• 2018-08-07 07:12:35
  • កីឡា​ផ្សេង​ៗ

ម្ចាស់​មេដាយ​មាស​​៤២​គ.ម​ ម៉ា វីរ៉ូ​ ថា​ ម៉ារ៉ាតុង​ខ្មែរ​​គ្មាន​ថ្ងៃ​ឈ្នះ​​​លើ​ឆាក​អន្តរជាតិ​ បើ​​...

  • 2018-08-07 07:12:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ម៉ារ៉ាតុង​កម្ពុជា​ ម៉ា វីរ៉ូ​ ដែល​ទើប​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​អន្តរជាតិ​​ចក្រ​ភព​ខ្មែរ​នៅ​ប្រាសាទ​អង្គរ​វត្ត​​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​សីហា​ ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​មើល​មិន​ឃើញ​ពី​លទ្ធភាព​​កីឡា​​ម៉ារ៉ាតុង​​កម្ពុជា​ដណ្តើម​​​មេដាយ​ណា​មួយ​ពី​ការ​ប្រកួត​អន្តរជាតិ​ឡើយ ប្រសិន​បើ​ស្ថានភាព​ដូច​បច្ចុប្បន្ន។

ម៉ា វីរ៉ូ ពេល​រត់​ជិត​ដល់​ទី​ផ្តាច់​កាល​ពី​ថ្ងៃ​ទី​៥ សីហា ២០១៨

ម្ចាស់​មេដាយ​មាស​ចម្ងាយ​៤២​គីឡូម៉ែត្រ​ក្នុង​ម៉ារ៉ាតុង​​អន្តរជាតិ​ចក្រភព​ខ្មែរ​ឆ្នាំ​២០១៨​លើក​ទី​៥​ ម៉ា វីរ៉ូ បាន​និយាយ​ថា​ លោក​សម្លឹង​ឃើញ​បញ្ហា​ប្រឈម​២​យ៉ាង​ដែល​បាន​កើត​មាន​ និង​កំពុង​កើត​មាន​ក្នុង​វិស័យ​កីឡា​ម៉ារ៉ាតុង​​កម្ពុជា។ បញ្ហា​ទាំង​២​នេះ​​​នឹង​មិន​​បើក​ផ្លូវ​ឲ្យ​ម៉ារ៉ាតុង​​កម្ពុជា​​យក​មេដាយ​​ពី​ការ​ប្រកួត​អន្តរជាតិ​​បាន​ឡើយ​ ប្រសិន​បើ​មិន​ដោះ​ស្រាយ​ឲ្យ​បាន​ត្រឹម​ត្រូវ។

ម៉ា វីរ៉ូ បាន​លើក​ឡើង​ថា​ ទី​១​គឺ​កង្វះ​ខាត​ទី​កន្លែង​ហាត់​ និង​​​ផែន​ការ​ហ្វឹកហាត់​ឲ្យ​បាន​ដិត​ដល់ ។ បច្ចុប្បន្ន​នេះ​ ​នៅ​ប្រទេស​កម្ពុជា​គ្មាន​កន្លែង​សម្រាប់​​អ្នក​កីឡា​ម៉ារ៉ាតុងហ្វឹកហាត់​ត្រឹម​ត្រូវ​ឡើយ។ ភាគ​ច្រើន​អ្នក​​រត់​ហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ ជា​ពិសេស​នៅ​​​​ជុំ​វិញ​ទី​លាន​បាល់ទាត់​​ និង​រត់​ចុះ​ឡើង​តាម​កន្លែង​អង្គុយ​ទស្សនា។ បើ​មិន​អីចឹង​ទេ រត់​ហាត់​នៅ​កន្លែង​ផ្សេង​ៗ​ ឬ​តាម​ផ្លូវ​នានា​ដែល​មាន​ចរាចរណ៍​មមាញឹក​ដែល​មិន​មែន​ជា​​ប្រការ​ល្អ​សម្រាប់​ហ្វឹកហាត់​ឡើយ។

