• 2018-08-15 23:20:00
  • វិភាគ

ហេតុ​អ្វី​​ថ្នាល​យុវជន​សាលា​បាទី​មិន​ខ្លាំង ​​ទោះ​ហ្វឹក​ហាត់​ច្រើន​​ឆ្នាំ​ហើយ?

  • 2018-08-15 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​រហូត​ដល់​​ពេល​នេះ​សាលា​បាល់ទាត់​ជាតិ​បាទី​ក្នុង​ខេត្ត​តាកែវ​បាន​កំពុង​​បណ្ដុះបណ្ដាល​ថ្នាល​យុវជន​បាល់ទាត់​​២​ជំនាន់​ហើយ​ ប៉ុន្តែ​កម្រិត​គុណភាព​របស់​ពួក​គេ​នៅ​មិន​ទាន់​ឈាន​ដល់​អ្វី​ដែល​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ចង់​បាន​ឡើយ។

ឯកឧត្តម សៅ សុខា

ក្រុម​ថ្នាល​ទី​១​ដែល​ត្រូវ​​បណ្ដុះបណ្ដាល​​ដំបូង​តាំង​ពី​៤​ឆ្នាំ​មុន​ពោល​គឺ​រហូត​ដល់​ពេល​នេះ​​​ជា​ យុវជន​U18 និង​​បន្ទាប់​មក​​​​ក្រុម​យុវជន​ U15។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​ ក្រុម​យុវជន​ U18 ​អាច​ទទួល​បាន​លទ្ធផល​​ល្អ​​ចំពោះ​ការ​ប្រកួត​ក្នុង​ប្រទេស​ ប៉ុន្តែ​នៅ​ពេល​ចេញ​ប្រកួត​ក្រៅ​ប្រទេស​មិន​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ។ បើ​ប្រៀបធៀប​​កម្រិត​គុណភាព​រវាង​ U18 របស់​​បាទី​នឹង​​យុវជន​​​អាយុ​ដូច​គ្នា​របស់​ប្រទេស​នៅ​អាស៊ាន​ គឺ​យុវជន​បាទី​នៅ​មាន​កម្រិត​ទាប​ជាង​គេ។

ឯក​ឧត្តម​ សៅ សុខា​ ប្រធាន​ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​ចោទ​ជា​បញ្ហា​ថា ហេតុ​អ្វី​បាន​យុវជន​បាទី​នៅ​តែ​មាន​កម្រិត​គុណភាព​ទាប? ឯក​ឧត្តម​ពន្យល់​ថា​ ៖«​តាម​រយៈ​ការ​រៀប​ចំ​នេះ​ សហព័ន្ធ​បាល់ទាត់​កម្ពុជា​ ឃើញ​ថា​ យើង​នៅ​មាន​ចំណុច​ខ្សោយ។ ចំណុច​ខ្សោយ​ទី​១​​គឺ​ក្រុម​របស់​យើង​ដែល​កំពុង​ហ្វឹកហាត់​​នេះ​ បើ​ក្រុម​ផ្សេង​នៅ​ក្នុង​ប្រទេស​​ អត់​មាន​ក្រុម​ណា​លេង​ឈ្នះ​ក្រុម​យុវជន​បាទី​ទេ។ និយាយ​ឲ្យ​ស្រួល​ស្តាប់​គឺ​ខ្មែរ​ និង​ខ្មែរ​គ្នា​ឯង​ អត់​មាន​ក្រុម​ណា​លេង​ឈ្នះ​ទេ។ ប៉ុន្តែ​ដោយ​សារ​តែ​គ្មាន​ក្រុម​ខ្លាំង (ក្រុម​ក្នុង​ស្រុក) ​​ប្រកួត​ជា​មួយ​ តែ​បើ​លេង​ជា​មួយ​ក្រុម​បរទេស​ ចាញ់​គេ​តែ​រហូត»។

ឯកឧត្តម សៅ សុខា បំពាក់​មេដាយ​ដល់​កីឡាករ​ពេល​សម្ពោធ​សាលាតម្រង់​ទិស​នៅ​ត្បូង​ឃ្មុំ

ប្រធាន​ FFC បាន​បន្ត​ទៀត​ថា​ ដើម្បី​ដោះ​ស្រាយ​ចំណុច​ខ្សោយ​ខាង​លើ​នេះ សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​​សហការ​ជា​មួយ​ក្រសួង​អប់រំ យុវជន​ និង​កីឡា​​​ដាក់​ចេញ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍ​បាល់ទាត់​​។ យុទ្ធសាស្ត្រ​នេះ​គឺ​ជ្រើស​រើស​យក​សាលា​អនុវិទ្យាល័យ​ ឬ​វិទ្យាល័យ​មួយ​​ក្នុង​ខេត្ត​នីមួយ​ៗ​ទូទាំង​២៥​ខេត្ត​-ក្រុង​ដើម្បី​​អភិវឌ្ឍ​បាល់ទាត់​កម្ពុជា​ដែល​គម្រោង​នេះ​ហៅ​ថា សាលា​តម្រង់​ទិស​កីឡា​២៥​ខេត្ត​-ក្រុង។

រហូត​ដល់​ពេល​នេះ​សាលា​តម្រង់​ទិស​កីឡា​នៅ​ស្រុក​មេមត់​ ខេត្ត​ក្បូង​ឃ្មុំ​បាន​ដំណើរ​ការ​ហើយ​ ខណៈ​នៅ​ខេត្ត​ព្រះ​វិហារ និង​ខេត្ត​ក្រចេះ​ក៏​កំពុង​​ចាប់​ផ្តើម​ដែរ។ ដោយ​ឡែក​ខេត្ត​ផ្សេង​ៗ​ក៏​កំពុង​ឆ្ពោះ​ទៅ​រក​ការ​បើក​ជា​ផ្លូវ​ការ​ដែរ។

ការ​បើក​សាលា​តម្រង់​ទិស​កីឡា​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​បាល់ទាត់​កម្ពុជា​​ដើម្បី​ជួយ​ពង្រឹង​ដល់​គុណភាព​ និង​សមត្ថភាព​ក្រុម​ថ្នាល​យុវជន​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​ដើម្បី​គោល​បំណង​ឆ្ពោះ​ទៅ​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ៕

ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី
ក្រុម​ខេត្ត​ស្វាយរៀង
សាលា​តម្រង់​ទិស​កីឡា​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់