• 2018-08-20 07:59:25
  • ប្រវត្តិ​​

កំណត់ត្រា​៣​នៅ​ Premier League ដែល​កីឡាករ​បច្ចុប្បន្ន​ពិបាក​នឹង​បំបែក​

  • 2018-08-20 07:59:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណត់ត្រា​គឺ​ជា​រឿង​សំខាន់​សម្រាប់​គ្រប់​កីឡាករ​ ទាំង​កំណត់ត្រា​បង្កើត​ដោយ​ក្លឹប​ និង​កំណត់ត្រា​របស់​បុគ្គល​​ផ្ទាល់។​​ កំណត់ត្រា​ខ្លះ​ងាយ​នឹង​បំបែក​ ខ្លះ​ត្រូវ​ការ​ពេល​ច្រើន​ឆ្នាំ​រហូត​៥០ ឬ​៦០​ឆ្នាំ​ដើម្បី​បំបែក​ក៏​មាន។​

ងាក​មក​មើល​នៅ​ Premier League ឯ​ណេះ​វិញ​ចាប់​តាំង​ពី​បង្កើត​ដំបូង​នៅ​ឆ្នាំ​១៩៩២​មក​ មាន​កីឡាករ​ជា​ច្រើន​បាន​បង្កើត​កំណត់ត្រា​ផ្ទាល់​ខ្លួន​ ខ្លះ​ក៏​បាន​បំបែក​​អ្នក​មុន​ តែ​ខ្លះ​ទៀត​ក៏​មិន​ទាន់​អាច​បំបែក​បាន​រហូត​ដល់​​បច្ចុប្បន្ន។​​ ខាង​ក្រោម​​ជា​កំណត់ត្រា​៣​ មិន​ទាន់​មាន​នរណា​​បំបែក​បាន​ទោះ​បី​ជា​លីគ​អាជីព​នេះ​មាន​អាយុ​រហូត​ដល់​២៦​ឆ្នាំ​ហើយ​ក្ដី៖

#៣ កីឡាករ​ដែល​បង្ហាញ​ខ្លួន​លើ​ទីលាន​ច្រើន​បំផុត​

Gareth Barry គឺ​ជា​អ្នក​កាន់​កំណត់ត្រា​នេះ​ដោយ​បច្ចុប្បន្ន​គេ​បាន​លេង​៦៥៣​ប្រកួត​​នៅ​លីគ​កំពូល​អង់គ្លេស​។ កីឡាករ​សញ្ជាតិ​អង់គ្លេសធ្លាប់​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​៤​ផ្សេង​គ្នា​រួម​មាន​ Aston Villa, Manchester City, Everton និង​ West Brom។ កាល​ពី​រដូវ​កាល​មុន​ Barry ដែល​ធ្លាប់​ឈ្នះ​ Premier League ម្ដង​ជាមួយ​ City បាន​បំបែក​កំណត់ត្រា​របស់​វីរបុរស​ Ryan Giggs ដែល​បង្ហាញ​ខ្លួន​បាន​៦៣២​ប្រកួត​។

បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​កីឡាករ​ណា​លេង​នៅ​លីគ​បាន​លើស​ពី​៥០០​ប្រកួត​នៅ​ឡើយ​គឺ​មាន​តែ​ Jermain Defoe និង​ James Milner ប៉ុណ្ណោះ​ដែល​លេង​បាន​ ៤៩៣ និង​៤៨៦​ប្រកួត​ហើយ​អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចំណាស់​ហើយ​ដែរ។​ កីឡាករ​ជំនាន់​ក្រោយ​ដែល​ចង់​បំបែក​កំណត់ត្រា​ Barry ត្រូវ​ការ​ពេល​ប្រហែល​៦ ទៅ​១០​រដូវ​កាល​ទៀត​ទើប​អាច​ទៅ​រួច។

#២ កីឡាករ​ស៊ុត​ចូល​ទី​ច្រើន​ជាង​គេ​

ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​មក​​ Premier League មាន​កីឡាករ​លំដាប់​កំពូល​ជា​ច្រើន​ប្រកប​អាជីព​នៅ​ទី​នោះ ប៉ុន្តែ​មិន​អាច​មាន​នរណា​អាច​បំបែក​កំណត់ត្រា​ស៊ុត​ចូល​ទី​របស់​ Alan Shearer បាន​នៅ​ឡើយ។​ បុរស​សញ្ជាតិ​អង់គ្លេស​ស៊ុត​បាន​២៦០​គ្រាប់​នៅ​ ៤៤១​ប្រកួត។

Wayne Rooney ស៊ុត​បញ្ចូល​ទី​បាន​ ២០៨​គ្រាប់​មាន​ន័យ​ថា​ខ្វះ​៥២​ទៀត​តាម​ទាន់​ Shearer តែ​យ៉ាង​ណា​រូប​គេ​បាន​ចាកចេញ​ទៅ​លេង​នៅ​អាមេរិក​បាត់​ទៅ​ហើយ។ Jermain Defoe និង​ Sergio Aguero មាន​ ១៦២ និង​១៤៦​នៅ​ក្នុង​ដៃ​ នា​ពេល​បច្ចុប្បន្ន​នៅ​ខ្វះ​ជាង​១០០​គ្រាប់​ទៀត​ទើប​ទៅ​ទាន់​ Shearer តែ​មិន​ដឹង​ថា​អ្នក​ទាំង​២​អាច​លេង​នៅ​អង់គ្លេស​បាន​យូរ​ប៉ុនណា​ទៀត​នោះ​ទេ។​

#១ អ្នក​ Assist ច្រើន​បំផុត​

Assist សំដៅ​លើ​ការ​ប៉ះ​បាល់​ ឬ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រូម​ក្រុម​ស៊ុត​។​ នៅ​ Premier League គឺ​មាន​តែ​ Ryan Giggs ទេ​ដែល​ Assist បាន​ច្រើន​ជាង​គេ​ពោល​គឺ​​មាន​ចំនួន​ ១៦២​ ច្រើន​ជាង​ Cesc Fabregas ៥១​ដង។ ក្នុង​​វ័យ​៣១​ឆ្នាំ​ Fabregas នៅ​តែ​មាន​សង្ឃឹម​បំបែក​កំណត់ត្រា​ Giggs បើ​សិន​រូប​គេ​អាច​​រក្សា​កាយ​សម្បទា​ និង​ទម្រង់​លេង​មិន​ឲ្យ​ធ្លាក់​ចុះ​ និង​​លេង​បាន​៤ ឬ​៥​រដូវ​កាល​ទៀត​នៅ​លីគ​អង់គ្លេស​៕

ប្រភព៖ Wikipedia | Premier League អត្ថបទ៖ វិរ័ត្ន

មតិយោបល់