• 2018-11-13 02:13:38
  • បាល់ទះ

Nicholas​ ទាយ​ពី​អនាគត​​ប្រដាល់​ចម្រុះ​កម្ពុជាលើឆាកអន្តរជាតិ

  • 2018-11-13 02:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nicholas​ Lee​ រហស្សនាម​ JJ" ជា​កីឡាករ​ប្រដាល់​មាន​ប្រវត្តិ​ធ្លាប់​​វ៉ៃ​​នៅ​សង្វៀន​ ONE​ Championship​ ស្ទើរ​គ្រប់​ប្រទេស​​ក្នុង​តំបន់​អាស៊ី​ និង​មាន​បទ​ពិសោធ​ហ្វឹក​ហាត់​ជា​មួយ​អ្នក​ប្រដាល់​ក្បាច់​គុន​ចម្រុះ​លំដាប់​​ពិភពលោក​ខ្លាំង​ៗ​​ជា​ច្រើន។

Nicholas​ Lee (ឆ្វេង) បង្ហាត់ រិន សារ័ត្ន (ស្តាំ)

សព្វ​ថ្វៃ​​គាត់​មាន​ក្លឹប​ហ្វឹក​ហាត់​ដ៏​ល្បី​មួយ​នៅ​ក្នុង​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​ឈ្មោះ​ក្លឹប​ Yorky MMA។​ឥឡូវ​នេះ​ គាត់​ចង់​ដាក់​កម្លាំង​ និង​ពេល​វេលា​បន្ថែម​ទៀត​មក​ក្នុង​ប្រទេស​កម្ពុជា។ គ្រូ​បង្វឹក​វ័យ​ក្មេង​អាយុ​២៣​ឆ្នាំ​រូប​នេះ​កំពុង​ចាប់​ដៃ​ជា​មួយ​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​គាត់​គឺ​លោក​ហ៊ុន ច័ន្ទរាជ​ ដែល​ជា​ម្ចាស់​ក្លឹប​ Cambodian Top Team។

Nicholas​ បង្ហើប​ថា ៖«យើង​ទាំង​ពីរ​ដូច​បង​ប្អូន​បង្កើត​អញ្ចឹង​ ខ្ញុំ​បាន​ជួប​ច័ន្ទរាជ​ជា​ច្រើន​ឆ្នាំ​មុន។ គាត់​មើល​ខ្ញុំ​តស៊ូ​ពី​បាត​ដៃ​ទ​ទេ​ រហូត​បាន​ជោគជ័យ។ ខ្ញុំ​វិញ​ក៏​មើល​គាត់​ពី​ពេល​គាត់​គ្មាន​អ្វី​សោះ​ រហូត​បាន​ជោគ​ជ័យ​ដូច​គ្នា។ ឥឡូវ​គាត់​មាន​ក្លឹប​កីឡា​ល្បី​ឈ្មោះ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា​ ហើយ​ខ្ញុំ​វិញ​មាន​ក្លឹប​កីឡា​មួយ​ដែរ​ល្បី​ល្បាញ​នៅ​បាងកក​ ដូច្នេះ​យើង​ក៏​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ជា​មួយ​គ្នា​តែ​ម្តង​ទៅ»។

នៅ​ពេល​គ្រូ​ក្មេង​រូប​នេះ​បាន​ស្នាក់​នៅ​រាជ​ធានី​ភ្នំពេញ​កាល​ពី​លើក​មុន​ គាត់​មាន​ឱកាស​បង្វឹក​កីឡាករ​ខ្មែរ​ដែល​មាន​ទេព​កោស​ខ្លាំង​ៗ​ជា​ច្រើន​នាក់​ ហើយ​ក៏​បាន​សង្កេត​ឃើញ​ពី​ការ​វិវឌ្ឍ​ខ្លាំង​ខាង​វិស័យ​ក្បាច់​គុន​របស់​កម្ពុជា។

Nicholas​ Lee ពេល​បង្ហាត់

ចាប់​តាំង​ពី​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​បាន​បង្កើត​ជា​ផ្លូវ​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ និង​មាន​កីឡាករ​ឆ្នើម​ៗ​ជា​ច្រើន​បាន​ចូល​ប្រកួត​ក្នុង​ស្ថាប័ន​ក្បាច់​គុន​ធំ​ជាង​គេ​នៅ​អាស៊ី​ ONE Championship ​ឃើញ​មាន​ចលនា​ជា​ច្រើន​កំពុង​ផុស​ឡើង។

