• 2018-09-26 08:14:24
  • វិភាគ

ការ​សម្រេច​ចិត្ត​៤​នៅ​កម្មវិធី​ Best FIFA Football Awards ដែល​មិន​សក្ដិសម​

  • 2018-09-26 08:14:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FIFA Award គឺជា​កម្មវិធី​ប្រគល់​ពាន​ដល់​កីឡាករ​ប្រចាំ​ឆ្នាំ​​ដ៏​ធំ​​​​របស់​ពិភពលោក​ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ ហើយ​មាន​ការ​ដាក់​ពិន្ទុ​ពី​ប្រធាន​ក្រុម​ជម្រើស​ជាតិ​​, គ្រូ​បង្វឹក​, អ្នក​សារព័ត៌មាន​ ក៏​ដូច​ជា​អ្នក​គាំទ្រ​បាល់ទាត់។

ជា​រៀងរាល់​១​ឆ្នាំ​ម្ដង​កម្មវិធី​នេះ​តែង​ប្រារព្ធ​​ដោយ​ផ្ដល់​ពាន​ជា​ច្រើន​ទៅ​តាម​ប្រភេទ​នីមួយ​ៗ​ដូចជា​ FIFA Best ផ្ដល់​ឲ្យ​កីឡាករ​ឆ្នើម​ផ្នែក​បុរស និង​ផ្នែក​នារី, ពាន​គ្រូ​បង្វឹក​ឆ្នើម​ក្រុម​បុរស និង​ក្រុម​នារី, ពាន​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​ឆ្នាំ, ពាន​អ្នក​ចាំ​ទី​ល្អ​បំផុត​ប្រចាំ​ឆ្នាំ,​ ពានកីឡាករល្អបំផុតក្នុងក្រុម១១នាក់ ឬ FIFPro World XI និង​ ពាន FIFA Fair Play Award។

សម្រាប់​ឆ្នាំ​២០១៨​នេះ​ការ​ប្រគល់​ពាន​ហាក់​ខុស​ការ​រំពឹង​ទុក​របស់​អ្នក​គាំទ្រ​ដែល​ពួកគេ​យល់​ថា​មិន​សក្ដិសម​។ សូម​មើល​ចំណុច​ទើស​ចិត្ត​​ទាំង​៤​​នៅ​ខាង​ក្រោម៖

#១ គ្មាន​ Salah និង​ De Bruyne ក្នុង​បញ្ជី​ FIFPro XI

FIFPro XI គឺ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​១១​ល្អ​បំផុត​របស់​ពិភពលោក​ដែល​គេ​រើស​ចេញ​ពី​ក្លឹប​នានា​រួម​បញ្ចូល​ក្នុង​ក្រុម​តែ​មួយ។​ Mohamed Salah គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ដែល​ឈាន​ដល់​ជុំ​ចុងក្រោយ​ដណ្ដើម​ពាន​ FIFA Best ជាមួយ Cristiano Ronaldo និង​ Luka Modric​ តែ​បែរ​ជា​គ្មាន​រូប​គេ​នៅ​បញ្ជី​ FIFPro XI ទៅ​វិញ។​ មួយ​ទៀត​ Kevin De Bruyne ដែល​ជា​កម្លាំង​សំខាន់ ជួយ​ Manchester City បំបែក​កំណត់ត្រា​ឈ្នះ​ Premier League ​និង​នាំ​បែលហ្សិក​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ World Cup បែរ​ជា​គ្មាន​ឈ្មោះ​ដូច​ Salah ដែរ។

#២ Mohamed Salah ឈ្នះ​ពាន​ Puskas

Mo Salah គ្មាន​ឈ្មោះ​ក្នុង​បញ្ជី FIFPro XI គឺ​ជា​រឿង​ងឿងឆ្ងល់​មួយ​តែ​គ្រាប់​បាល់​ Salah ឈ្នះ​ពាន​ Puskas កាន់​តែ​ជា​រឿង​មិន​សក្ដិសម​ថែមទៀត។​ បាល់​ឈ្នះ​ពាន​គ្រាប់​ល្អ​បំផុត​របស់​ Salah គឺ​ជា​បាល់​ញាក់​ដាច់​ខ្សែ​ការពារ​ Everton និង​ស៊ុត​បំប៉ោង​រំលង​អ្នក​ចាំ​ទី។ បាល់​នោះ​ល្អ​តែ​បើ​ថា​ល្អ​ផ្ដាច់​គេ​វា​ហាក់​មិន​សក្ដិសម​ឡើយ​។បាល់​គេ​រំពឹង​ថា​ឈ្នះ​ Puskas គឺ​បាល់​ស៊ីហ្សូ​របស់​ Ronaldo ទល់​ Juventus ឬ​បាល់​ Bale ស៊ីហ្សូ​ចូល​ទី​ Liverpool នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ទៅ​វិញ​ទេ។​

#៣ Courtois ឈ្នះ​ពាន​អ្នក​ចាំ​ទី​ល្អ​បំផុត​តែ​គ្មាន​ឈ្មោះ​ក្នុង​ FIFPro XI

Thibaut Courtois, Hugo Lloris និង​ Kasper Schmeichel ស្ថិត​ក្នុង​បញ្ជី​កីឡាករ​៣​នាក់​ចុង​ក្រោយ​ដណ្ដើម​ពាន​អ្នក​ចាំ​ទី​ល្អ​បំផុត​ខណៈ​ David De Gea, Jan Oblak, Marc-André ter Stegen និង​ Alisson ត្រូវ​ធ្លាក់​ចេញ។ ទី​បំផុត​ Courtois ក្លាយ​ជា​ម្ចាស់​ពាន​ ប៉ុន្តែ​សម្រាប់​អ្នក​ចាំទី​ក្នុង​ក្រុម​ FIFPro XI មិន​មែន​ជា​ Courtois តែ​ជា​​ De Gea របស់​ Manchester United។

#៤ ការ​ដាក់ Dani Alves ក្នុង​បញ្ជី​ FIFPro XI

Dani Alves ពិត​ជា​សក្ដិសម​ចូល​ក្នុង​បញ្ជី​ FIFPro XI កាល​ពី​ឆ្នាំ​មុន​ៗ​ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​ដំណែង​ខ្សែ​ការពារ​ស្ដាំ​នៅ FIFPro XI មិន​គួរ​បាន​ទៅ​រូប​គេ​ឡើយ។​ Alves ជួយ​ PSG ឈ្នះ​លីគ​កំពូល​បារាំង​រួច​ក៏​ញាំញី​ដោយ​សារ​របួស​ រហូត​អវត្តមាន​នៅ​ World Cup ថែម​ទៀត​។ ខ្សែ​ការពារ​ស្ដាំ​ដែល​បង្ហាញ​ទម្រង់​លេង​ឈាន​ដល់​កម្រិត​កំពូល​ដូចជា Kyle Walker, Dani Carvajal, Kieran Trippier, Joshua Kimmich, Trent Alexander-Arnold, Thomas Meunier និង​ Sergi Roberto សក្ដិសម​ឈ្នះ​តំណែង​នៅ ​FIFPro XIជាង​ Dani Alves៕

ប្រភព៖ Wikipedia | google | FIFA អត្ថបទ៖ វិរ័ត្ន

មតិយោបល់