• 2018-09-10 08:30:47
  • ប្រវត្តិ​​

រឿង​៥​ដែល​អ្នក​អាច​មិន​បាន​ដឹង​ពី​ Cristiano Ronaldo

  • 2018-09-10 08:30:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​ជា​កីឡាករ​លំដាប់​កំពូល​ក្នុង​ពិភព​បាល់ទាត់​ដែល​ស្ទើរ​តែ​គ្រប់​គ្នា​គ្មាន​នរណា​ថា​មិន​ស្គាល់​ឈ្មោះ​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ទេ។

ដោយ​សារ​តែ​ភាព​ជោគជ័យ​ក្នុង​អាជីព​របស់​ខ្លួន​ Ronaldo មាន​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ហើយ​ឈ្មោះ​របស់​គេ​តែង​មាន​វត្តមាន​មិន​ដាច់​នៅ​លើ​ទំព័រ​សារព័ត៌មាន​ និង​បណ្ដាញ​អ៊ីនធឺណិត​។ យ៉ាង​ណា​នៅ​តែ​មាន​រឿង​រ៉ាវ​អាថ៌កំបាំង​ជាច្រើន​ពី​ Ronaldo ដែល​អ្នក​គាំទ្រ​អាច​មិន​បាន​ដឹង។​ Sabay សូម​ជូន​រឿង​៥​ដូច​ខាង​ក្រោយ៖​

#៥ Ronaldo មិន​ចូល​ចិត្ត​លេខ​៧

​សព្វ​ថ្ងៃ​ឈ្មោះ​ CR7 ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​រហស្សនាម​របស់​ Ronaldo ដោយ​សារ​ជា​លេខ​ប្រចាំ​ត្រកូល​របស់​គេ​នៅ​ Manchester United, Real Madrid និង​ Juventus តែ​មែន​ទែន​ទៅ​កីឡាករ​រូប​នេះ​មិន​ចូល​ចិត្ត​លេខ​៧​នោះ​ទេ​ពេល​​មក​ដល់​ទឹកដី​ Old Trafford ដំបូង។​ Ronaldo បាន​សុំ​ពាក់​លេខ​២៨​នៅ​ក្រុម​បិសាច​ក្រហម​ជា​លេខ​ដែល​ខ្លួន​ពាក់​នៅ​ក្លឹប​ចាស់​ Sporting Lisbon ប៉ុន្តែ Sir Alex Ferguson​ បាន​មើល​ឃើញ​ពី​សក្ដានុពល​របស់​យុវជន​រូប​នេះ​ហើយ​បាន​ប្រគល់​លេខ​៧​ឲ្យ​ដែល​ជា​លេខ​វីរបុរស​ល្បី​ៗ​របស់​ United ដូចជា George Best, Eric Cantona និង​ David Beckham ធ្វើ​ឲ្យ​ Ronaldo ស្រឡាញ់​លេខ​៧​តាំង​ពី​ពេល​នោះ​មក។​

#៤ ស្ទើរ​តែ​បោះ​បង់​បាល់​ទាត់​ដោយ​សារ​ជំងឺ

នៅ​អាយុ​១៥​ឆ្នាំ​ Cristiano Ronaldo មាន​ជំងឺ​បេះដូង​លោត​មិន​ប្រក្រតី​ ពោល​គឺ​លោត​ញាប់​ខុស​ពី​មនុស្ស​ធម្មតា​ធ្វើ​ឲ្យ​គ្រូ​ពេទ្យ​ព្រួយបារម្ភ​ខ្លាច​រូប​គេ​មិន​អាច​លេង​បាល់​បន្ត​ តែ​យ៉ាង​ណា​គ្រប់​យ៉ាង​វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ពេល​កុមារ​ Ronaldo ទទួល​ការ​វះកាត់​បាន​ដោយ​ជោគជ័យ​ហើយ​អាច​លេង​បាល់​ត​ទៅ​ទៀត។

