• 2018-08-07 04:58:01
  • វិភាគ

រឿង​៥​មុន​ Premier League រដូវ​កាល​ថ្មី​ចូល​មក​ដល់​

  • 2018-08-07 04:58:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ FIFA World Cup នៅ​រុស្ស៊ី​បញ្ចប់​ទៅ​មិន​បាន​ប៉ុន្មាន​ផង​​ ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ English Premier League ក៏​នឹង​រំកិល​ខ្លួន​ចូល​មក​ដល់​នៅ​ចុង​សប្ដាហ៍​នេះ​ហើយ​។

Manchester City គឺ​ជា​ជើង​ឯក​នៅ​រដូវ​កាល​មុន​ ខណៈ​ Manchester United, Tottenham Hotspur និង​ Liverpool សុទ្ធ​តែ​ប្រជែង​គ្នា​ក្នុង​តំណែង​ Top 4។ ដោយ​ឡែក​ Arsenal និង​ Burnley មាន​កៅអី​នៅ​ Europa League ហើយ​ Stoke City, West Brom និង​ Swansea វេច​បង្វេច​ទៅ​ក្របខ័ណ្ឌ​លំដាប់​ទី​ពីរ។​

រដូវ​កាល​ថ្មី​ដែល​នឹង​ចូល​មក​ដល់​នៅ​៥​ថ្ងៃ​ទៀត​នេះ​មាន​រឿង​រ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​លើក​យក​មក​និយាយ​។ ខាង​ក្រោម​គឺ​ជា​ចំណុច​៥​ដែល​ Sabay ចង់​បង្ហាញ​ប្រិយ​មិត្ត​អ្នក​និយម​បាល់ទាត់​អង់គ្លេស៖

#៥ អវសាន​របស់​ Wenger នៅ​ Arsenal

ក្រៅ​ពី​កីឡាករ​ នៅ​មាន​អ្នក​ចាត់ការ​ទូទៅ​មិន​តិច​ទេ​​ ដែល​មាន​ការ​រុះ​រើ​សម្រាប់​រដូវ​កាល​ថ្មី​​ ប៉ុន្តែ​អ្នក​ចាត់ការ​ដែល​ពិភព​បាល់ទាត់​ចាប់​អារម្មណ៍​បំផុត​គឺ លោក​ Arsene Wenger ​ជា​បុគ្គល​ចំណាយ​ពេល​២២​ឆ្នាំ​ដឹកនាំ​ Arsenal។ Premier League រដូវ​កាល​នេះ​នឹង​ប្លែក​ជាង​មុន​នៅ​ពេល​​គ្មាន​បុរស​​មាន​រហស្សនាម​ថា"តា​បារាំង" ឈរ​បញ្ជា​កូន​ក្រុម​នៅ​លើ​ទីលាន​ ហើយ​ជំនួស​ដោយ​លោក​ Unai Emery អតីត​អ្នក​ចាត់ការ​ជោគជ័យ​មួយ​របស់​ Sevilla និង​ Paris Saint-Germain។

#៤ អ្នក​ចាត់ការ​មិន​ធ្លាប់​ឈ្នះ​ពាន​​ទៅ​ដឹកនាំ​ Chelsea

ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នៅ​ពេល​ Chelsea ដើរ​ដល់​ផ្លូវ​បំបែក​ជាមួយ​លោក​ Antonio Conte ជា​អតីត​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ និង​ Juventus ហើយ​ក៏​ជា​អ្នក​ចាត់ការ​មួយ​រូប​ជួយ​ Chelsea ផ្ទាល់​ឈ្នះ​ពាន​ Premier League និង​ FA Cup។ ក្រុម​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​ "តោ​ខៀវ"​ បាន​សម្រេច​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ទៅ​ឲ្យ​លោក​ Maurizio Sarri ​ជា​មនុស្ស​ល្បី​ខាង​ពូកែ​ប្រើ​តិចនិក​ក្នុង​ការ​ដឹកនាំ​ ប៉ុន្តែ​មិន​ដែល​ឈ្នះ​ពាន​ធំ​ម្ដង​ណា​សោះ​ក្នុង​អាជីព​ជា​អ្នក​ចាត់​ការ​ទូទៅ។ ចាំ​មើល​ការ​មក​កាន់​ទឹកដី​អង់គ្លេស​ តើ​បុរស​ពូកែ​ជក់​បារី​រូប​នេះ​អាច​ធ្វើ​បាន​ល្អ​ឬ​យ៉ាង​ណា។

