• 2018-07-12 08:12:53
  • ប្រវត្តិ​​

កំណត់ត្រា​ដែល​ Ronaldo អាច​បំបែក​បាន​នៅ Juventus

  • 2018-07-12 08:12:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ចាកចេញ​ពី Real Madrid យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដើម្បី​ទៅ​ចូល​រួម​ជាមួយ​ Juventus ក្នុង​តម្លៃ​ខ្លួន​១០០​លាន​អឺរ៉ូ​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា កន្លង​ទៅ។​

ការ​ចាកចេញ​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​គ្មាន​ការ​បង្ខិតបង្ខំ​អ្វី​ទេ​ គឺ​សាមី​ខ្លួន​បាន​សុំ​ក្លឹប​ទៅ​កាន់​ទឹកដី​អ៊ីតាលី​ដើម្បី​ស្វែងរក​បទ​ពិសោធន៍​ថ្មី​ក្រោយ​ចំណាយ​ពេល​៩​ឆ្នាំ​ជាមួយ​ក្លឹប​ជើង​ឯក​ Champions League ១៣​សម័យ​កាល។​

សឹង​មួយ​អាជីព​របស់​ Ronaldo បាន​ឈ្នះ​ពាន​ទាំង​ជាមួយ​ក្លឹប​ និង​ពាន​ផ្ទាល់​ខ្លួន​ជា​ច្រើន​ ហើយ​រូប​គេ​ក៏​តែង​បំបែក​ និង​បង្កើត​កំណត់ត្រា​ថ្មី​ជា​ច្រើន​ដែរ។​ ខាង​ក្រោម​គឺ​ជា​លទ្ធភាព​ដែល​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​អាច​បំបែក​កំណត់ត្រា​ថ្មី​ជាមួយ​ Juventus បើ​សិន​ជា​គេ​មិន​ធ្លាក់​ទម្រង់​លេង៖

១. កីឡាករ​ដំបូង​ដែល​អាច​លើក​ពាន​ Premier League, La Liga និង​ Serie A

Ronaldo ធ្លាប់​ឈ្នះ​ Premier League ជាមួយ​ Manchester United និង​​ La Liga ជាមួយ​ Real Madrid ស្រប​ពេល​ Juventus លើក​ពាន​ Serie A ៧​រដូវ​កាល​ជាប់​គ្នា​ ដូច្នេះ​គេ​អាច​នឹង​ក្លាយ​ជា​កីឡាករ​ដំបូង​ដែល​ធ្វើ​បាន​កំណត់ត្រា​នេះ។​

២. ឈ្នះ​ Champions League ជាមួយ​ក្លឹប​៣​ផ្សេង​គ្នា

ខ្សែ​ប្រយុទ្ធ​មាន​ឈ្មោះ​កាត់​ CR7 ធ្លាប់​លើក​ពាន​ Champions League ជាមួយ​ Manchester United និង​ Real Madrid ដូច្នេះ​បើ​ឈ្នះ​ជាមួយ​ Juventus បាន​ទៀត​កំណត់ត្រា​ថ្មី​មួយ​នឹង​កើត​ឡើង។​

៣. ឈ្នះ​ Champions League ៦​ដង

Ronaldo ធ្លាប់​ឈ្នះ​ Champions League ៥​លើក​មក​ហើយ​ នៅ​២​ក្លឹប​កន្លង​មក​ ដូច្នេះ​បើ​លើក​ពាន​បាន​លើក​ទី​៦​រូប​គេ​នឹង​ស្មើ​កំណត់ត្រា​របស់​លោក Paco Gento។

៤. ឈ្នះ​ Ballon d'Or ៦​លើក​

មាន​តែ​ Ronaldo និង​ Messi ប៉ុណ្ណោះ​ដែល​ធ្លាប់​ឈ្នះ​ Ballon d'Or ៥​ដង​ស្មើ​គ្នា​ ក្នុង​ករណី​ដែល​ប្រធាន​ក្រុម​ព័រទុយហ្គាល់​ឈ្នះ​បាន​ម្ដង​ទៀត​ រូប​គេ​នឹង​ក្លាយ​ជា​កីឡាករ​ម្នាក់​គត់​ឈ្នះ​ Ballon d'Or ច្រើន​ជាង​គេ។​

