• 2018-10-08 00:07:00
  • ប្រវត្តិ​​

បាល់ទាត់​មាន​ប្រវត្តិ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​ ២៣០០ឆ្នាំ​ ដើម​កំណើត​​ដំបូង​ចេញ​ពី​ប្រទេស...

  • 2018-10-08 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជាង ២៤០ លាន​នាក់​ជុំវិញ​ពិភពលោក​​លេង​បាល់ទាត់​ជា​រៀងរាល់​​ថ្ងៃ។ នេះ​បើ​តាម​សហព័ន្ធ​សមាគម​​កីឡា​បាល់ទាត់​អន្តរជាតិ ឬ Federation Internationale de Football Association ហៅ​កាត់​ថា FIFA។ កីឡា​នេះ​បាន​វិវត្ត​​ពី​ល្បែង​ទាត់​បាល់​ធ្វើ​ពី​ស្បែក​សត្វ រហូត​មក​​​​ក្លាយ​ជា​បាល់ទាត់ World Cup សម័យ​ទំនើប។

​​​ប្រវត្តិសាស្ត្រ​នៃ​កីឡា​បាល់ទាត់​ត្រូវ​បាន​គេ​កត់ត្រា​ដោយ​ត្រលប់​ទៅ​កាន់​ប្រទេស​ចិន​​បុរាណ​កាល​ពី​ជាង ​២ ៣០០ ឆ្នាំ​មុន។ ក្រោយ​មក​ប្រទេស​ក្រិក រ៉ូម និង ផ្នែក​ខ្លះ​នៃ​អាមេរិក​កណ្ដាល​ក៏​បាន​អះអាង​ថា​​ពួកគេ​ក៏​បាន​ចាប់ផ្ដើម​កីឡា​នេះ​ផង​ដែរ។ ប៉ុន្តែ​ មាន​តែ​ប្រទេស​អង់គ្លេស​តែ​មួយ​គត់ ដែល​​បាន​អភិវឌ្ឍ​ល្បែង​​​នេះ ដោយ​ឆ្លង​ការ​វិវត្ត​ច្រើន​ដំណាក់​កាល​រហូត​ក្លាយ​ជា​កីឡា​បាល់ទាត់​សម័យ​ទំនើប​ដូច​ដែល​យើង​ឃើញ​សព្វ​ថ្ងៃ។

បាល់ទាត់​នៅ​ចិន​បុរាណ​កាល​ពី​​ជាង ២ ៣០០ ឆ្នាំ​មុន​

កីឡាបាល់ទាត់​ដែល​កើត​ដំបូង​បំផុត​​ក្នុង​សម័យ​ចិន​បុរាណ​ឲ្យ​ឈ្មោះ​ថា cuju ដែល​ត្រូវ​បាន​បង្កើត​ឡើង​រវាង​សតវត្ស​ទី​៣​មុន​គ.ស។ បាល់ទាត់​សម័យ​នោះ​ស្រដៀង​នឹង​បាល់ទាត់​បច្ចុប្បន្ន​ដែរ ដែល​មាន​កីឡាករ​២​ក្រុម ដោយ​ម្ខាងៗ​មាន​គ្នា​ពី ១២ ទៅ ១៦​នាក់។ សំណាញ់​ទី​មាន​តែ​១​ប៉ុណ្ណោះ​ស្ថិត​នៅ​ចំ​កណ្តាល​ទីលាន ហើយ គូបដិបក្ខ​ទាំង​សង​ខាង​ព្យាយាម​ទាត់​បាល់​បញ្ចូល​ទី​ ពោល​គឺ​គ្មាន​​អ្នកចាំទី​ឡើយ។

រូបភាព​​បាល់ទាត់ cuju ចិន​បុរាណ​​នៅ​ក្នុង​សម័យ​មហាសុង​ ឆ្នាំ ១ ៣០០ នៃ​គ.ស (រូបភាពពី Wikipedia)

ក្រោយ​មក​ cuju ក៏​មាន​សំណាញ់​ទី​២​នៅ​ចំ​កណ្តាល​ទីលាន ដែល​ក្រុម​នីមួយៗ​មាន​​សំណាញ់​ទី​រៀងៗ​ខ្លួន ប៉ុន្តែ​គេ​មិន​ច្បាស់ទេ​ថា​បាល់ទាត់​នៅ​សម័យ​ចិន​បុរាណ​ ត្រូវ​ទាត់​ប៉ុន្មាន​គ្រាប់​ទើប​ឈ្នះ ហើយ កំណត់​ពេលវេលា​ប៉ុន្មាន។

