• 2018-08-11 09:34:42
  • វិភាគ

កំណត់ត្រា៣ ដែល Messi បំបែក និងតាមទាន់អ្នកចាស់នៅរដូវកាលថ្មី

  • 2018-08-11 09:34:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi មានអាជីពបាល់ទាត់ដ៏ជោគជ័យជាមួយ Barcelona ដោយលេងបាន១៥រដូវកាលស៊ុតបញ្ចូលទី៥៥២គ្រាប់ ក្នុងការបង្ហាញខ្លួន ៦៣៧ប្រកួត។ ក្រៅពីរកគ្រាប់ តារាឆ្នើមកើតនៅអាហ្សង់ទីន និងធំធាត់នៅអេស្ប៉ាញក៏បានបញ្ជូនបាល់២១២ដង (Assist) ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីដែរ។

សម្រាប់រដូវកាល២០១៨/១៩ Messi ក៏នៅតែមានសម្ពាធដដែលទោះបាត់បង់គូប្រជែង Cristiano Ronaldo ក៏ដោយ។ សម្ពាធនៅត្រង់ Real Madrid បានឈ្នះ UEFA Champions League ៣រដូវកាលជាប់គ្នាហើយ Barcelona មិនអាចសូម្បីតែឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅ៣រដូវកាលចុងក្រោយ។

រដូវកាលមុន Messi ស៊ុតបញ្ចូលទី៤៥គ្រាប់ បញ្ជូនឲ្យមិត្តរួមក្រុមស៊ុត១៨ដង នៅក្នុង៥៤ប្រកួត ដោយជួយក្រុមយក្សកាតាឡាន់ឈ្នះលីគទី២៥ដង និងពានទីពីរ Copa Del Rey លើកទី៣០។ នៅរដូវកាលថ្មីនេះដែរ កីឡាករវ័យ៣១ឆ្នាំមានលទ្ធភាពអាចបំបែកកំណត់ត្រាសំខាន់៣ទៀតដែលមានដូចជា:

#៣ កីឡាករដែលឈ្នះពាន Copa del Rey ច្រើនបំផុតក្នុងអាជីព

Messi បានឈ្នះ Copa del Rey ៦ដងក្នុងអាជីព និង៤ដងជាប់គ្នាជាមួយក្លឹប Barcelona។ បច្ចុប្បន្នរូបគេគឺជាកីឡាករទីពីរដែលធ្លាប់ឈ្នះ Copa del Rey ច្រើនបំផុតជាមួយមិត្តរួមក្រុម២រូបផ្សេងទៀតមាន Gerard Pique និង Sergio Busquets និងអតីតមិត្តរួមក្រុម Andrés Iniesta។ បើសិន Barcelona អាចឈ្នះពាននៅរដូវកាលនេះទៀតមានន័យថារូបគេក៏ដូចជា Pique និង Busquets នឹងតាមស្មើកំណត់ត្រា Agustín Gaínza ដែលធ្លាប់ឈ្នះ Copa del Rey ៧ដងជាមួយ Athletic Bilbao ពីឆ្នាំ១៩៤៣ ដល់១៩៥៨។

#២ Hat Trick ច្រើនបំផុតនៅ La Liga

អវត្តមាន Cristiano Ronaldo គឺជាពេលវេលាដែល Lionel Messi អាចក្លាយជាអ្នកស៊ុត Hat Trick ច្រើនជាងគេនៅ La Liga។ Messi មានកំណត់ត្រាស៊ុត Hat Trick ចំនួន៣០ដងនៅក្របខ័ណ្ឌកំពូលអេស្ប៉ាញ ស្របពេល Ronaldo មានចំនួន៣៤ដង ដូច្នេះខ្វះតែ៤ដងទៀតប៉ុណ្ណោះនឹងអាចតាមទាន់កំណត់ត្រានេះហើយ។ ជាមួយនឹងទម្រង់លេងមិនចេះធ្លាក់ចុះរបស់គេត្រឹម Hat Trick ៤ដង ឬលើសនេះមិនពិបាកនោះទេ។

#១ ពានអ្នកស៊ុតចូលច្រើនជាងគេ (Pichichis)

Telmo Zarra វីរបុរស Athletic Bilbao បានឈ្នះពាន Pichichis ដែលតំណាងឲ្យស្បែកជើងមាសរបស់ La Liga ចំនួន៦ដងក្នុងអាជីព ស្របពេល Messi ឈ្នះ៥ដងស្មើគ្នាជាមួយ Alfredo Di Stéfano វីរបុរសរបស់ Gijon។ Messi បានឈ្នះពាននេះ២រដូវកាលចុងក្រោយជាប់គ្នាគឺ ៣៧គ្រាប់ និង៣៤គ្រាប់នៅរដូវកាល ២០១៦/១៧ និង ២០១៧/១៨ ដូច្នេះបើឈ្នះនៅរដូវកាលថ្មីទៀតរូបគេនឹងតាមទាន់លោក Zarra៕

ប្រភព៖ Wikipedia អត្ថបទ៖ វីរ័ត្ន

មតិយោបល់