• 2018-11-06 04:33:04
  • ប្រដាល់

អ្នកលេង​គុន​ខ្មែរ​៥​រូប​នេះ​វ៉ៃ​បច្ចេកទេសពិតៗតែម្តង​

  • 2018-11-06 04:33:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ជា​ច្រើន​រូប​កំពុង​អង្រួន​សង្វៀន​ជា​រៀង​រាល់​ចុង​សប្តាហ៍​នា​សង្វៀន​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដែល​ជើង​ខ្លាំង​ជួរ​មុខ​ភាគ​ច្រើន​ទទួល​ស្វាគមន៍​អ្នក​លេង​ឆ្លង​ដែន។ ក្នុង​ចំណោម​តារា​ជួរ​មុខ​ទាំង​នោះ​មាន​កីឡាករ​ខ្លះ​វ៉ៃ​ប្រកប​ដោយ​បច្ចេកទេស​ពិត​ៗ​ ប៉ុន្តែ​ក៏​មាន​អ្នក​ប្រដាល់​ខ្លះ​​វ៉ៃ​ប្រើ​កម្លាំង​បាយ​​ភាគ​ច្រើន​ដែរ។

ថ្ងៃ​នេះ​ សូម​បង្ហាញ​កីឡាករ​កម្ពុជា​ជួរ​មុខ​៥​នាក់​ដែល​​កម្រិត​សមត្ថភាព​ និង​បច្ចេកទេស​ល្អ​នៅ​លើ​សង្វៀន។

រឿង​ ​សោភ័ណ្ឌ ៖ ជើង​ខ្លាំង​រូប​នេះ​វ៉ៃ​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​​ដែល​ភាគ​ច្រើន​ជួប​ដៃ​គូ​ដែល​មាន​កម្ពស់​ខ្ពស់​ជាង។ យ៉ាង​ណា អ្នក​គាំទ្រ​ពេញ​ចិត្ត និង​ជឿជាក់​លើ​សមត្ថភាព​របស់​គេ។ សោភ័ណ្ឌ​ត្រូវ​អ្នក​គាំទ្រ​មើល​ឃើញ​ថា មាន​ស្នៀត​សម្លាប់​ដៃ​គូ​ល្អ​បំផុត​គឺ​កណ្តាប់​ដៃ​ បន្ទាប់​មក​គឺ​ការ​ទាត់​ និង​​ការ​​វ៉ៃ​កែង។ តាម​ស្នៀត​ដ៏​ពិសេស​នេះ​ រូប​គេ​​ចេញ​ម្តង​ៗ​ពោរពេញ​ដោយ​បច្ចេកទេស។

អ្នក​ប្រដាល់ រឿង សោភ័ណ្ឌ (ឆ្វេង)

ផល​ ​សោភ័ណ្ឌ ៖ ជា​ច្រើន​ឆ្នាំ​មក​ហើយ​សិស្ស​គណ​នៅ​ក្លឹប​តាឡី​ដំរី​មាន​រិទ្ធិ​នេះ​ត្រូវ​បាន​កោត​សរសើរ​​ពី​អ្នក​គាំទ្រ​ថា​ ជា​អ្នក​ប្រដាល់​បច្ចេកទេស។ សោភ័ណ្ឌ​ប្រើ​បច្ចេកទេស​វ៉ៃ​ប្រយោល​បាន​ល្អ​បំផុត​តាម​រយៈ​ស្នៀត​កណ្តាប់​ដៃ​​ដែល​មាន​អំណោយ​ផល​ពី​ប្រដាល់​សកល​។ ក្រៅ​ពី​កណ្តាប់​ដៃ​រូប​គេ​វាយ​កែង​ក៏​បាន​ល្អ​ ហើយ​ទាត់​ក៏​រឹត​តែ​គ្រោះ​ថ្នាក់​ដល់​ដៃ​គូ។ យ៉ាង​ណា​ ពេល​ដៃ​គូ​វ៉ៃ​សម្រុក​បុក​ខ្លាំង​ធ្វើ​ឲ្យ​រូប​គេ​ពិបាក​ក្នុង​ចេញ​ស្នៀត​ដែរ។