អង់គ្លេស​អភិវឌ្ឍ​បាល់ទាត់​ក្លាយ​មក​ជា​កីឡា​សម័យ​ទំនើប

ដោយ​ឡែក អង់គ្លេស​​ជា​ប្រទេស​ដែល​បាន​បង្កើត​ច្បាប់ៗ​នានា​នៅ​លើ​ទីលាន ​វិវត្ត​មក​​ដល់​បាល់ទាត់​សម័យ​ទំនើប​ដូចជា៖ ក្បូន​ច្បាប់​ឯកសណ្ឋាន​កីឡា​ដំបូង​បង្អស់ ការ​ហាម​ប្រាម​មិន​ឲ្យ​កីឡាករ​យក​ដៃ​ប៉ះបាល់​លើក​លែង​តែ​អ្នកចាំទី និង ការ​ហាមប្រាម​មិន​ឲ្យ​កីឡាករ​ទាត់​​គ្នា​លើ​ទីលាន ពោល​គឺ​ទាត់​តែ​បាល់​បាន​ហើយ។

បាល់ទាត់​អង់គ្លេស​អំឡុង​​ពាក់​កណ្តាល​សតវត្ស​ទី​១៩ (រូបភាព FIFA)

បន្ថែម​ពី​នោះ ច្បាប់​ពិន័យ​ទាត់បាល់​​​១១​ម៉ែត្រ (penalty) ត្រូវ​បាន​ណែនាំ​​នៅ​ក្នុង​ឆ្នាំ ១៨៩១។ FIFA បាន​ក្លាយ​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​សមាគម​កីឡា​បាល់ទាត់​អន្តរជាតិ​នៃ​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ ១៩១៣។ កាត​ក្រហម និង កាត​លឿង​ត្រូវ​បាន​ប្រើប្រាស់​ដំបូង​គេ​​នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​ពិភព​លោក​ឆ្នាំ ១៩៧០។

ប្រវត្តិ​ជូរចត់​ដែល​នាំ​ឲ្យ​ការ​ប្រកួត​ឈ្នះ​ចាញ់​​ត្រូវ​បាន​គេ​កំណត់​ដោយ​បាល់​ប៉េណាល់ទី

អំឡុង​សង្គ្រាម​លោក​លើក​ទី​២ ពោល​គឺ​កាល​ពី​​ជាង​៧០​ឆ្នាំ​មុន មិន​បាន​រារាំង​អង់គ្លេស​ពី​ការ​ប្រកួត​បាល់ទាត់​ឡើយ ប៉ុន្តែ​ច្បាប់​នៃ​ការ​កំណត់​លើ​ទីលាន​នា​សម័យ​នោះ​ គ្មាន​ភាព​ច្បាស់​លាស់​ទេ។

ច្បាប់​នៃ​ការ​ប្រកួត "លេង​​មិន​បញ្ឈប់ រហូត​ដល់​​​ទាត់​ចូល ឬ Play to Finish" ត្រូវ​បាន​ណែនាំ​ដោយ​ពាន​រង្វាន់​ War Cup (ពាន​រង្វាន់​សម័យ​សង្គ្រាម) កាល​ពី​ឆ្នាំ​១៩៤២ បាន​ន័យ​ថា ការ​ប្រកួត​មិន​កំណត់​ម៉ោង​ថែម ទោះ​ជា​ត្រូវ​ប្រើ​ពេល​យូរ​ប៉ុណ្ណា​ក៏​ការ​ប្រកួត​នៅ​តែ​បន្ត លុះ​ត្រា​តែ​រក​ឃើញ​ក្រុម​ឈ្នះ ហើយ​ក្រោយ​មក​ច្បាប់​នេះ​ត្រូវ​បាន​​ជា​រឿយ​ៗ​គេ​យក​ទៅ​ប្រើ​ទូទាំង​ប្រទេស​អង់គ្លេស​ និង ស្កុតឡែន ដែល​ខុស​ពី​​ការ​​កាត់​សេចក្ដី ដោយ​បាល់​ប៉េណាល់ទី (ទាត់​បាល់​១១​ម៉ែត្រ) ដូច​បច្ចុប្បន្ន។

Stockport County ប៉ះ Doncaster Rovers នៅឆ្នាំ ១៩៤៦ (រូបភាព The Guardian)

​ដោយ​សារ​តែ​គ្មាន​ការ​កំណត់​ម៉ោង​ឈ្នះ​ចាញ់​ជា​មូលដ្ឋាន​ដូច្នេះ​ហើយ ទើប ថ្ងៃ​ទី​៣០ ខែ​មីនា ​ឆ្នាំ ១៩៤៦ គឺ​ជា​ពេលវេលា​ដ៏​ជូរចត់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ក្នុង​ការ​​​ប្រកួត​ផ្ដាច់ព្រ័ត្រ រវាង​ Stockport និង Doncaster Rovers។ Stockport និង Doncaster Rovers ស្មើ​គ្នា ២-២ ដែល​ត្រូវ​អូស​បន្លាយ​ការ​ប្រកួត​រហូត​ដល់​ទៅ ៣​ម៉ោង​២០​នាទី ​ទើប​ Les Cocker ខ្សែ​ប្រយុទ្ធ Stockport បំប៉ោង​សំណាញ់​ទី​យក​ឈ្នះ​​ក្រុម​​ Doncaster Rovers។

