• 2018-07-21 02:56:21
  • បាល់ទាត់

កាន់​តែ​ច្បាស់ កីឡាករ​លំដាប់​កំពូល​ៗ រត់​ចេញ​ពី​អេស្ប៉ាញ អាច​មាន​ពាក់​ព័ន្ធ​នឹង​បញ្ហា​ពន្ធ​​ដ៏​ស្មុគស្មាញ

  • 2018-07-21 02:56:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដែល​ធ្វើការ​រកស៊ី នៅ​ប្រទេស​អេស្ប៉ាញ​គ្រប់រូប មាន​កាតព្វកិច្ច​បង់ពន្ធ​លើ​ប្រាក់​ចំណូល​។ បើ​តាម​ច្បាប់​បង់ពន្ធ​ឆ្នាំ២០១៦ ប្រាក់​ចំណូល​ចាប់​ពី​១២ ៤៥០ អឺរ៉ូ ទៅដល់ ៦០០ ០០០ អឺរ៉ូ​ ត្រូវ​បង់​ពន្ធ​ចាប់ ពី១៩% ទៅ៤៥%។

​ដោយ​ឡែក​រដ្ឋ​បាន​កំណត់ "ពន្ធ​ពិសេស​សម្រាប់​ជនបរទេស ធ្វើការ​នៅ​អេស្ប៉ាញ" ដែល​ធូរ​ប្រមាណ​​ពាក់​កណ្ដាល​បើ​ធៀប នឹង​ការ​បង់ពន្ធ​ទូទៅ​។ ការ​កំណត់​បែបនេះ​ មាន​គោល​បំណង​ លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​មាន​ទេព​កោសល្យ និង កំពូល​កីឡាករ​ជុំវិញ​ពិភពលោក ទៅ​ប្រកប​អាជីព​នៅ​ប្រទេស​នេះ។

ច្បាប់​នេះ ជួនកាល​គេ​ហៅថា "ច្បាប់ Beckham ឬ (Beckham Law)” ព្រោះ​កាលពី​ឆ្នាំ​២០០៣ ពេល David Beckham ទៅ​លេង​ឲ្យ Real Madrid គាត់​​ចំណេញ​ថ្លៃ​បង់ពន្ធ​ពាក់​កណ្ដាល ពោលគឺ Beckham បង់​ត្រឹម ២៤% ប៉ុណ្ណោះ។ ​​​​

ច្បាប់​លើ​ពន្ធ​ពិសេស​នេះ តម្រូវ​ឲ្យ​បង់​ត្រឹម ២៤% ចំពោះ​ចំណូល​ក្រោម​ ៦០០ ០០០ អឺរ៉ូ តែ​​បើ​លើស​​ពី​នេះ​ នៅ​តែ​ត្រូវ​បង់ ៤៥% ដដែល។ លក្ខណៈ​ពិសេស​មួយ​ទៀត​របស់ "ច្បាប់ Beckham” គឺ ​មិនថា​ចំណូល​ច្រើន​ប៉ុណ្ណា​ក៏ដោយ បង់​ពន្ធ​ត្រឹម​២៤% ទេ ក្នុងរយៈពេល៥ ឆ្នាំ​ដំបូង ផុត​ពី​នោះ ៤៥% ដដែល។ ​ដោយ​ឡែក Ronaldo នៅ​ជាមួយ​ Real Madrid ជិត​១០​ឆ្នាំ​ហើយ​បន្ទាប់​ពី​ចាកចេញ​ពី​ក្លឹប​បិសាចក្រហម មក​ទឹកដី​អេស្ប៉ាញ​កាល​ពី​ឆ្នាំ​២០០៩។

បើ​តាម​សារព័ត៌មាន Goal បន្ទាប់​ពី​កាត់​ពន្ធ​រួច ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ Ronaldo នៅ​សល់​ប្រមាណ ១៩ លាន​ផោន (ប្រហែល ២៥ លាន​ដុល្លារ) បានន័យ​ថា ​ពន្ធ​​លើ​ប្រាក់​ចំណូល​៤៥%​របស់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​រូបនេះ​ដែល​ត្រូវ​បង់​ឲ្យ​រដ្ឋាភិបាល​អេស្ប៉ាញ គិត​ជា​ទឹកប្រាក់​ប្រមាណ ២០ លាន​ដុល្លារ​ក្នុង​១​ឆ្នាំ គឺ​​លុយ​បង់ពន្ធ​ជិត​ស្មើ​នឹង​លុយ​ញើស​ឈាម​ដែល​អតីត​កីឡាករ​ Real Madrid រូប​នេះ​​ ត្រូវ​ទទួល។

ជា​រួម កីឡាករ​មាន​តម្លៃ​ខ្លួន​កប់​ពពក​នៅ​អេស្ប៉ាញ ដូច​ប្រឹង​រក​លុយ​បាន​ តែត្រូវ​ចែក​ម្នាក់​​ពាក់​កណ្ដាល​​ជាមួយ​រដ្ឋាភិបាល​អ៊ីចឹង។ ដូច្នេះ​ហើយ​បាន​ជា​កំពូល​កីឡាករ​​​ដូច​ជា Messi, Ronaldo និង Neymar សុទ្ធ​តែ​ធ្លាប់​ត្រូវ​បាន​តុលាការ​កោះហៅ​រឿង​មិន​បង់ពន្ធ។

កាល​ពី​​ពាក់​កណ្ដាល​ខែ​មុន ទីភ្នាក់ងារ​ព័ត៌មាន Al Jazeera ​ដ៏​មាន​ប្រជាប្រិយភាព​របស់​ប្រទេស​កាតា បាន​ផ្សាយ​ថា Ronaldo បាន​ព្រម​បង់ពន្ធ ២១,៨ លាន​ដុល្លារ​អាមេរិក​ដើម្បី​បញ្ចប់​រឿង​ក្តី​ជាមួយ​តុលាការ​អេស្ប៉ាញ ស្រប​ពេល​ដែល ប្រធាន​លីគ​កំពូល​អេស្ប៉ាញ លោក Javier Tebas ក៏​បាន​និយាយ​ផង​ដែរ​ថា Ronaldo ចេញ​ពី Real អាចដោយសារ​ប្រព័ន្ធ​ពន្ធ​​ដ៏​ស្មុគស្មាញ​នៅ​ប្រទេស​នេះ៕

ប្រភព៖ BBC | Aljazeera ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់