• 2018-08-10 04:00:09
  • ប្រដាល់

វង្ស​ ណយ​ អាច​បង្ក​ភាព​ភ្ញាក់ផ្អើល​ជា​លើក​ទី២​បាន​អត់​ស្អែក​នេះ?​

  • 2018-08-10 04:00:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​ប្រកួត​ចុង​ក្រោយ​របស់​អ្នក​លេង​កែង​ពិឃាត់​ វង្ស​ ណយ​ បាន​ធ្វើ​ឲ្យ​មហាជន​ដែល​និយម​វិស័យ​ប្រដាល់​ ហាក់​ភ្ញាក់ផ្អើល​ម្ដង​ហើយ​ ដោយ​ផ្ដួល​កំពូល​អ្នក​លេង​ជង្គង់​ថៃ​ រ៉ារឿង​ ឲ្យ​សន្លប់​ក្រោក​លែង​រួច​នៅ​ទឹក​ចុង​ទឹកទី២​ ឯ​សង្វៀន​បាយ័ន​ស្ទឹង​មានជ័យ ​កាល​ពី​ថ្ងៃ​ទី២៧​ ខែ​កញ្ញា​ ២០១៨។​ ខណៈ​អ្នក​ទស្សនា​ស្ទើរ​មិន​ជឿ​ថា​ អ្នក​ប្រដាល់​របស់​កម្ពុជា​ខាង​លើ​អាច​ឈ្នះ​នា​ជំនួប​មិត្តភាព​មួយ​នោះ។​

កីឡាករ វង្ស ណយ និង​អ្នកគាំទ្រ

បើ​មើល​តាម​សមត្ថភាព​ វង្ស​ ណយ​ នា​ពេល​កន្លង​ទៅ​ អ្នក​និយម​ទស្សនា​ប្រដាល់​ដឹង​ច្បាស់​ណាស់​ថា​អ្នក​ប្រដាល់​រូប​នេះ​មាន​ចំណុច​ខ្សោយ​អ្វី​ខ្លះ​ ហើយ​វា​ជា​រឿង​ពិបាក​ខ្លាំង​ដែល​គេ​អាច​យក​ឈ្នះ​ដៃគូ​នា​ជំនួប​ដណ្ដើម​ប្រាក់​លាន​នៅ​សង្វៀន​ CNC​ ស្រប​ពេល​បេក្ខភាព​ទាំង​នោះ​សមត្ថភាព​លំដាប់​ជួរមុខ​តែ​ម្ដង។​ ចំណែក​ថៃ​ដែល​ជា​បេក្ខភាព​ម្នាក់​ទៀត​នោះ​ នៅ​មិនទាន់​ដឹង​ពី​សមត្ថភាព​យ៉ាងណា​នៅឡើយ​ទេ។​

រឿង សោភ័ណ្ឌ​(ក្រហម) និង​ ហ្វៃប៉ា(ខៀវ)

អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ខេត្ត​ប៉ៃលិន​ខាង​លើ​នេះ​ ប្រកួត​មិនសូវ​ពេញ​ ៥ទឹក​ នោះ​ទេ​ នា​ពេល​កន្លង​មក​ ច្រើន​តែ​អស់​នៅ​ចុង​ទឹក​៤​ ឬ​ទឹក​៥​។ ការ​ចេញ​ស្នៀត​ទៀតសោត​ គឺ​យឺត​មិន​ដូច​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ឡើយ។​ ប៉ុន្តែ​ចំណុច​ល្អ​របស់​កីឡាករ​កម្ពុជា​រូប​នេះ​គឺ​ កែង​ដ៏​មុត​ស្រួច​ មិន​ថា​កែង​បុក​ ឬ​កែង​កាប់​នោះ​ទេ​ នៅ​តែ​មាន​ប្រសិន​ភាព​ និង​បច្ចេកទេស​វ៉ៃ​កែង​នេះ​នៅ​តែ​ល្អ។​

រឿង សោភ័ណ្ឌ​(ក្រហម) និង​ ហ្វៃប៉ា(ខៀវ)

ចំណែក​បេក្ខភាព​៣រូប​ ដែល​ប្រជែង​ប្រាក់​លាន​ជា​មួយ​ វង្ស​ ណយ​ សុទ្ធតែ​ជា​ជើង​ខ្លាំង​ៗ​មិន​ថា​កីឡាករ​ថៃ​ ហ្វៃប៉ា​(Fai Pa)​ ឬ​ រឿង​ សោភ័ណ្ឌ​ ដែល​អ្នក​ទាំង​ពីរ​នេះ​កាយសម្បទា​រឹងមាំ​ និង​មាន​ស្នៀត​ប្រយុទ្ធ​ធ្ងន់​ហើយ​គ្រប់​គ្រឿង​ថែម​ទៀត​ផង។​

កីឡាករ​ វង្ស ណយ​

បញ្ជាក់​ដែរ​ថា​ កម្មវិធី​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ថ្ងៃ​សៅរ៍​ ទី១១​ សីហា​ នៅ​សង្វៀន​ CNC​ ស្អែក​នៅ​ជុំ​ដំបូង​ វង្ស​ ណយ​ ប៉ះ​ ហ្វៃប៉ា​ ខណៈ​ រឿង​ សោភ័ណ្ឌ​ ប៉ះ​ កងមឿងឆាង​ លើ​ប្រភេទ​ទម្ងន់​ ៦៩​គីឡូក្រាម។​ កីឡាករ​ពីរ​នាក់​ណា​ឈ្នះ​នៅ​ជុំទី១​ នឹង​ត្រូវ​ប្រកួត​៥ទឹក​បន្ត​ទៀត​នៅ​ជុំ​ទី២​ វគ្គ​ផ្ដាច់​ព្រ័ត្រ​ថ្ងៃ​ដដែល​យក​ប្រាក់​លាន​តែ​ម្ដង។​ ម្ចាស់​ជើង​ឯក​បាន​ថវិកា​ ៤លាន​រៀល​ បូក​តម្លៃ​ខ្លួន​ រី​ឯ​ជើងឯក​រង​ ២លានរៀល​ បូក​តម្លៃ​ខ្លួន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់