដែរ។​ ប្រកួត​លើក​នេះ​គឺ​ហាត់​ផ្ដោត​ខ្លាំង​គឺ​កម្លាំង​តែ​ម្ដង។​

សម្រាប់​ការ​ប៉ះ​គ្នា​ជា​មួយ​ ឡឺតសិលា​ ម្ដង​នេះ​ខ្លួន​នឹង​ដើរ​ចូល​វ៉ៃ​ពី​ទឹក​ទី១​ទៅ​តែ​ម្ដង​ ព្រោះ​អី​មើល​ទៅ​កម្លាំង​របស់​ថៃ​ម្នាក់​នេះ​ចាប់​ពី​ទឹក​ទី២​ទៅ​គឺ​ចាប់​ផ្ដើមអស់​ ដល់​ចូលទឹក​៣​ អស់​តែ​ម្ដង​បាន​ត្រឹម​ទប់ៗ​ប៉ុណ្ណោះ។​ តាម​ការ​គិត​របស់​ សុខ​ ធី​ ឡឺតសិលា​ វ៉ៃ​លើក​នេះ​នឹង​ប្រើ​ទម្រង់​វ៉ៃ​ដដែល​ វ៉ៃ​ ១-២​ រហ័ស​ និង​ដក​ទាត់​ក្រោម​ ព្រោះ​ប្រហែល​មិន​ហ៊ាន​ប្ដូរ​ជា​មួយ​ខ្លួន​ឡើយ។​

កម្មវិធីប្រកួត
កាលប៉ះគ្នាលើកទី១

ម្ចាស់​ខ្សែក្រវាត់​ គូបូតា​ ទម្ងន់​៥៧​គីឡូក្រាម​ម្នាក់​នេះ​ សូម​ឲ្យ​អ្នកគាំទ្រ​កុំ​បន្ទោស​នៅ​ពេល​ចាញ់​ ឬ​ឈ្នះ​ ហើយ​បន្ត​គាំទ្រ​តទៅ​ និង​កុំ​ភ្លេច​រង់ចាំ​ទស្សនា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​មួយ​នេះ។​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ក៏​ដោយ​ខ្លួន​នឹង​ខំប្រឹង​ប្រែ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ទទួល​បាន​ជ័យជម្នះ​ជូន​កម្ពុជា។​

សុខ ធី(ខាងស្ដាំ) ឡឺតសិលា(ឆ្វេង)

បញ្ជាក់​ផង​ដែរ​ថា​កីឡាករ​កម្ពុជា​ សុខ​ ធី​ នឹង​ត្រូវ​ប៉ះ​គ្នា​ម្ដង​ទៀត​ជា​មួយ​ជើង​ខ្លាំង​ថៃ​ ឡឺតសិលា​ នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី​ នា​ថ្ងៃ​ទី១៧​ ខែ​វិច្ឆិកា​ ២០១៨​ ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​ One Championship។​ អ្នក​ប្រដាល់​កម្ពុជា​ខាង​លើ​នេះ​ធ្លាប់​ប៉ះ​គ្នា​ជា​មួយ​ ឡឺតសិលា​ ម្ដង​ហើយ​នៅ​ទីក្រុង​ម៉ាកាវ​ ប្រទេស​ចិន​ ដោយ​លទ្ធផល​ចាញ់​ពិន្ទុ​មិន​ច្បាស់​ និង​បាន​សំណង់​ជា​ទឹក​ប្រាក់​ ៥០០០​ដុល្លារ​បន្ទាប់​ពី​ប្រកួត​នោះ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់