Lee​ មាន​អារម្មណ៍​ថា​ ក្បាច់​គុន​ចម្រុះ​​របស់​ប្រទេស​កម្ពុជា​​នា​ពេល​ខាង​មុខ​នឹង​ទទួល​ស្គាល់​​កាន់​តែ​ខ្លាំង​ពី​បណ្ដាល​ប្រទេស​ផ្សេង​ៗ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ និង​កាន់​តែ​ល្បី​​ល្បាញ​លើ​ឆាក​អន្តរជាតិ​ដូច​ដែល​បុព្វបុរស​​បាន​បន្សល់​ទុក​​ក្បាច់​គុន​ដល់​​ពលរដ្ឋ​កម្ពុជា​ជំនាន់​ក្រោយ។

គាត់​ពន្យល់​ថា​ ៖ «កាល​ខ្ញុំ​នៅ​ក្មេង​ ខ្ញុំ​ចាប់​ផ្តើម​ចូល​ចិត្ត​រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ និង​ប្រទេស​ក្នុង​អាស៊ី​ដទៃ​ទៀត។ ខ្ញុំ​មាន​អារម្មណ៍​ថា​ ពិភពលោក​មិន​ផ្តល់​ជំនឿ​ច្រើន​មក​លើ​តំបន់​អាស៊ីអាគ្នេយ៍​ទេ។ ខ្ញុំ​ចាត់​ទុក​ថា​ វា​ជា​ការ​ប្រមាថ​មួយ។ យើង​មាន​គុន​ខ្មែរ​ និង​គុន​មួយ​ថៃ»។

«ប្រទេស​កម្ពុជា​ធ្លាប់​មាន​ប្រវត្តិ​ជូរ​ចត់​ដោយ​សារ​សង្គ្រាម​ ដូច្នេះ​អ្វី​ដែល​យើង​ព្យាយាម​ធ្វើ​នា​ពេល​នេះ​គឺ​ ព្យាយាម​កសាង​ប្រវត្តិ​សាស្ត្រ​ឡើង​វិញ​ កែ​លម្អ​ ចាប់​ផ្តើម​ជីវិត​ថ្មី​ និង​ធ្វើ​យ៉ាង​ណា​ឱ្យ​អនាគត​កាន់​តែ​ប្រសើរ​ឡើង​ ដូច​គេ​និយាយ​ថា​ មនុស្ស​ម្នាក់​កាន់​តែ​ធ្លាប់​លំបាក​ អនាគត​ទៅ​កាន់​តែ​ជោគជ័យ»។

Nicholas (កណ្តាល) រិន សារ័ត្ន (ស្តាំ) និង​មត្ត​រួម​អាជីព​ (ឆ្វេង)

Nicholas​ Lee​ មិន​ត្រឹម​គិត​ថា​ កម្ពុជា​នឹង​រីក​ចម្រើន​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​បាន​ព្យាករ​ថា​ ​កម្ពុជា​ នឹង​មាន​ជើង​ឯក​ពិភព​លោក​ដំបូង​គេ​បង្អស់​ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។

ម្ចាស់​ក្លឹប​នៅ​បាងកក​ម្នាក់​នេះ​បាន​ហ្វឹក​ហាត់​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​កីឡាករ​ រិន​ សារត្ន័​ ហើយ​ជឿ​ជាក់​ថា​ គាត់​មាន​ទេពកោសល្យ​ និង​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ឡើង​ប្រកួត​កម្រិត​សកល​បាន។

ដោយ​មាន​ទំនុក​ចិត្ត​ Lee​ និយាយ​​ថា​ ៖«កម្ពុជា​នឹង​មាន​ជើង​ឯក​ពិភព​លោក​ជា​លើក​ដំបូង។ អ្នក​ខ្លះ​គេ​ថា​ ទៅ​មិន​រួច​  តែ​ខ្ញុំ​វិញ​មិន​ខ្វល់​ទេ​ ខ្ញុំ​ជឿ​ជាក់​ថា​ អាច។ ជា​ពិសេស​ខ្ញុំ​ជឿ​លើ​ រិន​ (សារត្ន័)។ គាត់​រៀន​ឆាប់​ចេះ​ណាស់​ គាត់​ពូកែ​សម្រប​ខ្លួន​បាន​ល្អ​ ហើយ​គាត់​មិន​ចេះ​ក្អេង​ក្អាង​ទៀត​ គាត់​ដូច​កុំព្យូទ័រ​មួយ​អញ្ចឹង! គាត់​នឹង​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក»៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់