លោក​បន្ត​ថា​ ជា​ពិសេស​ទៀត​នោះ​ ការ​ហ្វឹកហាត់​គ្មាន​ផែន​ការ​ច្បាស់​លាស់។ ប្រការ​នេះ​លោក​​ចង់​សំដៅ​លើ​​ស្ថាប័ន​​ពាក់​ព័ន្ធ​​​គ្មាន​ផែន​ការ​រៀប​​ចំ​ការ​ហ្វឹកហាត់​ឲ្យ​ត្រឹម​ត្រូវ​​ដើម្បី​ត្រៀម​​​ខ្លួន​ចូល​រួម​ការ​ប្រកួត​កម្រិត​ជាតិ​ និង​អន្តរជាតិ​ឡើយ។ និយាយ​មែន​ទែន​ទៅ ការ​ហ្វឹកហាត់​កើត​ឡើង​ពី​សាមី​ខ្លួន​ផ្ទាល់​តែ​ប៉ុណ្ណោះ​ពោល​គឺ​មិន​មែន​ជា​ការ​ហ្វឹកហាត់​ក្រោម​ការ​មើល​ការ​ខុស​ត្រូវ​ ឬ​រៀប​ចំ​របស់​ស្ថាប័ន​ ឬ​បុគ្គល​ណា​ម្នាក់​នោះ​ទេ។ ជា​ពិសេស​​គេ​ហ្វឹកហាត់​ដើម្បី​សុខភាព​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ពេល​​មាន​​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​ក៏​ចូល​រួម​ប្រកួត​ដែរ ដូច្នេះ​មិន​មាន​អ្នក​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​​ឡើយ។

ឯកឧត្តម ថោង ខុន បំពាក់​មេដាយ​មាស​ដល់ ម៉ា វីរ៉ូ

ម៉ា វីរ៉ូ ដែល​ជា​​កីឡាករ​កម្ពុជា​ម្នាក់​គត់​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​វិញ្ញាសា​ចម្ងាយ​​៤២​គីឡូម៉ែត្រ​​លើក​​ឡើង​ទៀត​ថា​ ទី​២​គឺ​ការ​ជ្រើស​រើស​​កីឡាករ​ កីឡា​ការិនី​​មិន​បាន​ត្រឹម​ត្រូវ ។ ​ពេល​ខ្លះ​គេ​ជ្រើស​រើស​យក​អ្នក​ថ្មី​​​​ជំនួស​​អ្នក​ចាស់​ ប៉ុន្តែ​អ្នក​ថ្មី​មិន​​មាន​សមត្ថភាព​ល្អ​ប្រសើរ​ជាង​អ្នក​ចាស់​ឡើយ។ អ្នក​ចាស់​មាន​កម្រិត​ថេរៈ​វេលា​ល្អ​ប្រសើរ​ជាង​អ្នក​​ថ្មី​ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​គេ​ សុខ​ចិត្ត​យក​អ្នក​ថ្មី?

លោក​ពន្យល់​ថា​ លោក​ទទួល​ស្គាល់​ការ​អភិវឌ្ឍ​​យុវជន​ ឬ​អ្នក​ស្រករ​ក្រោយ​ដើម្បី​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​​ ពី​ព្រោះ​​អាយុ​គេ​នៅ​ក្មេង​ខ្ចី​ ប៉ុន្តែ​ការ​បណ្ដុះបណ្ដាល​អ្នក​​ថ្មី​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មិន​ឃើញ​មាន​​អ្វី​​ល្អ​ប្រសើរ​ជាង​អ្នក​ចាស់​ឡើយ។ ដូច្នេះ​លោក​យល់​ឃើញ​​ថា ការ​ទុក​ចោល​អ្នក​ចាស់​​ដោយ​ជំនួស​អ្នក​ថ្មី​​​ ពេល​ខ្លះ​មិន​ល្អ​ប្រសើរ​ឡើយ។

រហូត​ដល់​​ពេល​នេះ​​ព្រឹត្តិការណ៍​​ម៉ារ៉ាតុង​​អន្តរជាតិ​​​ធំ​ៗ​ដែល​រៀប​ចំ​ការ​​នៅ​ប្រទេស​​កម្ពុជា​មាន​៤​ដង​ក្នុង​មួយ​ឆ្នាំ​គឺ​​ពាក់​កណ្តាល​ម៉ារ៉ាតុង​​អន្តរជាតិ​​អង្គរ​​​ ពាក់​កណ្តាល​ម៉ារ៉ាតុ​អន្តរជាតិ​ភ្នំពេញ​ ពាក់​កណ្តាល​ម៉ារ៉ា​តុង​អន្តរជាតិ​ព្រះ​សីហនុ​ និង​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រ​​​ភព​​ខ្មែរ​នៅ​ខេត្ត​សៀមរាប។

ម៉ា វីរ៉ូ (លេខ១​កណ្តាល) កីឡាករ​ជប៉ុន​ Kawamoto លេខ​២ (ឆ្វេង) និង​កីឡាករ​ជប៉ុន Ota លេខ​៣ (ស្តាំ)