៥. ស្បែក​ជើង​មាស​ទ្វីប​អឺរ៉ុប​ចំនួន​៥

Ronaldo ឈ្នះ​ស្បែក​ជើង​មាស​ទ្វីប​អឺរ៉ុប​៤​ដង​ ដោយ​ម្ដង​នោះ​ឈ្នះ​រួម​គ្នា​ជាមួយ​ Luis Suarez។ បើ​អាច​ឈ្នះ​វា​ជាមួយ​ Juventus រដូវ​កាល​ក្រោយ​ Ronaldo នឹង​មាន​កំណត់ត្រា​ស្មើ​គ្នា​ជាមួយ​ Lionel Messi។

៦. កីឡាករ​ស៊ុត​ចូល​ច្រើន​បំផុត​នៅ​ Serie A

កំណត់ត្រា​កីឡាករ​ស៊ុត​ចូល​ច្រើន​បំផុត​នៅ​ Serie A គឺ​កាន់កាប់​ដោយ​ Gonzalo Higuain មាន​ចំនួន​៣៦​គ្រាប់​។ យោង​លើ​បទ​ពិសោធន៍​កន្លង​មក​នៅ​ Premier League និង​ La Liga ចំនួន​នេះ​គឺ​មិន​ពិបាក​ទេ​សម្រាប់​ Ronaldo ក្នុង​ការ​បំបែក​វា។

៧. កីឡាករ​ស៊ុត​ចូល​ច្រើន​បំផុត​គិត​លើ​គ្រប់​កម្មវិធី​របស់​ Juventus

Top Scorer គិត​លើ​គ្រប់​កម្មវិធី​ក្នុង​មួយ​រដូវ​កាល​របស់​ Juventus កាន់​កាប់​ដោយ​វីរបុរស​​ Ferenc Herzer នៅ​រដូវ​កាល​ ១៩២៥-២៦។ ការ​មក​ដល់​របស់​ Ronaldo អាច​ជា​ការ​គំរាមកំហែង​ចំពោះ​កំណត់ត្រា​នេះ។​

៨. Hat Trick ច្រើន​បំផុត​នៅ Champions League

ទាំង​ Ronaldo និង​ Messi មាន​ Hat Trick ច្រើន​បំផុត​នៅ Champions League ស្មើ​គ្នា​គឺ​ចំនួន​៧​ដង។​ តួលេខ​នេះ​មាន​ន័យ​ថា​ខ្សែ​ប្រយុទ្ធ​ជំនាញ​ជើង​ស្ដាំ​នៅ​តែ​មាន​ឱកាស​ដើម្បី​យក​ឈ្នះ​ Messi ជាមួយ​ក្លឹប​ Juventus។

៩. Hat Trick ច្រើន​បំផុត​នៅ Serie A

កំណត់ត្រា​នេះ​ហាក់​ពិបាក​ជាង​គេ​បើ​ធៀប​នឹង​កំណត់ត្រា​ទាំង​អស់​ខាង​លើ​ដោយ​សារ​ Hat Trick ច្រើន​បំផុត​នៅ Serie A មាន​ចំនួន​ ១៧​ដង​ កាន់​កាប់​ដោយ​កីឡាករ​២​រូប​គឺ Gunnar Nordahl និង​ Giuseppe Meazza។ បើ​សិន​ Ronaldo លេង​នៅ​ Juventus ពេញ​៤​ឆ្នាំ​ដូច​កិច្ច​សន្យា​គឺ​រូប​គេ​ត្រូវ​ការ​ស៊ុត​ Hat Trick ឲ្យ​បាន​តិច​បំផុត​៤ ឬ​៥​ ក្នុង​មួយ​រដូវ​កាល​ដើម្បី​បំបែក។​

១០. កីឡាករ​ Top Scorer នៅ​ PL, La Liga & Serie A

វីរបុរស​២​រូប​គឺ John Charles និង​ Christian Vieri ធ្លាប់​ជា​ Top Scorer នៅ​លីគ​២​ផ្សេង​គ្នា​គឺ Premier League, Serie A និង​ La Liga, Serie A ស្រប​ពេល​ Ronaldo ធ្លាប់​ជា​ Top Scorer នៅ​ Premier League និង​​ La Liga ស្រាប់​រូប​គេ​នឹង​អាច​បំបែក​កំណត់ត្រា​នេះ​បើ​ឈ្នះ​នៅ​ Serie មួយ​ទៀត៕

ប្រភព៖ Wikipedia អត្ថបទ៖ វិរ័ត្ន

មតិយោបល់