#៣ ការ​ប្រែ​មុខមាត់​របស់​ Liverpool

ធ្លាប់​ជា​ក្រុម​ទិញ​ថោក​ លក់​ថ្លៃ​ តែ​ Liverpool ក្រោម​ការ​ដឹកនាំ​របស់​លោក Jurgen Klopp បាន​ប្រែប្រួល​ច្រើន​ទាំង​បច្ចេកទេស​លេង​ និង​ការ​ទិញ​ដូរ​កីឡាករ​។ ក្រុម​នេះ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​អឺរ៉ុប​ធំ​ពីរ​មាន​ Europa League និង​ Champions League ក្នុង​រជ្ជកាល​របស់​ Klopp។ ទោះ​​មិន​ឈ្នះ​ពាន​ តែ​ទទួល​ស្គាល់​ថា​ Liverpool សព្វ​ថ្ងៃ​គឺ​ជា​ក្រុម​ខ្លាំង​ដែល​មាន​កីឡាករ​ឆ្នើមៗ​ដូចជា Mohamed Salah, Sadio Mane និង​ Roberto Firmino។ ចំពោះ​ការ​ទិញ​ដូរ​កីឡាករ​ទៀត​សោត​ Liverpool បាន​ចាយ​ក្បែរ​២០០​លាន​អឺរ៉ូ​ក្នុង​មួយ​រដូវ​កាល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​ដើម្បី​នាំ​យក​អ្នក​ចាំទី​ Alisson ពី Roma និង​ខ្សែ​បម្រើ​៣​រូប​ដូចជា Keita, Fabinho និង​ Xherdan Shaqiri។​ ការ​ប្រែប្រួល​នេះ​អាច​ធ្វើ​ឲ្យ​ក្រុម​រហស្សនាម​ ហង្សក្រហម​ ឈ្នះ​ Premier League បាន​ឬ​ក៏​អត់​ យើង​ចាំ​មើល​ទាំង​អស់​គ្នា។​

#២ Mohamed Salah ជា​កីឡាករ​ល្អ​តែ​១​រដូវ​កាល?

Mohamed Salah បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​បន្ទាប់​ពី​បង្ក​ព្យុះ​ភ្លៀង​ជាមួយ​ Liverpool ក្រោយ​ផ្ទេរ​ពី​ Roma ក្នុង​តម្លៃ​៣៦,៩​លាន​ផោន។​ ​ភ្ញាក់​ផ្អើល​ត្រង់​ខ្សែ​បម្រើ​រូប​នេះ​ធ្លាប់​បរាជ័យ​ជាមួយ​ Chelsea តែ​សម្រប​ខ្លួន​បាន​យ៉ាង​រហ័ស​នៅ​រដូវ​កាល​ដំបូង​ជាមួយ​ Liverpool ដោយ​ស៊ុត​បញ្ចូល​ទី​បាន​៣២​គ្រាប់​នៅ​ Premier League ឈ្នះ​ស្បែក​ជើង​មាស​ និង​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​។ មាន​មន្ទិល​សង្ស័យ​ថា​ Salah អាច​រក្សា​ទម្រង់​លេង​ល្អ​របស់​ខ្លួន​ទៀត​ ឬ​ល្អ​បាន​តែ​១​រដូវ​កាល? មាន​តែ​ពេល​វេលា​ប៉ុណ្ណោះ​ទើប​អាច​បកស្រាយ​បាន។

#១ Manchester City នៅ​តែ​ជា​ក្រុម​គំរាម​កំហែង​

Pep Guardiola បាន​បង្កើត​សករាជ​មួយ​ដល់​ Manchester City សម្រាប់​ពិភព​បាល់ទាត់​ចងចាំ​ទុក។​ ក្រុម​ដែល​ធ្លាប់​ជា​ក្រុម​មធ្យម​នៅ​អង់គ្លេស​បាន​ប្រែ​រូប​រាង​ជា​ក្រុម​ខ្លាំង​បំផុត​មួយ​រហូត​គ្រប់គ្នា​ខ្លាច​រអា​។ City បាន​លើក​ពាន​ដាច់​ពិន្ទុ​ក្រុម​លេង​២​ឆ្ងាយ​កាល​ពី​រដូវ​កាល​មុន​ ហើយ​ពួកគេ​ក៏​ជា​ក្រុម​ដំបូង​​ដែរ ​ដែល​រក​បាន​រហូត​១០០​ពិន្ទុ​នៅ​ Premier League។ ជា​មួយ​នឹង​កីឡាករ​ឆ្នើម​ៗ​ដូចជា Kevin de Bruyne, Sergio Aguero, David Silva និង​ Leroy Sané សួរ​ថា​ City នៅ​តែ​ជា​ក្រុម​គំរាម​កំហែង​ទៀត​ឬ​អត់​ វា​​មិន​មែន​ជា​សំណួរ​ពិបាក​ឆ្លើយ​ទេ​ ព្រោះ​ Chelsea ទើប​តែ​ចាញ់​ ២-០ ក្រោម​ថ្វី​ជើង​ពួកគេ​នៅ​ពាន​ Community Shield កាល​ពី​សប្ដាហ៍​មុន៕

ប្រភព៖ Wikipedia | Premier League អត្ថបទ៖ វិរ័ត្ន

មតិយោបល់