អ្នក​ប្រដាល់ ផល សោភ័ណ្ឌ ស្វាគមន៍​អ្នក​គាំទ្រ

ឡៅ​ ចន្ទ្រា ៖ សព្វ​ថ្ងៃ​នេះ​ ប្អូន​ប្រុស​បង្កើត​របស់​អតីត​ជើង​ខ្លាំង​ ឡៅ ស៊ីណាត​ឈាន​ដល់​កម្រិត​​​កំពូល​របស់​ខ្លួន​ហើយ។ ទាំង​បច្ចេកទេស​ កម្លាំង​ស៊ុហ្វ​ និង​ស្នៀត​សម្លាប់​ដៃ​គូ​មាន​ទាំង​ព្រម​តែ​ម្តង​សម្រាប់​រូប​គេ។ អាវុធ​គ្រោះ​ថ្នាក់​បំផុត​របស់​ ឡៅ ចន្ទ្រា​គឺ​ការ​ប្រើ​កែង​គាស់​ដែល​មើល​ទៅ​គ្រោះ​ថ្នាក់​ជាង​អតីត​ស្តេច​កែង​រួស​ សាន សៅយ៉ាន់​​ ថែម​ទៀត។ លើស​ពី​នេះ​គឺ​ការ​ប្រើ​កណ្តាប់​ដៃ​ ទាត់​ និង​ឡើង​ជង្គង់​ក៏​ល្អ​ដែរ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​មួយ​ទៀត​នោះ​គឺ​ជំហរ​​ឱប​ដៃ​គូ​ពិត​ជា​​ល្អ​បំផុត​​ដើម្បី​ឡើង​ជង្គង់​ ហើយ​​បើ​ដៃ​គូ​ភ្លេច​ការពារ​ផ្នែក​ខាង​លើ​នោះ​គឺ​ត្រូវ​កែង​គាស់​របស់​គាត់​ហើយ។​

អ្នក​ប្រដាល់ ឡៅ ចន្ទ្រា

ឡៅ​ ចិត្រា​ ៖ ប្អូន​ប្រុស​របស់​ ឡៅ ចន្ទ្រា​ជា​ជើង​ខ្លាំង​វ័យ​ក្មេង​ ប៉ុន្តែ​កម្លាំង​ចិត្ត​ចូល​វ៉ៃ​ និង​បច្ចេកទេស​ល្អ។ ស្មារតី​ចូល​វ៉ៃ​ដៃ​គូ​ប្រកួត​ស្ទើរ​តែ​​អាច​និយាយ​បាន​ថា ខ្លាំង​ជាង​បទ​ពិសោធ។ ក្បាច់​គ្រោះ​ថ្នាក់​៣​របស់​ ឡៅ ចិត្រា​ គឺ​ដើរ​ចូល​ឡើង​ជង្គង់ វ៉ៃ​កែង​ និង​កណ្តាប់​ដៃ។ ស្នៀត​នីមួយ​ៗ​ដែល​រូប​គេ​ចេញ​គឺ​ប្រកប​ដោយ​បច្ចេកទេស​ពិត​ៗ។ យ៉ាង​ណា​ រូប​គេ​​វ័យ​ក្មេង​ បទ​ពិសោធ​ក៏​មិន​សូវ​ក្រាស់​ក្រែល​ដែរ។​

អ្នក​ប្រដាល់ ឡៅ ចិត្រា (ខោខ្មៅ)

សុខ​ ​ធី ៖ ប្រភព​កើត​ចេញ​​ទឹក​ដី​ក្បាច់​គុន​ថៃ​ធ្វើ​ឲ្យ​​តារា​គុន​ខ្មែរ​រហស្សនាម​ កាកា មាន​បច្ចេកទេស​វ៉ៃ​ និង​ទម្លាប់​ខុស​ខុស​ពី​សង្វៀន​គុន​ខ្មែរ។ រូប​គេ​​ថ្វី​បើ​មាឌ​តូច​ ប៉ុន្តែ​​អាវុធ​សម្លាប់​ដៃ​គូ​​គឺ​ល្អ​ក្នុង​នោះ​កណ្តាប់​ដៃ​ជា​ផ្លែ​គ្រោះ​ថ្នាក់​ជាង​គេ។ ក្រៅ​ពី​កណ្តាប់​ដៃ​ រូប​គេ​មាន​ស្នៀត​ទាត់​ជើង​ក្រោម​​ក៏​មាន​ប្រសិទ្ធភាព​ដែរ​ ហើយ​កែង​ និង​ជង្គង​ក៏​អាច​ប្រើ​បាន​ល្អ​ដែរ។ យ៉ាង​ណា​ សុខ ធី​ ភាគ​ច្រើន​វ៉ៃ​ឈ្នះ​ពិន្ទុ​ប៉ុណ្ណោះ​ដោយ​សារ​វ៉ៃ​សន្សំ​ពិន្ទុ មិន​ងាយ​ចេញ​អាវុធ​ផ្ដេសផ្ដាស​ ឬ​ផ្ដាច់​​ពាក់​កណ្ដាល​ទី​ឡើយ៕

អ្នក​ប្រដាល់ សុខ ធី ហៅ កាកា

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់