• 2018-08-17 13:07:14
  • បាល់ទាត់

Ramos៖ យើង​នឹង​ធ្វើ​ឲ្យ Real ឈ្នះ​ឡើង​វិញ

  • 2018-08-17 13:07:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចាញ់ Atletico Madrid ក្នុង​ការ​ដណ្ដើម​ពាន UEFA Super Cup ខ្សែ​ការពារ Sergio Ramos ក្នុង​ថ្ងៃ​នេះ​បាន​និយាយ​ថា ខ្លួន និង​មិត្ត​រួម​ក្រុម​នឹង​ជួយ​ឲ្យ Real Madrid ឈ្នះ​ឡើង​វិញ។

កីឡាករ​ Ramos បាន​សរសេរ​លើ​ទំព័រ​ Twitter ផ្លូវ​ការ​របស់​ខ្លួន​ថា៖ "យើង​បាន​រៀន​សូត្រ​ពី​ការ​ចាញ់​នីមួយៗ។ យើង​នឹង​ធ្វើ​ឲ្យ​ក្លឹប​មួយ​នេះ​ឈ្នះ​ឡើង​វិញ។ #HalaMadrid ម្សិលមិញ, ថ្ងៃ​នេះ, ថៃ្ង​ស្អែក និង​ជា​រៀង​រហូត"។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈ​ពេល ៣ ឆ្នាំ​ចុង​ក្រោយ Real Madrid មាន​សភាព​ជោគជ័យ។ ក្លឹប​បាន​ស្គាល់​រសជាតិ​ពាន​ធំៗ​ជា​ច្រើន ក្នុង​នោះ​ក្លឹប​បាន​ឈ្នះ​ពាន Champions League ដល់​ទៅ​ ៣ លើក​ជាប់​គ្នា។

ទោះ​ជា​យ៉ាង​ណា ក្រោយ​ឈ្នះ Champions League រដូវ​កាល ២០១៧/១៨ អតីត​អ្នក​ចាត់​ការ លោក Zinedine Zidane បាន​ប្រកាស​លា​លែង​ពី​តួនាទី។ នៅ​ពេល​នោះ លោក​មិន​បាន​បក​ស្រាយ​ច្រើន​ទេ​អំពី​ហេតុ​ផល​នៃ​ការ​សម្រេច​ចិត្ត​នេះ ប៉ុន្តែ​បាន​និយាយ​ថា ក្លឹប ត្រូវ​ការ​ "ការ​ផ្លាស់​ប្ដូរ" ក្រោយ​រយៈ​ពេល ៣ ឆ្នាំ។ កាល​ពី​ខែ​មិថុនា អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ លោក Julen Lopetegui ត្រូវ​បាន​តែង​តាំង​ជា​អ្នក​ចាត់​ការ​ក្លឹប​ថ្មី។

នៅ​ខែ​កក្កដា កន្លង​ទៅ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​សម្រេច​ចាក​ចេញ​ពី​ក្លឹប​ Real Madrid ទៅ​ចូល​រួម Juventus បន្ទាប់​ពី​រួម​រស់​ជាមួយ​ក្លឹប​អេស្ប៉ាញ​អស់​រយៈ​ពេល ៩ ឆ្នាំ។ ក្នុង​អំឡុង​ពេល​នោះ កីឡាករ​ស៊ុត​ចូល ៤៥០ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៤៣៨ លើក។

កាល​ពី​ម្សិលមិញ Atletico បាន​ឈ្នះ​ពាន UEFA Super Cup ក្រោយ​បាន​ឈ្នះ​ Real Madrid ក្នុង​លទ្ធផល ៤ ទល់​នឹង ២៕

ប្រភព៖ Four Four Two ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់