• 2018-08-08 03:05:03
  • វិភាគ

មូលហេតុ​៣​ដែល​ Chelsea គួរ​លក់​ Courtois ឲ្យ​ Real Madrid

  • 2018-08-08 03:05:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​ចាប់​អារម្មណ៍​អ្នក​ចាំ​ទី​កំពូល​ៗ​អស់​ពេល​ជា​យូរ​ណាស់​មក​ហើយ​ដើម្បី​ទៅ​ជំនួស​កន្លែង​ Keylor Navas ដែល​មាន​វ័យ​ចំណាស់។​ ក្លឹប​យក្ស​របស់​អេស្ប៉ាញ​បាន​ព្យាយាម​នាំ​យក​ David de Gea ពី​ Manchester United នៅ​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ​តែ​ តែង​បរាជ័យ​រហូត។​​

នៅ​រដូវ​កាល​នេះ​ព័ត៌មាន​ពី​ការ​ចង់​បាន​ De Gea លែង​មាន​ទៀត​ហើយ​ គឺ​ Real បាន​បង្វែរ​គោលដៅ​របស់​ខ្លួន​ទៅ​ Courtois របស់​ Chelsea វិញ​ហើយ​សាមី​ខ្លួន​ក៏​បង្ហាញ​ពី​គោល​បំណង​ចាកចេញ​ពី​ទឹកដី​ Stamford Bridge ដែរ។​ ខាង​ក្រោម​គឺ​ជា​មូលហេតុ​ដែល​ក្រុម​រហស្សនាម​ថា​តោ​ខៀវ​គួរ​លក់​ Courtois នៅ​រដូវ​កាល​នេះ៖

#៣ បញ្ហា​កុងត្រា​កាន់​តែ​ខើច​ខ្លី​

Thibaut Courtois សល់​កុងត្រា​១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ជាមួយ​ Chelsea ហើយ​រូប​គេ​ក៏​បាន​បដិសេធ​ការ​ចរចា​ដែរ​ជាមួយ​ក្លឹប​ក្រោយ​ឭ​ដំណឹង​ពី​ការ​ចង់​បាន​របស់​ Real Madrid។ បើ​គង់​តែ​បាត់បង់​អ្នក​ចាំ​ទី​រូប​នេះ​ដដែល​ក្លឹប​គួរ​តែ​លក់​ចេញ​ឲ្យ​ហើយ​ជៀសវាង​ចាំ​ដល់​រដូវ​កាល​ក្រោយ​ Chelsea នឹង​ត្រូវ​ឲ្យ​ Courtois ចេញ​ទាំង​គ្មាន​តម្លៃ​ខ្លួន​ព្រោះ​តែ​កុងត្រា​អស់​សុពលភាព​ហើយ​ Real ក៏​អាច​បាន​អ្នក​ចាំ​ទី​សញ្ជាតិ​បែលហ្សិក​ដោយ​ទទេ​ដែរ។​

#២ Chelsea មាន​ពេល​តិច​ដើម្បី​រក​អ្នក​ជំនួស​

ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​អង់គ្លេស​នឹង​បិទ​ទ្វារ​នៅ​ចុង​សប្ដាហ៍​នេះ​ ដូច្នេះ​គ្រប់​ក្លឹប​ទាំង​អស់​មិន​អាច​ទិញ​កីឡាករ​ចូល​មក​ទៀត​បាន​ទេ។​ យ៉ាង​ណា​ក្លឹប​នៅ​តែ​អាច​លក់​កីឡាករ​ចេញ​រដូវ​កាល​ថ្ងៃ​ទី​៣១​ ខែ​សីហា​ ជា​ពេល​វេលា​ដែល​លីគ​ធំ​ផ្សេង​ទៀត​បិទ​ទីផ្សារ​ដោះដូរ។​ ក្នុង​ន័យ​នេះ​ Chelsea គួរ​ឆាប់​ទិញ​អ្នក​ចាំ​ទី​ថ្មី​ចូល​ឲ្យ​ហើយ​ ព្រោះ​ពួកគេ​អាច​បាត់បង់ Courtois គ្រប់​ពេល​រហូត​ដល់​ចុង​ខែ​សីហា។ ជម្រើស​ល្អ​បំផុត​របស់​ Chelsea គួរ​ឆាប់​លក់​ Courtois ហើយ​ទិញ​កីឡាករ​ថ្មី​អំឡុង​៤៨​ម៉ោង​ទៀត​មុន​ទីផ្សារ​បិទ។ អ្នក​ចាំ​ទី​ដែល​ក្លឹប​កំពុង​ចាប់​អារម្មណ៍​មាន​ Jan Oblak របស់​ Atletico Madrid និង​ Jack Butland របស់​ Stoke City។

#១ ដើម្បី​បំពេញ​បំណង​របស់​ Courtois

Courtois បាន​ចំណាយ​ពេល​៣​ឆ្នាំ​យ៉ាង​ជោគជ័យ​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​ជាមួយ​ Atletico Madrid។ កូន​ និង​ម្ដាយ​របស់​គេ​កំពុង​រស់​នៅ​ទីក្រុង​ម៉ាឌ្រីដ​ ប្រទេស​អេស្ប៉ាញ​នៅ​ឡើយ​ ដូច្នេះ​ទើប​កីឡាករ​វ័យ​២៦​ធ្លាប់​បង្ហើប​ថា​មាន​បំណង​វិល​ទៅ​លេង​នៅ​ទីនោះ​វិញ​ដើម្បី​ជួប​ជុំ​គ្រួសារ។​ Chelsea ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ថា​ការ​លក់​ Courtois គឺ​ល្អ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ដូចជា​ Chelsea ខ្លួន​ឯង​បាន​កម្រៃ​ពី​ការ​ដោះដូរ អាច​ទិញ​អ្នក​ថ្មី​មក​ជំនួស​, Courtois បាន​វិល​ទៅ​ជួប​ជុំ​គ្រួសារ​និង​លេង​ជាមួយ​ក្លឹប​នៅ​ទីក្រុង​ម៉ាឌ្រីដ​ (Real Madrid)៕

ប្រភព៖ Dailymail | Goal | Premier League អត្ថបទ៖ វិរ័ត្ន

មតិយោបល់