• 2018-09-28 03:11:52
  • កីឡា​ផ្សេង​ៗ

ការ​ប្រកួត​ E-Sports​ ជើង​ឯក​ជាតិ២០១៨ប្រកាសថ្ងៃចុះឈ្មោះប្រកួត

  • 2018-09-28 03:11:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ (National E-Sport Championship)​ ប្រចាំ​ឆ្នាំ​២០១៨​​​នឹង​​ចាប់​ផ្តើម​បើក​ការ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​នៅ​ថ្ងៃ​ទី​១​ ​​ខែ​តុលា​ ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ហើយ។

រូបថត​ការ​ប្រកួត​ជើងឯក​ជាតិ​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ

ព័ត៌មាន​​ជា​បឋម​ពី​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​​ថា រហូត​ដល់​ពេល​នេះ​​​ សហព័ន្ធ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន​ Sabay រៀប​ចំ​ការ​ប្រកួត​លើ​វិញ្ញាសា​ AK2។ សម្រាប់​វិញ្ញាសា​ផ្សេង​ៗ​ទៀត​ សហព័ន្ធ​កំពុង​ស្វះស្វែង​រក​ម្ចាស់​ឧបត្ថម្ភ​ដើម្បី​​​ធ្វើ​ឲ្យ​យ៉ាង​ណា​ឲ្យ​មាន​ការ​​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ដូច​ជា​ Dota 2 និង​ League of Legends។ បើ​ក្រុម​ហ៊ុន​ឯក​ជន​ណា​ចង់​ចូល​រួម​ឧបត្ថម្ភ​សម្រាប់​វិញ្ញាសា​ប្រកួត​ផ្សេង​ៗ​ សូម​ទាក់ទង​មក​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​​តាម​រយៈ​ផេក​ផ្លូវ​ការ​ E-Sport Federation Cambodia​ ។

តាម​ការ​ឲ្យ​ដឹង​ពី​​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (EFC) ​​បាន​ប្រាប់​ថា ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ទូទាំង​ប្រទេស​ដោយ​បែង​ចែក​ជា​៥​តំបន់​​ដើម្បី​​ស្វែង​រក​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​​​ឡើង​មក​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ។

តំបន់​ទាំង​៥​បើក​ការ​ចុះ​ឈ្មោះ​នៅ​​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៨​នេះ​ត​ទៅ

  • តំបន់​ទី​១៖ ខេត្ត​កំពង់ចាម​ ក្រចេះ ស្ទឹងត្រែង រតនគីរី និង​មណ្ឌលគីរី ​បិទ​ការ​​​ចុះ​ឈ្មោះ​ថ្ងៃ​ទី​២៥​ ខែ​តុលា និង​ប្រកួត​ថ្ងៃ​ទី​២៧​ ខែ​តុលា។

  • តំបន់​ទី​២៖ ខេត្ត​​កំពង់ធំ ព្រះ​វិហារ​ សៀមរាប​ និង​ឧត្តរមានជ័យ​ ​ បិទ​ការ​ចុះ​ឈ្មោះ​ថ្ងៃ​ទី​១​ ខែ​វិច្ឆិកា និង​ប្រកួត​ថ្ងៃ​ទី​​៣​ ខែ​វិច្ឆិកា។

  • តំបន់​ទី​៣៖ ខេត្ត​​កំពង់ឆ្នាំង​ ពោធិ៍សាត់​ បាត់ដំបង​ ប៉ៃលិន​ និង​បន្ទាយមានជ័យ​ ​ បិទ​ការ​​ចុះ​ឈ្មោះ​ថ្ងៃ​ទី​៨​​ ខែ​វិច្ឆិកា និង​ប្រកួត​ថ្ងៃ​ទី​​១០​​ ខែ​វិច្ឆិកា។​

  • តំបន់​ទី​៤៖ ខេត្ត​តាកែវ កំពត​ ក្រុង​ព្រះសីហនុ​ កោះកុង​ និង​កំពង់ស្ពឺ​ ​បិទ​ការ​​ចុះ​ឈ្មោះ​ថ្ងៃ​ទី​២៥​​ ខែ​វិច្ឆិកា និង​ប្រកួត​ថ្ងៃ​ទី​​២៧​ ខែ​វិច្ឆិកា។​

  • តំបន់​ទី​៥៖ រាជ​ធានី​ភ្នំពេញ​ ខេត្ត​កណ្តាល​ ព្រៃវែង​ និង​ស្វាយរៀង​ បិទ​ការ​​ចុះ​ឈ្មោះ​ថ្ងៃ​ទី​២៩​​ ខែ​វិច្ឆិកា និង​ប្រកួត​ថ្ងៃ​ទី​​១​ ខែ​​ធ្នូ។ ​​

ការ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​​ធ្វើ​នៅ​ ​ខែ​មករា ឆ្នាំ​២០១៩​

  • ការ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ គឺ​ជា​ការ​ប្រកួត​ដែល​ប្រជុំ​ដោយ​ក្រុម​ខ្លាំង​ៗ​តំណាង​មក​ពី​តំបន់​ទាំង​៥​ដើម្បី​​ប្រជែង​យក​ជើង​ឯក​ ​ជើង​ឯក​​រង​ និង​​​តំណាង​កម្ពុជា​ប្រកួត​ជើង​ឯក​អន្តរជាតិ​ MATIC 2019។

​ប្រាក់​រង្វាន់​សរុប​​ក្នុង​ការ​ប្រកួត​វិញ្ញាសា​ AK2 ឆ្នាំ​២០១៨​នេះ​គឺ​ ១០០ ០០០ ០០០​ រៀល។ គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​នឹង​ផ្សាយ​ជូន​លំអិត​បន្ថែម​ទៀត​អំពី​ប្រាក់​រង្វាន់​ប្រចាំ​តំបន់​នីមួយ​ៗ​ ​ប្រាក់​រង្វាន់​ជើង​ឯក​​ ជើង​ឯក​រង​ទូទាំង​ប្រទេស​ និង​វិញ្ញាសា​​ផ្សេង​​ៗ​​ទៀត៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់