• 2018-10-26 07:53:44
  • វិភាគ

៥​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី​ Europa League យប់​មិញ​

  • 2018-10-26 07:53:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ពាន​ធំ​ទី​ពីរ​របស់​ទ្វីប​អឺរ៉ុប​​គឺ UEFA Europa League បាន​បញ្ចប់​សប្ដាហ៍​ទី​៣​របស់​ខ្លួន​កាល​ពី​យប់​មិញ​ ខណៈ​ក្រុម​ទាំង​៤៨​មក​ពី​លីគ​ផ្សេង​ៗ​បាន​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​ដើម្បី​ដណ្ដើម​កៅអី​ទៅ​វគ្គ​៣២​ក្រុម​ចុង​ក្រោយ។​ ខាង​ក្រោម​គឺ​ជា​រឿងរ៉ាវ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ដែល​អ្នក​អាច​មិន​បាន​ដឹង៖

១.​ Briand ស៊ុត​គ្រាប់​ដំបូង​ក្រោយ​ ១៦៥៩ថ្ងៃ​

Jimmy Briand បាន​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​ក្នុង​ការ​ប្រកួត​ Europa League កាល​ពី​យប់​មិញ​ ហើយ​បើ​ទោះ​ជា​មិន​អាច​ជួយ​ Bordeaux ឲ្យ​ឈ្នះ​ Zenit St. Petersburg បាន ​តែ​​រូប​គេ​បាន​ស៊ុត​បញ្ចូល​ទី​លើក​ដំបូង​នៅ​ពាន​រង្វាន់​ខាង​លើ​ក្រោយ​ខកខាន​អស់​១៦៥៩​ថ្ងៃ។​ លើក​ចុងក្រោយ​ដែល​ Briand ស៊ុត​នៅ​ Europa League គឺ​នៅ​ខែ​មេសា​ ឆ្នាំ​២០១៤​។​

២. Celtic បន្ត​ដំណើរ​ដ៏​យ៉ាប់យ៉ឺន​នៅ​ពាន​ទ្វីប​អឺរ៉ុប​

ក្ដី​ស្រមៃ​ទៅ​វគ្គ​៣២​ក្រុម​របស់​ Celtic​ កាន់​តែ​ខើច​ខ្លី​ទៅ​ៗ​ក្រោយ​ចាញ់​ Leipzig ២-០។​ ក្រុម​ជើង​ឯក​របស់​ស្កុតឡែន​ត្រូវ​ការ​ឈ្នះ​៣​ប្រកួត​ដែល​នៅ​សល់​ដើម្បី​ទៅ​វគ្គ​បន្ត​ក្រោយ​មាន​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ​ពី​៣​ប្រកួត​កន្លង​មក។​

៣. ៦​គ្រាប់​របស់​ Sevilla ស៊ុត​ដោយ​កីឡាករ​៧​រូប​ផ្សេង​គ្នា​​

Sevilla បាន​ស្វាគមន៍​ Akhisar Belediyespor ដោយ​ឲ្យ​ផឹក​ស្រា​ពិន័យ​ក្រោយ​យក​ឈ្នះ​ក្នុង​លទ្ធផល​ចាស់​ដៃ​ ៦-០។ ៦​គ្រាប់​របស់​ក្រុម​អេស្ប៉ាញ​មួយ​នេះ​ស៊ុត​ដោយ​កីឡាករ​​៦​រូប​ផ្សេង​គ្នា​​គឺ Roque Mesa, Pablo Sarabia, Milan Lukac, Luis Muriel, Quincy Promes និង​ Gabriel Mercado។

៤. Eintracht Frankfurt បន្ត​កំណត់ត្រា​ឈ្នះ​របស់​ខ្លួន​

ក្រោយ​យក​ឈ្នះ​ Apollon Limassol ក្នុង​ទឹកដី​ក្រុម​ Frankfurt ពេល​នេះ​ឈ្នះ​៥​ប្រកួត​ជាប់​គ្នា​នៅ​គ្រប់​កម្មវិធី​ជា​លើក​ដំបូង​គិត​ចាប់​ពី​ខែ​មិនា​ឆ្នាំ​២០១២​មក។​

៥. Rangers ក្លាយ​ជា​គូ​​ទីពីរ​ដែល​បញ្ចប់​ក្នុង​លទ្ធផល​ ០-០

ក្រោយ​៧២​ប្រកួត​នៅ​ Europa League វគ្គ​ជម្រុះ​ក្នុង​ពូល​ ទើប​តែ​មាន​២​គូ​ប៉ុណ្ណោះ​ដែល​បញ្ចប់​ក្នុង​លទ្ធផល​គ្មាន​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា។​ គូ​ទី​មួយ​គឺ​រវាង​ Olympiacos និង​ Real Betis ហើយ​គូ​ទី​ពីរ​គឺ​រវាង​ Rangers និង​ Spartak កាល​ពី​យប់​មិញ​៕ ​

ប្រភព៖ CNN | Dailymail | Four Four Two អត្ថបទ៖ វិរ័ត្ន

មតិយោបល់