
- 2018-07-16 04:20:52
- បាល់ទះ
សិក្ខាកាមឆ្នើម ៤រូប អាចដឹកនាំការប្រកួតបាល់ទឹកបានហើយ ក្រោយឆ្លងកាត់វគ្គសិក្សាខ្លី
- 2018-07-16 04:20:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 1
សិក្ខាកាមឆ្នើម ៤រូប អាចដឹកនាំការប្រកួតបាល់ទឹកបានហើយ ក្រោយឆ្លងកាត់វគ្គសិក្សាខ្លី
ចន្លោះមិនឃើញ
បន្ទាប់ពីឆ្លងកាត់វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតមូលដ្ឋានបាល់ទឹក រយៈពេល ៣ថ្ងៃ កន្លងទៅនេះ មើលឃើញថា មានសិក្ខាកាមឆ្នើម ៤រូប ដែលអាចគ្រប់គ្រងការប្រកួតបានហើយ នេះបើតានឲ្យដឹងពីគ្រូឧបទេសជនជាតិគុយបា។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា នេះជាលើកទី១ហើយ ដែលមានបង្កើតវគ្គបាល់ទឹកនេះឡើង ព្រោះពីមុនមកធ្លាប់មានតែវគ្គបណ្ដុះបណ្ដាលទៅលើកីឡាហែលទឹក ឬលោតទឹកប៉ុណ្ណោះ។ បើតាមផែនការរបស់សហព័ន្ធ គ្រោងនឹងបើកវគ្គបណ្ដុះបណ្ដាលវគ្គកីឡាបាល់ទឹកនេះឲ្យបាន ១ដង បន្ថែមទៀតនាឆ្នាំ២០១៨នេះ។
អគ្គលេខាធិការខាងលើ ប្រាប់ទៀតថា វគ្គបណ្ដុះបណ្ដាលរយៈពេល៣ថ្ងៃនេះ គឺផ្ដោតសំខាន់តែនៅលើទ្រឹស្ដី ច្បាប់នៃការប្រកួត ការដាក់ពិន្ទុ ឬគ្រប់គ្រង និងដឹកនាំការប្រកួតប៉ុណ្ណោះ ហើយនៅវគ្គក្រោយៗទៀតនោះ នឹងផ្ដោតទៅលើការហ្វឹកហាត់ រួមនិងវិធីបង្រៀនដល់កីឡាករបន្ថែមទៀត។
ចំណែកលោក Alex Celda ដែលជាគ្រូឧបទេស ក៏ឲ្យដឹងដែរថា សម្រាប់វគ្គបណ្ដុះបណ្ដាល៣ថ្ងៃកន្លងទៅនេះ អាចវាយតម្លៃបានថាល្អប្រសើរខ្ពស់តែម្ដង បើទោះវាជាលើកទី១ក៏ដោយ។ បើតាមការសម្លឹងឃើញនាវគ្គសិក្សានេះ មានសិក្ខាកាម៤រូប មានសមត្ថភាពគ្រប់គ្រាន់ល្អ ដែលអាចដឹកនាំការប្រកួត ឬកត់ត្រាពិន្ទុបាន មិនថាការប្រកួតតូច ឬធំនោះឡើយ។
រំលឹកដែរថា វគ្គសិក្សាខ្លីកម្រិតមូលដ្ឋានស្ដីអំពីកីឡាបាល់ទឹកលើកទី១នេះ មានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកក្កដា ឆ្នាំ២០១៨ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដែលមានសិក្ខាកាម ២២រូបចូលរួម។ វគ្គសិក្សានេះដែរបានគ្រូឧបទេសជនជាតិគុយបា ដែលជាអតីតកីឡាករជម្រើសរើសជាតិកីឡាបាល់ទឹកផងដែរ៕