• 2018-08-14 02:00:02
  • កីឡា​ផ្សេង​ៗ

ស្ទើរ​គ្មាន​អ្នក​ដឹង​ ​ម៉ូតូ​ទឹក​កម្ពុជា​​ឈ្នះ​​ពាន​កម្រិត​ពិភព​លោកជា​​ច្រើន​មុន Asian Games មកដល់ ​​​​

  • 2018-08-14 02:00:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ម៉ូតូ​ទឹក​កម្ពុជា​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ទៅ​ប្រកួត​កីឡា​ទ្វីប​អាស៊ី​នៅ​ឥណ្ឌូណេស៊ី​ ទោះ​ជា​សហព័ន្ធ​ទើប​បង្កើត​​​ឡើង​កាល​ពី​ឆ្នាំ​២០១៧​ ​និង​​គេ​មិន​សូវ​ស្គាល់​ច្រើន​មែន​ ប៉ុន្តែ​សមត្ថភាព​ខ្ពស់​ដែល​មហា​ជន​ប្រហែល​ជា​​មិន​ធ្លាប់​ដឹង។

ឯក​ឧត្តម​ ណុះ​ ស្លេះ​ ប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​ប្រាប់​ថា​ ធនធាន​កីឡា​ករ​ម៉ូតូ​ទឹក​កម្ពុជា​មាន​ច្រើន​​​ឆ្នាំ​​ហើយ។ កីឡាករ​កម្ពុជា​បាន​ទៅ​​​​ហាត់​នៅ​ប្រទេស​ថៃ​តាំង​ពី​ឆ្នាំ​២០០៨​​ដែល​រហូត​ដល់​ពេល​នេះ​​​​កីឡាករ​ជាង​១០​នាក់​មាន​បទ​ពិសោធ​​លើ​ឆាក​អន្តរជាតិ។ ពួក​គាត់​ធ្លាប់​ប្រកួត​​​នៅ​សហរដ្ឋ​អាមេរិក​ អ៊ីតាលី អូទ្រីស​ អូស្ត្រាលី និង​ប្រទេស​ផ្សេង​ៗ​ទៀត​ ជា​ពិសេស​នៅ​ប្រទេស​ថៃ​តែ​ម្តង​ និង​ឈ្នះ​មេដាយ​ ​ក៏​ដូច​ជា​ពាន​រង្វាន់​ជា​ច្រើន។

ឯក​ឧត្តម​ប្រាប់​ថា​ ​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​កន្លង​មក​ កីឡាករ​កម្ពុជា​ចេញ​ក្នុង​នាម​ជា​​​ក្លឹប​​នៅ​ក្រៅ​ប្រទេស​​ ប៉ុន្តែ​​មិន​ទាន់​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ឡើយ ពី​ព្រោះ​ពេល​នោះ​កម្ពុជា​មិន​ទាន់​មាន​សហព័ន្ធ។

សំ​ផ្ទាល់​ ៖«កីឡាករ​កម្ពុជា​​គួរ​តែ​​តំណាង​ឲ្យ​កម្ពុជា​​ពេល​ចេញ​​ប្រកួត​​ក្រៅ​ប្រទេស​​ និង​ទទួល​កិត្តិយស​ជា​ខ្មែរ។ ដូច្នេះ​ហើយ​បាន​​ជា​សហព័ន្ធ​​ត្រូវ​បាន​បង្កើត​ឡើង​​សម្រាប់​ឲ្យ​កីឡាករ​​តំណាង​ឲ្យ​​​ខ្មែរ​ចូល​រួម​ប្រកួត​លើ​ឆាក​អន្តរជាតិ»។

សហព័ន្ធ​បាន​សម្រិត​សម្រាំង​កីឡាករ​ធ្លាប់​មាន​បទ​ពិសោធ​ និង​ឈ្នះ​ពាន​​លើ​ឆាក​អន្តរជាតិ​២​នាក់​គឺ​​កីឡាករ​ ម៉ឺន មូសស្ពាន ​និង​ សាលី អ៊ូមើត។ ម៉ឺន មូស្តាន ​ធ្លាប់​ឈ្នះ​មេដាយ​មាស​​២​គ្រឿង​ និង​សំរឹទ្ធ​១​គ្រឿង​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៧​ក្នុង​​​ពាន​រង្វាន់​​ស្ដេច​ថៃ​ដែល​​ជា​ព្រឹត្តិការណ៍​លំដាប់​ពិភព​លោក​មាន​ប្រទេស​ជាង​៤០​ចូល​រួម​ប្រកួត។​

សំដី​ផ្ទាល់​ «សាលី អ៊ូមើត​ ជា​កីឡាករ​កម្ពុជា​ឆ្នើម​​ដែល​គាត់​ធ្លាប់​ចូល​រួម​ប្រកួត​​ពាន​អន្តរជាតិ​នៅ​ឆ្នាំ​២០០៩ ២០១០ ២០១១​ និង​២០១២​ដែល​សរុប​ពាន​រង្វាន់​ទាំង​អស់​ឈ្នះ​បាន​ចំនួន​៨។ កាល​ពី​ឆ្នាំ​២០១០​គាត់​បាន​ឈ្នះ​ពាន​មួយ​ទៀត​ក្នុង​ការ​ប្រកួត​កម្រិត​ខ្ពស់​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ឈ្នះ​ពាន​រង្វាន់​២​ និង​មេដាយ​សំរឹទ្ធ​១​​ក្នុង​ការ​ប្រកួត​កម្រិត​ពិភព​លោក​នៅ​សហរដ្ឋអាមេរិក។ នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​គិត​តាំង​ពី​ឆ្នាំ​២០១៣​មក គាត់​ក៏​បាន​ចូល​រួម​ប្រកួត​ និង​ឈ្នះ​ពាន​រង្វាន់​​ជា​ច្រើន​ទៀត»។

កីឡាករ សាលី អ៊ូមើត (រូបថត៖ សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា)

ក្នុង​ការ​ត្រៀម​ខ្លួន​ សហព័ន្ធ​បាន​បញ្ជូន​កីឡាករ​ទៅ​ប្រកួត​ និង​ហ្វឹកហាត់​នៅ​​ប្រទេស​​​ថៃ អាល្លឺម៉ង់​ អូស្ត្រាលី​​ និង​​អ៊ី​តាលី​ដើម្បី​សិក្សា​ស្វែង​ ព្រម​ទាំង​វាស់​ស្ទង់​កម្រិត​គុណភាព។ ជាង​នេះ​ទៀត​នោះ​ សហព័ន្ធ​បាន​​ជួល​គ្រួ​បង្វឹក​បរទេស​ ជាង​មេកានិក​បរទេស​ និង​ទី​ប្រឹក្សា​​ដើម្បី​​ហ្វឹកហាត់​​សម្រាប់​ការ​ត្រៀម​ខ្លួន​នេះ។

សូម​បញ្ជាក់​ថា​ សហព័ន្ធ​នឹង​បញ្ជូន​កីឡាករ​២​នាក់ និង​គ្រូ​បង្វឹក​ម្នាក់​ចូល​រួម​ប្រកួត​កីឡា​ Asian Games ដែល​នឹង​​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៨​ ខែ​សីហា​ ដល់​ ទី​២​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី៕

កីឡាករ ម៉ឺន មូស្តាន (រូបថត៖ សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា)

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់