• 2018-07-10 07:27:27
  • កីឡា​ផ្សេង​ៗ

ពល​រដ្ឋ​ម្ចាស់​ស្រុក​​​តិច​ជាង​បរទេស​​ខ្លាំង​​​​បាន​ចុះ​​ឈ្មោះ​​​រត់​ម៉ារ៉ាតុង​ចក្រភព​ខ្មែរ គិត​​ត្រឹម​ពេល​នេះ​

  • 2018-07-10 07:27:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជា​ពល​រដ្ឋ​ខ្មែរ​ និង​បរទេស​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​រត់​​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​ខ្មែរ​លើក​ទី​៥​មាន​ភាព​ខុស​គ្នា​ខ្លាំង​បំផុត​ ​បន្ទាប់​ពី​បើក​​ចុះ​ឈ្មោះ​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង់​ទៅ​។ នេះ​បើ​តាម​ការ​ឲ្យ​ពី​សន្និសីទ​សារព័ត៌មាន​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៨​នេះ។

ឯកឧត្តម វ៉ាត់ ចំរើន

ឯក​ឧត្តម​ វ៉ាត់ ចំរើន ​អគ្គលេខាធិការ​នៃ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​បាន​ឲ្យ​ដឹង​ក្នុង​​សន្និសីទ​សារព័ត៌មាន​​ថា ការ​ចុះ​ឈ្មោះ​បាន​​បើក​មួយ​រយៈ​ពេល​ហើយ​ដែល​រហូត​ដល់​ពេល​នេះ​ទទួល​បាន​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រមាណ​១៣០០​នាក់។ ក្នុង​ចំណោម​អ្នក​ចុះ​ឈ្មោះ​​ប្រមាណ​១៣០០​នាក់​នេះ​គឺ​មាន​ជន​បរទេស​ជាង​១​ពាន់​នាក់​ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​មាន​ចំនួន​តិច​នៅ​ឡើយ។ ​ពេល​​វេលា​ប្រហែល​ជា​១​ខែ​ ឬ​២​ខែ​ដំបូង​ពេល​ប្រកាស​ចុះ​ឈ្មោះ​ ពលរដ្ឋ​ខ្មែរ​មិន​សូវ​ចាប់​អារម្មណ៍​​ទេ​ ប៉ុន្តែ​ប្រហែល​ជា​១​សប្ដាហ៍​​ឬ​២​សប្ដាហ៍​​ជិត​ដល់​ថ្ងៃ​ប្រកួត​ទើប​សម្រុក​ចុះ​ឈ្មោះ​​ចូល​រួម​ប្រកួត។

ឯក​ឧត្តម​​បន្ត​​ថា​ ក្នុង​ចំណោម​ជន​បរទេស​ជាង​១​ពាន់​នាក់​ដែល​បាន​ចុះ​ឈ្មោះ​​គឺ​ភាគ​ច្រើន​បំផុត​ជា​ជន​ជាតិ​អាស៊ី។ ក្នុង​រយៈ​ពេល​ខែ​មិថុនា​ ឬ​កក្កដា​នេះ​ជា​ពេល​ដែល​ជន​ជាតិ​អាស៊ី​មាន​ទំនេរ​អាច​ដើរ​កម្សាន្ត​បាន​​ដូច្នេះ​ហើយ​បាន​ជា​មាន​​ជន​ជាតិ​អាស៊ី​ច្រើន​ ប៉ុន្តែ​បើ​ចុង​ឆ្នាំ​វិញ​ទើប​ជា​ពេល​ជន​ជាតិ​អឺរ៉ុប​ច្រើន។ ​ជន​ជាតិ​អាស៊ី​​​ទាំង​​នេះ​​គឺ​ចិន​​បាន​ចុះ​ឈ្មោះ​ច្រើន​​ជាង​គេ​រហូត​​​ជាប់​លេខ​១​ ជន​ជាតិ​​ជប៉ុន​លេខ​២​ និង​សិង្ហបុរី​លេខ​៣។ ក្រៅ​ពី​នោះ​មាន​ពលរដ្ឋ​មក​ពី​ប្រទេស​ផ្សេង​ៗ​នៅ​អាស៊ី។

លោក សែម ផល្លា អ្នក​ទទួល​បន្ទុក​រៀប​ចំ​​កីឡា​ម៉ារ៉ាតុង

ព្រឹត្តិការណ៍​រត់​​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​ខ្មែរ​​លើក​ទី​៥​​នៅ​ខេត្ត​សៀម​រាប​នឹង​​ធ្វើ​នៅ​ថ្ងៃ​ទី​​៥​ ខែ​សីហា​ ឆ្នាំ​២០១៨​ដែល​​ត្រូវ​បាន​រំពឹង​ថា នឹង​មាន​អ្នក​ចូល​រួម​ច្រើន​ជាង​ឆ្នាំ​មុន​​ដែល​មាន​ប្រមាណ​ជាង​២​នាក់​ប៉ុណ្ណោះ។ ម៉ារ៉ាតុង​អន្តរជាតិ​​ចក្រ​ភព​ខ្មែរ​​​ដែល​មាន​៤​វិញ្ញាសា​គឺ​៤២​គីឡូ​ម៉ែត្រ​ ២១​គីឡូម៉ែត្រ​ ១០​គីឡូម៉ែត្រ​ និង​៣​គីឡូ​ម៉ែត្រ​នេះ​ចូល​រួម​ឧបត្ថម្ភ​ធំ​ដោយ​ Smart។

រូបថត​ជុំ​គ្នា

សូម​បញ្ជាក់​ ការ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​រត់ម៉ារ៉ាតុង​ចក្រភព​ខ្មែរ​បើក​រហូត​ដល់​ថ្ងៃ​ប្រកួតទើប​បិទ​​ ដូច្នេះ​ជា​ឱកាស​ដែល​បង​ប្អូន​ពលរដ្ឋ​ខ្មែរ​ ជា​លក្ខណៈ​គ្រួសារ​ ស្ថាប័ន ក្រុម​ហ៊ុន និង​ជន​ជាតិ​បរទេស​នៅ​មាន​ឱកាស​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ ពី​ព្រោះ​មាន​វិញ្ញាសា​ចម្ងាយ​៣​គីឡូម៉ែត្រ​ដែល​ជា​ប្រភេទ​វិញ្ញាសា​រត់​ដើម្បី​កម្សាន្ត​ និង​សុខភាព៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់