• 2018-08-29 04:52:07
  • វិភាគ

បើ​ចែក​ផ្លូវ​ជាមួយ​ Man Utd លោក​ Mourinho អាច​មាន​កន្លែង​៣​ចាំ​ទទួល​

  • 2018-08-29 04:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“The Special One” គឺ​ជា​រហស្សនាម​ដ៏​ល្បី​ឈ្មោះ​ដែល​ Jose Mourinho បាន​ហៅ​ខ្លួន​ឯង​បញ្ជាក់​ថា​លោក​គឺ​ជា​ អ្នក​ចូលចិត្ត​ជ័យ​ជម្នះ។ មិន​ខុស​ពី​ឈ្មោះ​នេះ​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ឈ្នះ​ពាន​២៥​ហើយ​នៅ​ក្នុង​អាជីព​ជា​អ្នក​ចាត់​ការ​ទូទៅ​ពី​ប្រទេស​៤​ផ្សេង​គ្នា​មាន​ អង់គ្លេស, អេស្ប៉ាញ, អ៊ីតាលី​ និង​ព័រទុយហ្គាល់។​

ទោះ​មាន​អាជីព​ជោគជ័យ​ Mourinho ក៏​ភ្លក់​រសជាតិ​ការ​បណ្ដេញ​ចេញ​មិន​តិច​ដង​ដែរ​ដូច​ជា​កាល​ដឹកនាំ​នៅ​ Chelsea លើក​ទី​មួយ, នៅ​ Real Madrid និង​នៅ​ Chelsea លើក​ទី​ពីរ​ជា​ដើម​។ បច្ចុប្បន្ន​អ្នក​ចាត់ការ​វ័យ​៥៥​ឆ្នាំ​កំពុង​ដឹកនាំ​នៅ​ក្លឹប​ធំ​អង់គ្លេស​ Manchester United។​ នៅ​ទី​នោះ​សម្រាប់​២​រដូវ​កាល​ដំបូង​អាច​រាប់​ថា​ជា​ជោគជ័យ​របស់​លោក​ដោយ​បាន​ឈ្នះ​ពាន​ League Cup និង​ Europa League ប៉ុន្តែ​បច្ចុប្បន្ន​កៅអី​របស់​ Mourinho មិន​សូវ​ស្រួល​ប៉ុន្មាន​ទេ​ក្រោយ​ដឹកនាំ​ក្រុម​ចាញ់​២​ប្រកួត​ជាប់​គ្នា​ និង​​ក្រោម​ក្លឹប​កំពូល​តារាង​រហូត​៦​ពិន្ទុ។ បើ​មាន​ការ​បញ្ឈប់​ពី​តួនាទី​មុន​​អស់​កុងត្រា​មែន​ Mourinho អាច​ទៅ​កន្លែង​៣​ដែល​កំពុង​បើក​ទ្វារ​​រង់​ចាំ៖​

#១ Inter Milan

Jose Mourinho មាន​អនុស្សាវរីយ៍​ល្អ​ជាមួយ​ Inter Milan ដោយ​ធ្លាប់​ដឹកនាំ​ក្រុម​ឈាន​ដល់​ចំណុច​កំពូល​ពិសេស​គឺ​ការ​ឈ្នះ​ Champions League ក្នុង​ឆ្នាំ​២០១០​។​ យ៉ាង​ណា​ក្រោយ​ការ​ចាកចេញ​របស់​ Mourinho កាល​ពី​៨​ឆ្នាំ​មុន​ ក្រុម​រហស្សនាម​ថា​ Nerazzurri ធ្លាប់​បាន​កៅអី​ Champions League តែ​២​ដង​ប៉ុណ្ណោះ​ និង​មិន​ដែល​ឈ្នះ​ពាន​ធំ​អ្វី​សោះ​ចាប់​តាំង​ពី​ពេល​នោះ​មក។​

