• 2018-07-26 04:29:07
  • កីឡា​ផ្សេង​ៗ

ក្រុម​ជើង​ឯក​កម្ពុជា​ Revenge Team ចេញ​ទៅ​ប្រកួត​នៅ​សិង្ហបុរី​ស្អែក​

  • 2018-07-26 04:29:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា​ Revenge Team នឹង​ចេញ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី​​នា​រសៀល​​ថ្ងៃ​ស្អែក​ ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ដើម្បី​ចូល​រួម​ប្រកួត​ជើង​ឯក​អាស៊ាន​​ Hyperplay សម្រាប់​វិញ្ញាសា​ League of Legend​ ។

ក្រុម Revenge Team

ក្រុម​ Revenge Team ជា​ជើង​ឯក​​ក្នុង​ការ​ប្រកួត​ជ្រើស​រើស​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ដែល​បាន​បញ្ចប់​​កាល​ពី​​ខែ​មិថុនា​កន្លង​ទៅ។ ក្រុម​នេះ​ត្រូវ​បាន​ជ្រើស​រើស​ចេញ​ពី​ការ​​​ប្រកួត​ក្នុង​ចំណោម​២៣​ក្រុម​ដើម្បី​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ចូល​រួម​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី​។

ព្រឹត្តិការណ៍​ Hyperplay​ ​នឹង​មាន​ក្រុម​ជើង​ឯក​មក​ពី​ប្រទេស​ចំនួន​១០​នៅ​តំបន់​អាស៊ាន​គឺ​​ក្រុម​ជើង​ឯក​ផ្ទះ​សិង្ហបុរី​ កម្ពុជា​​ ថៃ​ វៀតណាម​ ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី​ ហ្វីលីពីន​ ឡាវ​ មីយ៉ាន់ម៉ា​ និង​ប្រ៊ុយណេ។ ក្រុម​​​ជើង​ឯក​​នឹង​ទទួល​បាន​​​រង្វាន់​​​កុំព្យូទ័រ​ម៉ាក​ Razer Blade HD 256GB​ ចំនួន​ ៦​​គ្រឿង​ ដែល​មាន​ម៉ៅ​ ក្តារ​ចុច និង​​កាស​ពាក់​ត្រចៀក​។ កុំព្យូទ័រ​១​គ្រឿង​​ៗ​តម្លៃ​២០០០​ដុល្លារ​ ដូច្នេះ​៦​គ្រឿង​តម្លៃ​សរុប​​១២០០០​ដុល្លារ​អាមេរិក។

ជា​ពិសេស​ទៀត​នោះ​ ក្រុម​ទាំង​១០​​នឹង​ទទួល​បាន​ការ​ឧបត្ថម្ភ​​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​ទេសចរណ៍​លំដាប់​ពិភព​លោក​ជា​ច្រើន​នៅ​ប្រទេស​សិង្ហបុរី​។ ព្រឹត្តិការណ៍​នេះ​នឹង​មាន​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​​ដែល​​មាន​តារា​ចម្រៀង​ និង​ឌីជេ​លំដាប់​ពិភព​លោក​ចូល​រួម​សម្តែង​​ជា​ច្រើន​លើក​ទៀត​ផង។

ក្រុម Revenge Team ពេល​ឈ្នះ​ជើងឯក​នៅ​កម្ពុជា

Hyperplay ​ជា​មហោស្រព​តន្ត្រី​ និង​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​លើក​ដំបូង​នៅ​តំបន់​អាស៊ាន​​ដែល​នឹង​រៀប​ចំ​​ថ្ងៃ​ទី​៤-៥ ខែ​សីហា​ ឆ្នាំ​២០១៨​នៅ​កីឡដ្ឋាន​ Indoor Stadium ដែល​ជា​ផ្នែក​មួយ​​​របស់​ប្រទេស​សិង្ហបុរី​​ក្នុង​នាម​​ជា​​ប្រធាន​អាស៊ាន​ឆ្នាំ​នេះ។ តាម​រយៈ​កម្មវិធី Hyperplay យុវជន​នៅ​ក្នុង​តំបន់​នឹង​​បាន​ជួបជុំ​គ្នា​​ដើម្បី​គោល​បំណង​រួម​គ្នា ប្រកួត​ជា​មួយ​គ្នា ស្វែង​យល់​ពី​គ្នា​ និង​កសាង​សហគមន៍​អាស៊ាន​តែ​មួយ​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា។

ក្រុម​ជើង​ឯក​កម្ពុជា​ Revenge Team និង​ថ្នាក់​ដឹក​នាំ​នឹង​ចេញ​ដំណើរ​ពី​ប្រទេស​កម្ពុជា​វេលា​ម៉ោង​៣​​រសៀល​ ថ្ងៃ​សុក្រ​ ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៨៕

Revenge Team ឈ្នះ​ជើង​ឯក​ LOL តំណាង​កម្ពុជា​ទៅ​ប្រកួត​នៅ​សិង្ហបុរី​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់