• 2018-07-11 02:52:36
  • វិភាគ

កីឡាករ​៣​រូប​អាច​ទៅ​ជំនួស​ Ronaldo នៅ​ Real Madrid

  • 2018-07-11 02:52:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ទៅ​ចូល​រួម​ជាមួយ​ Juventus ក្លាយ​​ជា​កីឡាករ​ថ្លៃ​បំផុត​មួយ​​ក្នុង​ចំណោម​៤​នៅ​លើ​ពិភពលោក​។​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​មាន​តម្លៃ​ខ្លួន​១១២​លាន​អឺរ៉ូ​ ហើយ​បាន​ចុះ​ហត្ថលេខា​លេង​រយៈ​ពេល​៤​ឆ្នាំ​ជាមួយ​ក្លឹប​ជើង​ឯក​អ៊ីតាលី​។ Ronaldo វ័យ​៣៣​ឆ្នាំ​ ឈ្នះ​ Champions League ៤​ដង និង​ La Liga ២​ដង​ជាមួយ​ Real Madrid ក្នុង​រយៈ​ពេល​៩​ឆ្នាំ​។

ក្រោយ​បាត់បង់​តារា​ឆ្នើម​របស់​ខ្លួន​ Real Madrid ត្រៀម​ចាយ​លុយ​ធំ​ដើម្បី​ស្វែង​រក​អ្នក​ទៅ​ជំនួស​។ កីឡាករ៣រូបដែលក្លឹប​អាច​សម្លឹង​ឃើញ៖​

#១ Neymar

Neymar គឺ​ជា​ជម្រើស​ឈាន​មុខ​ ​ដែល​អាច​ទៅ​កាន់​ Real Madrid ក្រោយ​ការ​ចាកចេញ​របស់​ Cristiano Ronaldo។ ខ្សែ​ប្រយុទ្ធ​​ប្រេស៊ីល​មាន​ពាក្យ​ចចាមអារ៉ាម​យូរ​ណាស់​​ហើយ​ជាមួយ Real ប៉ុន្តែ​គេ​មិន​ចង់​ទៅ​ធ្វើ​ស្រមោល​របស់​ Ronaldo។ យ៉ាង​ណា​​​ឱកាស​​ Neymar បាន​មក​ដល់​ហើយ​ពេល​នេះ។​ ​​ការ​ទៅ​កាន់​ Real Madrid អាច​ឲ្យ​គេ​ចាប់​ដៃ​គូ​ជាមួយ​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​​​ Marcelo ហើយ​ក្ដី​សង្ឃឹម​ឈ្នះ​ Ballon d'Or ក៏​មាន​ខ្ពស់​ជាង​នៅ​ PSGដែរ។

#២ Harry Kane

មិន​ខុស​ពី​ Neymar ទេ Harry Kane ក៏​ជា​គោលដៅ​របស់​ក្លឹប​ Santiago Bernabeu យូរ​ណាស់​ហើយ​ដែរ។​ Kane គឺ​ជា​តារា​ជើង​ស៊ុត​ ជា​ម្ចាស់​ស្បែក​ជើង​មាស​នៅ Premier League រដូវ​កាល​ ២០១៦/១៧ ហើយ​ក៏​ជា​អ្នក​ប្រជែង​ស្បែក​ជើង​មាស​ជាមួយ​ Mohamed Salah ដែរ​កាល​ពី​រដូវ​កាល​មុន។​ នៅ​ World Cup វិញ​រូប​គេ​បច្ចុប្បន្ន​ជាមួយ​ Top Scorer រក​បាន​៦​គ្រាប់​ ខណៈ​អង់គ្លេស​នៅ​សល់​២​ប្រកួត​ទៀត​ដែល​ត្រូវ​លេង។ Kane គឺ​ជា​ជម្រើស​ល្អ​បំផុត​មួយ​សម្រាប់​ជំនួស​ Ronaldo តែ​វា​អាស្រ័យ​លើ​សាមី​ខ្លួន​ចង់​ចេញ​ពី Premier League ឬ​អត់​ព្រោះ​កីឡាករ​អង់គ្លេស​សឹង​១០០%​លេង​លីគ​ក្នុង​ប្រទេស​របស់​ខ្លួន។

#៣ Eden Hazard

មុន​ព្រឹត្តិការណ៍​ World Cup កីឡាករ​ Eden Hazard បាន​បង្ហើប​ថា​អនាគត​របស់​ខ្លួន​នៅ​ Stamford Bridge មិន​ទាន់​ប្រាកដប្រជា​នៅ​ឡើយ​ទេ។ ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​អាច​ចាកចេញ​ពី​ Chelsea គ្រប់ពេល​ហើយ​ Real Madrid គឺជា​ជម្រើស​ដ៏​សក្ដិសម​របស់​រូប​គេ។ ភាព​វ័យ​ឆ្លាត​លើ​ទីលាន, បច្ចេកទេស, ការ​បណ្ដើរ​បាល់​ និង​បញ្ជូន​បាល់​ច្បាស់​ៗ​ ​ពិត​ជា​អាច​ឲ្យ​ Hazard សម្រប​ខ្លួន​យ៉ាង​រហ័ស​ជាមួយ​ក្លឹប​យក្ស​របស់​អេស្ប៉ាញ​បើ​សិន​ជា​ការ​ផ្ទេរ​កើត​ឡើង​មែន​នោះ៕

ប្រភព៖ Marca | AS English អត្ថបទ៖ វិរ័ត្ន

មតិយោបល់