ទោះ​ក្រោម​ការ​ដឹកនាំ​របស់​ Luciano Spalletti ធ្វើ​ឲ្យ​ Inter មាន​កៅអី​ Champions League រដូវ​កាល​នេះ​ប៉ុន្តែ​ពួកគេ​ចាប់​ផ្ដើម​រដូវ​កាល​នៅ Serie A មិន​ល្អ​សោះ​ដោយ​លេង​២​ប្រកួត​ស្មើ​១​ ចាញ់​១​ ទល់​នឹង​ Torino និង​ Sassuolo ដូច្នេះ​បើ​លទ្ធផល​បែប​នេះ​នៅ​តែ​បន្ត​ ដំណែង​​អ្នក​ចាត់​ការ​ពួកគេ​អាច​នឹង​រង្គើ​ ហើយ​បើ​ Mourinho ចាកចេញ​ពី United ទៀត​នោះ​លទ្ធភាព​ទៅ​ដឹកនាំ​ Inter ម្ដង​ទៀត​ពិត​ជា​អាច​កើត​មាន​ព្រោះ​ Mourinho ស្គាល់​បាល់ទាត់​អ៊ីតាលី​ច្បាស់​ណាស់។​

#២ Chinese Super League

Chinese Super League ឬ​លីគ​បាល់ទាត់​កំពូល​របស់​ប្រទេស​ចិន​កំពុង​មាន​ភាព​ល្បាញ​ល្បី​នា​ពេល​បច្ចុប្បន្ន​។​ ក្រៅ​ពី​កីឡាករ​ល្បី​ៗ​កំពុង​លេង​ដូចជា Hulk, Oscar, Alex Witsel និង​ Paulinho ក៏​មាន​ដែរ​នូវ​អ្នក​ចាត់​ការ​កំពូល​ៗ​កំពុង​ដឹកនាំ​នៅ​ទី​នោះ​ដូចជា​លោក​ Manuel Pellegrini, Fabio Capello, Marcello Lippi និង​ Felipe Scolari។ សម្រាប់​ Mourinho លោក​បាន​ឈ្នះ​ពាន​ជា​ច្រើន​រួច​មក​ហើយ​នៅ​អឺរ៉ុប​ដូច្នេះ​ថា​មិន​ត្រូវ​ លោក​អាច​ប្ដូរ​បទ​ពិសោធន៍​ទៅ​ដឹកនាំ​នៅ​អាស៊ី​ម្ដង​ ហើយ​ណា​​មួយ​លីគ​ចិន​ហ៊ាន​ចាយ​លុយ​លើ​ប្រាក់​ពល​កម្ម​របស់​អ្នក​ចាត់ការ​ល្បី​ៗ​ដោយ​មិន​ញញើត​ដៃ​។​

#១ ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​

គ្មាន​អាថ៌កំបាំង​នោះ​ទេ​ចំពោះ​រឿង​ដែល​ថា​​ Mourinho នឹង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​នៅ​ថ្ងៃ​ណា​មួយ​ ព្រោះ​រូប​លោក​ផ្ទាល់​ធ្លាប់​ផ្ដល់​កិច្ច​សម្ភាសន៍​ជាមួយ​ Yahoo កាល​ពី​ពេល​មុន​។ ទោះ​ជា​គ្រូ​បង្វឹក​សព្វ​ថ្ងៃ​​Fernando Santos ធ្លាប់​មាន​គុណ​បំណាច់​នាំ​ក្រុម​ឈ្នះ​ Euro ២០១៦ តែ​ការ​ពិត​មិន​អាច​ប្រកែក​បាន​គឺ​លោក​Mourinho គឺ​ជា​អ្នក​ចាត់ការ​ជនជាតិ​ព័រទុយហ្គាល់​ដ៏​ល្អ​បំផុត​នា​ពេល​បច្ចុប្បន្ន​។ Mourinho មិន​ធ្លាប់​ដឹកនាំ​នៅ​ក្រុម​ជម្រើស​ជាតិ​ណា​មួយ​ទេ​ ដូច្នេះ​ការ​ដឹកនាំ​ព័រទុយហ្គាល់​នឹង​ក្លាយ​ជា​បទ​ពិសោធន៍​ថ្មី​មួយ​សម្រាប់​លោក៕

ប្រភព៖ theguardian | Wikipedia | Premier League អត្ថបទ៖ វិរ័ត្ន

មតិយោបល់