• 2018-08-17 07:32:21
  • ប្រដាល់

គ្រូ​ធំ​ពីរ​រូប​នេះ​យក​ ឡុង​ ជិន​ ឬ​ ឈិត​ សេរីវណ្ណថង​ វគ្គ​ផ្ដាច់​ព្រ័ត្រ​ស្អែក​

  • 2018-08-17 07:32:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​គ្រូ​ធំ​ពីរ​រូប​ខាង​ប្រដាល់​គុន​ខ្មែរ​ ធន់​ សុភា​ ថា​ រវាង​ ឡុង​ ជិន​ និង​ ឈិត​ សេរីវណ្ណថង​ គឺ​ម្យ៉ាង​ម្នាក់​ទេ​ រី​ឯ​លោក​គ្រូ​ ហេង​ ប៊ុនឃីម​ វិញ​គឺ​ម្នាក់​ក្បាច់​ចេញ​ច្បាស់​ៗ​ ប៉ុន្តែ​ម្នាក់​ទៀត​គឺ​ល្អ​កម្លាំង​ នា​ជំនួប​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​ខារ៉ាប៉ាវ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍។​

លោកគ្រូ ធន់ សុភា​

ធន់​ សុភា​ គ្រូ​ប្រដាល់​សមាគម​ក្រសួង​ការពារ​ជាតិ​ យល់​ឃើញ​ថា​ មក​ដល់​វគ្គ​នេះ​មិន​គិត​ថា​ជើង​ចាស់​ ឬ​ថ្មី​នោះ​ទេ។​ ចំណែក​សមត្ថភាព​វិញ​ ពួកគេ​ទាំង​ពីរ​នាក់​ខាង​លើ​នេះ​ ល្អ​ម៉្យាង​ម្នាក់​ដូច​គ្នា​ ឡុង​ ជិន​ ល្អ​ធាក់​ វ៉ៃ​កែង​ និង​ជង្គង់។​ វណ្ណថង​ វិញ​គេ​ល្អ​ដៃ​ ល្អ​ទាត់​កាប់​ជើង​ក្រោម​ ហើយ​បើ​និយាយ​ពី​ជ័យជម្នះ​វិញ​គឹ​ ៥០​ ទល់​ ៥០។​

លោកគ្រូ ហេង​ ប៊ុនឃីម

ចំពោះ​លោក​គ្រូ​ ហេង​ ប៊ុនឃីម​ គ្រូ​ជម្រើស​ជាតិ​​ថ្នាល​គុន​ខ្មែរ​ វិញ​លើក​ឡើង​បែប​នេះ​ថា​ បើ​ ឈិត​ សេរីវណ្ណថង​ បាន​ហ្វឹកហាត់​ពេញលេង​បាន​ល្អ​ អាច​នឹង​មាន​សង្ឃឹម​ឈ្នះ​ច្រើន​ ព្រោះ​អី​ធ្លាប់​ឃើញ​សមត្ថភាព​ប្រកួត​ពី​មុនៗ​មក​ល្អ​ និង​មាន​ផ្លែ​ច្បាស់​ៗ។​ ប៉ុន្តែ​បើ​ហាត់​មិន​បាន​គ្រប់គ្រាន់​ អាច​រវល់​រៀន​ត្រៀម​ប្រឡង​ក៏​មិន​ថា​យ៉ាង​ម៉េច​ដែរ។​ រី​ឯ​កីឡាករ​ ឡុង​ ជិន​ វិញ​គ្រូ​ប្រដាល់​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​ខាង​លើ​បន្ថែម​ថា​ មិន​ធ្លាប់​ដែល​បាន​មើល​ការ​ប្រកួត​របស់​គេ​ពី​មុន​មក​ទេ​ តែ​អាច​និយាយ​បាន​ត្រឹម​ថា​ កីឡាករ​នៅ​ភ្នំពេញ​មួយ​ចំនួន​គឺ​ល្អ​កម្លាំង​ ដោយ​សារ​បាន​ហ្វឹកហាត់​ល្អ​ ដូច្នេះ​អាច​មាន​ប្រៀប​កម្លាំង។​

ឡុង ជិន​
ឈិត សេរីវណ្ណថង

រំលឹក​ដែរ​ថា​ កីឡាករ​ ឡុង​ ជិន​ និង​ ឈិត​ សេរីវណ្ណថង​ នឹង​ត្រូវ​​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​របស់​សង្វៀន​អាស៊ីអាគ្នេយ៍​ទម្ងន់​ ៥៧​គីឡូក្រាម​ នា​រសៀល​ស្អែក​នេះ​ ចាប់​ពី​ម៉ោង​២​តទៅ។​ ម្ចាស់​ខ្សែក្រវាត់​នឹង​ទទួល​បាន​ប្រាក់​ ២៤​លាន​រៀល​ ខណៈ​អ្នក​លេខ​២​ បាន​ប្រាក់​១២លាន​រៀល៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់