លទ្ធផល​ម៉ារ៉ាតុង​​អន្តរជាតិ​ចក្រ​ភព​ខ្មែរ​​លើក​ទី​៥​ ឆ្នាំ​២០១៨

វិញ្ញាសា​ចម្ងាយ​១០​គីឡូម៉ែត្រ​៖ ផ្នែក​នារី

  • លេខ​១៖ ហេង ម៉េងជូ​ (កម្ពុជា)​ ថេរៈ​វេលា​ ៤៧​នាទី​ និង​២៨​វិនាទី​
  • លេខ​២៖ Matsugi Mina (ជប៉ុន)​ ថេរៈ​វេលា​ ៤៩​នាទី​ និង​៣៨​វិនាទី​
  • លេខ​៣៖ Sum Hau Wun (ចិន)​ ថេរៈ​វេលា​ ៤៩​នាទី​ និង​៥៨​វិនាទី​

វិញ្ញាសា​ចម្ងាយ​១០​គីឡូម៉ែត្រ៖ ផ្នែក​បុរស

  • ​លេខ​១៖ Tamiru Andarge Ayal (អេស្តូភា)​ ថេរៈ​វេលា​ ៣៦​នាទី​ និង​៣៥​វិនាទី​
  • លេខ​២៖ Kang Thoeurn (កម្ពុជា) ថេរៈ​វេលា​ ៣៧​នាទី​ និង​២០​វិនាទី​
  • លេខ​៣៖ ឃ្លាំង​ ប៊ីប៊ុណ្ណារ៉ា (កម្ពុជា)​ ថេរៈ​វេលា​ ៣៨​នារី​ និង​៩​វិនាទី​

វិញ្ញាសា​ចម្ងាយ​២១​​គីឡូម៉ែត្រ​៖ ផ្នែក​នារី

  • លេខ​១៖ Sasaki Mtsuko (ជប៉ុន)​ ថេរៈ​វេលា​ ១​ម៉ោង​ ៣៩​នាទី​ និង​៥៨​វិនាទី​
  • លេខ​២៖ Gao Rui (ចិន)​ ថេរៈ​វេលា​ ១​ម៉ោង​ ៤៥​នាទី​ និង​៤​វិនាទី​
  • លេខ​៣៖ Gawasawa Ayumi (ជប៉ុន)​ ថេរៈ​វេលា​ ១​ម៉ោង​ ៥០​នាទី​ និង​៣២​នាទី

វិញ្ញាសា​ចម្ងាយ​២១​គីឡូម៉ែត្រ​៖ ផ្នែក​បុរស​​

  • លេខ​១៖ វ៉ាន់ ភារ៉ា (កម្ពុជា) ថេរៈ​វេលា​ ១​ម៉ោង​ ២១​នាទី និង​៣៧​វិនាទី​
  • លេខ​២៖ Tam Zhong (ចិន) ថេរៈវេលា​ ១​ម៉ោង​ ២៣​នាទី​ និង​៥៥​វិនាទី​​
  • លេខ​៣៖ Wang Zhen (ចិន) ថេរៈ​វេលា​ ១​ម៉ោង​ ៣០​នាទី​ និង​៥៣​វិនាទី​

វិញ្ញាសា​ចម្ងាយ​​៤២​​គីឡូម៉ែត្រ​៖ ផ្នែក​នារី

  • លេខ​១៖ Hamill Jill (​អង់គ្លេស)​ ថេរៈ​វេលា​ ៣​ម៉ោង​ ៦​នាទី​ និង​៥៨​វិនាទី​
  • លេខ​២៖ Mumford Amy (អង់គ្លេស) ថេរៈ​វេលា​ ៣​ម៉ោង​ ២៥​នាទី​ និង​៣៨​វិនាទី​
  • លេខ​៣៖ Easton Sarah (អង់គ្លេស) ថេរៈ​វេលា​ ៣​ម៉ោង​ ៣៣​នាទី​ និង​៤៤​វិនាទី​ ​

វិញ្ញាសា​ចម្ងាយ​៤២​​គីឡូម៉ែត្រ​៖ ផ្នែក​បុរស​

  • លេខ​១៖ ម៉ា វីរ៉ូ (កម្ពុជា) ថេរៈ​វេលា​ ២​ម៉ោង​ ៥៦​នាទី និង​ ២៤​វិនាទី​​
  • លេខ​២៖ Kawamoto (ជប៉ុន) ថេរៈ​វេលា ២​ម៉ោង​ ៥៨​នាទី​ និង​៥០​វិនាទី​
  • លេខ​៣៖ Ota (ជប៉ុន ថេរៈ​វេលា ៣​ម៉ោង​ ៧​នាទី​ និង​៥៦​វិនាទី​
សកម្មភាព​រត់​ម៉ារ៉ាតុង​​អន្តរជាតិ​អង្គរ​កន្លង​មក
ម៉ា វីរ៉ូ រត់​ម៉ារ៉ាតង់​កន្លង​មក
  • ព័ត៌មាន​ជា​ច្រើន​អំពី​កីឡា​ម៉ារ៉ាតុង​​ សូម​ចុច Marathon

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់