សំឡេង​ហ៊ោកញ្ជ្រៀវ​បន្ទាប់​ពី​ម្នាក់ៗ​នឿយហត់​បាត់​មាត់ ប្រែ​ជា​ធ្វើ​ឲ្យ​ក្រុម​អ្នកគាំទ្រ និង កីឡាករ​របស់​ Stockport ហាក់​មាន​កម្លាំង​ឡើង​វិញ។ ប៉ុន្តែ​សំឡេង​កញ្ចែ របស់​លោក​អាជ្ញា​កណ្ដាល Baker ប្រាប់​ថា​វា​ជា​បាល់​ប៉ះ​ដៃ។ ហេតុ​ដូច្នេះ ពួកគេ​ត្រូវ​លេង​បន្ត​ទៀត។

ព្រះ​អាទិត្យ​បាន​រះ​ចំ​កណ្ដាល​មេឃ បន្ទាប់​​ពី ៣​ម៉ោង ២០​នាទី ម៉ោង​ប្រកួត​ត្រូវ​បាន​បន្ថែម​ ដោយ​មិន​កំណត់​​ពេល​បញ្ចប់។ នៅ​នាទី​ទី ២០៣ គឺ​ប្រមាណ​៥​នាទី​មុន​ពេល​ដែល​ការ​ប្រកួត​ត្រូវ​បាន​ឆា​ចោល កីឡាករ​ជា​បន្ត​បន្ទាប់​​បាន​ដួល​សន្លប់ សម្រែក​សុំ​ឲ្យ​បញ្ឈប់​ការ​ប្រកួត​ពី​សំណាក់​អ្នក​គាំទ្រ ​បាន​កង​រំពង​ ពេញ​ទីលាន។ ទី​បំផុត​លោក​​អាជ្ញា​កណ្ដាល រួម​និង​​ជំនួយ​ការ​ដែល​អស់​ដៃ​អស់​ជើង​ដូច​គ្នា បាន​​សម្រេច​ឆា​ចោល​ការ​ប្រកួត ដោយ​បោះ​កាក់​ជ្រើស​ក្រុម​ណា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ដើម្បី​ប្រកួត​ម្តង​ទៀត​នៅ​៤​ថ្ងៃ​បន្ទាប់។

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទី​២ រវាង​ក្រុម​ទាំង​២ ដែល​ជា​រឿង​កម្រ​បំផុត បាន​កើតឡើង​ដូច​ការ​គ្រោង​ទុក។ តែ​ម្តង​នេះ ការ​ប្រកួត​បាន​ស៊ី​ពេល​យូរ​ជាង​លើក​មុន​ទៅ​ទៀត រហូត​ដល់​ទៅ​ជិត​៤​ម៉ោង ព្រោះ គ្មាន​ឡើយ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទី​៣។ នៅ​ទីបំផុត​ម្ចាស់ផ្ទះ Doncaster Rovers បាន​លើក​ពាន League III North Cup។

ទោះ​ជា​រក​អ្នក​ឈ្នះ​ឃើញ​មែន ប៉ុន្តែ​ការ​រិះ​គន់​ជុំវិញ​រឿង​នេះ បាន​ធ្វើ​ឲ្យ​ក្បួន​ច្បាប់​លេង​មិន​កំណត់​ម៉ោង​ ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ​ក្រោយ​ព្រឹត្តិការណ៍​ជូរចត់​នេះ​បាន​កើត​ឡើង។

ក្រោយ​មក​ការ​កំណត់​ច្បាប់​ប្រកួត​បាល់ទាត់​បាន​វិវត្ត​ហូរហែ​​មក​ដល់​បច្ចុប្បន្ន ដូចជា៖ Golden Goal គឺ ម៉ោង​ថែម​១៥​នាទី​២​ដង បើ​ក្រុម​ណា​ទាត់​ចូល​១​គ្រាប់​មុន នោះ​ការ​ប្រកួត​នឹង​បញ្ចប់​ភ្លាម ខុស​ពី​​ច្បាប់ Play to Finish ត្រង់​កំណត់​ម៉ោង​ថែម តែ ​Golden Goal នៅ​ប្រើ​មូលដ្ឋាន​ច្បាប់​ចាស់ Play to Finish ត្រង់​ទាត់​ចូល​ភ្លាម​បញ្ចប់​ការ​ប្រកួត​ភ្លែត ខណៈ​ដែល​ច្បាប់​ថែម​ម៉ោង​បច្ចុប្បន្ន​គឺ Silver Goal ច្រានចោល មូលដ្ឋាន​ច្បាប់ Play to Finish ទាំង​ស្រុង៕

ប្រភព៖ theguardian | History | FIFA ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទថ្មី