#៣ បំបែក​កំណត់ត្រា​ Diego Maradona នៅ​ថ្ងៃ​ដំបូង​ជាមួយ​ Real Madrid

Real Madrid បាន​ទិញ​ Ronaldo ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ពិភពលោក​ ៨០​លាន​ផោន​ពី​ Manchester United កាល​ពី​ឆ្នាំ​២០០៩​។​ បន្ទាប់​ពី​បំបែក​កំណត់ត្រា​ផ្ទេរ​រួច​ហើយ​ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​បំបែក​កំណត់ត្រា​មួយ​របស់​ Maradona គឺ​មាន​អ្នក​គាំទ្រ​ចូល​ស្វាគមន៍​​៨​ម៉ឺន​នាក់​នៅ​ថ្ងៃ​បង្ហាញ​មុខ​លើក​ដំបូង។​ កាល​ពី​ឆ្នាំ​១៩៨៤​ Maradona បាន​បង្ហាញ​មុខ​នៅ​កីឡដ្ឋាន Stadio San Paolo របស់​ Napoli ដែល​មាន​អ្នក​គាំទ្រ​ប្រមាណ​៧៥០០០​នាក់​ទៅ​ស្វាគមន៍។

#២ CR7 ត្រូវ​មិត្ត​រួម​ក្រុម​ដាក់​រហស្សនាម​ថា​ "ក្មេង​រំអួយ​"

Ricardo Santos ដែល​ជា​មិត្ត​ស្លាប់រស់​របស់​ Ronaldo ធំធាត់​នៅ​លើ​កោះ​ Madeira ជាមួយ​គ្នា​បាន​ប្រាប់​ថា​កាល​លេង​ឲ្យ​ក្រុម​យុវជន​ CF Andorinha កីឡាករ​ Ronaldo ត្រូវ​មិត្ត​រួម​ក្រុម​ហៅ​ថា​ជា​ ក្មេង​រំអួយ​ ​ព្រោះ​ចូល​ចិត្ត​យំ​ននៀល​ដី​ពេល​ក្រុម​របស់​គេ​ចាញ់​ ឬ​ក៏​ពេល​មិត្ត​រួម​ក្រុម​មិន​ប៉ះ​បាល់​ឲ្យ​។​ បើ​តាម​ Santos បន្ត​ថា​ Ronaldo ជា​មនុស្ស​ស្រេកឃ្លាន​ជ័យ​ជម្នះ​តាំង​ពី​តូច​មក​ទើប​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​នា​ពេល​បច្ចុប្បន្ន។​​

#១ មាន​ពេល​មួយ​ Ronaldo ស្ទើរ​តែ​ទៅ​លេង​នៅ​ Barcelona

Joan Laporta ជា​ប្រធាន​​ក្លឹប​ Barcelona កាល​ពី​ឆ្នាំ​២០០៣ ដល់​២០១០ បាន​ឲ្យ​ដឹង​ថា​ខ្លួន​ធ្លាប់​ដាក់​សំណើ​យក​ Ronaldo ក្នុង​តម្លៃ​១៧​លាន​ផោន​ទៅ​កាន់​ភ្នាក់ងារ​​កីឡាករ​រូប​នេះ​ក្នុង​ឆ្នាំ​២០០៣ ប៉ុន្តែ​គ្រា​នោះ​ Barca បាន​ទិញ​ Ronaldinho, Marquez និង​ Quaresma រួច​ហើយ​មិន​អាច​ទិញ​កីឡាករ​ផ្សេង​បាន​ ទើប​ធ្វើ​ឲ្យ​ Ronaldo របូត​ទៅ​ក្នុង​ដៃ​ Manchester United ហើយ​ចុង​ក្រោយ​ក្លាយ​ជា​គូ​ប្រជែង​របស់​ Barcelona នៅ​ Real Madrid៕

ប្រភព៖ Wikipedia | google អត្ថបទ៖ វិរ័ត្ន

មតិយោបល់