• 2018-08-06 07:52:23
  • វិភាគ

Morata ប្ដូរ​លេខ​៩​ព្រោះ​ចង់​គេច​ពី​បណ្ដាសា​នៅ​ Chelsea?​

  • 2018-08-06 07:52:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

Álvaro Morata កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​បាន​ប្ដូរ​អាវ​ពី​លេខ​៩​ ទៅ​លេខ​២៩​វិញ​ ក្រោម​មូលហេតុ​ផ្ទាល់​ខ្លួន​មួយ​។

Morata

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​ពាក់​លេខ​២៩​ដោយ​សារ​ភរិយា​ឈ្មោះ​នាង​ Alice Campello បាន​សម្រាល​កូន​ភ្លោះ​២​ ធ្វើ​ឲ្យ​រូប​គេ​សម្រេច​ថែម​លេខ​២​នៅ​មុខ​លេខ​៩ ក្លាយ​ទៅ​ជា​ ២៩​។​ លេខ​នេះ​ធ្លាប់​បាន​ពាក់​ដោយ​ Samuel Eto’o, Demba Ba និង​ Robert Huth នៅ​ទឹកដី​ Stamford Bridge។

យ៉ាង​ណា​មាន​ការ​លើក​ឡើង​ថា​កីឡាករ​វ័យ​ ២៥​ឆ្នាំ​ប្ដូរ​លេខ​ក៏​ដោយ​សារ​តែ​លេខ​៩​គឺ​ជា​លេខ​គ្មាន​ហុងស៊ុយ​​របស់​ Chelsea។​ កីឡាករ​​ពាក់​លេខ​៩​ហើយ​ជោគជ័យ​នៅ​ទី​នោះ​គឺ Jimmy Floyd Hasselbaink ដែល​ធ្លាប់​ស៊ុត​បញ្ចូល​ទី​បាន​ជាង​៧០​គ្រាប់​ឲ្យ​ក្រុម​រហស្សនាម​ថា​តោ​ខៀវ។

Crespo

ប៉ុន្តែ​ចាប់​តាំង​ពី​លោក​ Jose Mourinho ទៅ​ដឹកនាំ​កីឡាករ​ណា​ដែល​ពាក់​លេខ​៩​ តែង​មិន​ជោគជ័យ​សោះ។ តួយ៉ាង​ដូចជា Mateja Kezman ដែល​ស៊ុត​បាន​៧​គ្រាប់​, Hernan Crespo ស៊ុត​បាន​ត្រឹម​២០​គ្រាប់​, Khalid Boulahrouz ស៊ុត​មិន​បាន​សូម្បី​១​គ្រាប់។

Steve Sidwell ដែល​ជា​ខ្សែ​បម្រើ​បាន​បន្ត​ពាក់​​លេខ​៩​ ហើយ​ក៏​រក​គ្រាប់​មិន​បាន​ដូចគ្នា។ ខ្សែ​ប្រយុទ្ធ​ Franco Di Santo រក​បាន​០​គ្រាប់, Fernando Torres ដែល​ជោគជ័យ​បំផុត​នៅ​ Liverpool បែរ​ជា​រក​បាន​ត្រឹម​២០​គ្រាប់​ពេល​លេង​ឲ្យ​ Chelsea រយៈ​ពេល​ ៤​ឆ្នាំ ហើយ​ Radamel Falcao ​ជា​តារា​ជើង​ស៊ុត​មួយ​រូប​របស់​ កូឡុំប៊ី​រក​បាន​១​គ្រាប់​ប៉ុណ្ណោះ​ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​នៅ Stamford Bridge។

ជន​រងគ្រោះ​ដោយ​សារ​បណ្ដាសា​លេខ​៩​ចុង​ក្រោយ​គឺ Álvaro Morata នេះ​​ឯង​ដោយ​ចំណាយ​ពេល​ពេញ​មួយ​រដូវ​កាល​ជាមួយ​ Chelsea លេង​ជាង​៣០​ប្រកួត​តែ​រក​បាន​ត្រឹម​​១១​គ្រាប់​។​ ចាំ​មើល​ការ​ប្ដូរ​ទៅ​លេខ​២៩​វិញ​តើ​កីឡាករ​រូប​នេះ​អាច​ស្រង់​ដើម​បាន​ឬ​យ៉ាង​ណា៕

Torres
Falcao

ប្រភព៖ dreamteamfc អត្ថបទ៖ វិរ័ត្ន

មតិយោបល់