• 2018-07-09 03:40:53
  • ប្រវត្តិ​​

៥​យ៉ាង​ដែល​អ្នក​អាច​មិន​ដឹង​ពី​គ្រូ​អង់គ្លេស​ Gareth Southgate

  • 2018-07-09 03:40:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Southgate កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្រោយ​ដឹក​នាំ​អង់គ្លេស​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ World Cup បើ​ទោះ​ជា​ពី​ដំបូង​គ្មាន​នរណា​ជឿជាក់​ខ្លាំង​លើ​រូប​លោក​ក៏​ដោយ។​

ក្រុម​រហស្សនាម​​តោ​កំណាច​ត្រូវ​​មើល​រំលង​សម្រាប់​ World Cup រុស្ស៊ី​ ​ដោយ​សារ​ជម្រើស​២៣​នាក់​របស់​ពួកគេ​ហាក់​ ​ក្រោម​ក្រុម​ដទៃ​ទៀត​ ដូចជា​ ប្រេស៊ីល, អេស្ប៉ាញ,​ អាល្លឺម៉ង់ និង​ អាហ្សង់ទីន​ ជា​ដើម ​តែ​យ៉ាង​ណា​​ក្រុម​ទាំង​នោះ​បាន​ធ្លាក់​ចេញ​អស់​ ហើយ​អង់គ្លេស​ទៅ​វិញ​ទេ ដែល​ឡើង​​វគ្គ​៤​ក្រុម​ចុងក្រោយ ថែម​ទាំង​មាន​ឱកាស​ដណ្ដើម​ពាន​បើ​អាច​ឈ្នះ​ក្រូអាត​នៅ​ថ្ងៃ​ពុធ​នេះ។

​នៅ​ពី​ក្រោយ​ជោគជ័យ​របស់​អង់គ្លេស​គឺ​ព្រោះ​តែ​​គ្រូ​បង្វឹក​មិន​សូវ​ល្បី​ឈ្មោះ​ Gareth Southgate។ ខាង​ក្រោម​គឺ​ជា​រឿងរ៉ាវ​៥​យ៉ាង​របស់​​អ្នក​ចាត់ការ​វ័យ​៤៧​ឆ្នាំ​ ដែល​ប្រិយ​មិត្ត​មិនធ្លាប់​បាន​ដឹង៖​

១. Southgate ប៊ិះ​ក្លាយ​ជា​កីឡាករ​បាល់​ឱប

កាល​នៅ​ជា​យុវជន​ Southgate ពូកែ​ទាំង​បាល់ទាត់ និង​កីឡាករ​បាល់​ឱប។ លោក​ធ្លាប់​ជា​កីឡាករ​បាល់​ឱប​ជម្រើស​សាលា​ និង​ឈ្នះ​ជើង​ឯក​៣​សម័យ​កាល​ ថែម​ទាំង​មាន​ឱកាស​ក្លាយ​ជា​កីឡាករ​អាជីព​ផង​ តែ​ Southgate ចាប់​អារម្មណ៍​បាល់ទាត់​ជាង​ក៏​សម្រេច​ចិត្ត​ចោល​បាល់​ឱប។​​

២. អាច​លេង​បាល់​បាន​ច្រើន​តំណែង

មិន​ត្រឹម​មាន​ទេពកោសល្យ​ខាង​បាល់ទាត់​ទេ Southgate ថែម​ទាំង​អាច​លេង​បាន​ច្រើន​តំណែង​ថែម​ទៀត​ដូចជា ខ្សែ​ការពារ​ស្ដាំ, ខ្សែ​ការពារ​កណ្ដាល​, ខ្សែ​ការពារ​ឆ្វេង​ និង​ខ្សែ​បម្រើ​ជា​ដើម។ ​

៣. ​ធ្វើ​ឲ្យ​អង់គ្លេស​ធ្លាក់​ពី​​ពាន​ Euro

នៅ​ឆ្នាំ​១៩៩៦​ អង់គ្លេស​បាន​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទល់​នឹង​អាល្លឺម៉ង់​ ហើយ​កាល​ណោះ​ការ​ប្រកួត​ឈាន​ដល់​វគ្គ​ប៉េណាល់ទី​កាត់​សេចក្ដី។​ Southgate ជា​អ្នក​ទាត់​ប៉េណាល់ទី​ចុង​ក្រោយ​ តែ​បាល់​ត្រូវ​សង្គ្រោះ​ដោយ​អ្នក​ចាំ​ទី​ធ្វើ​ឲ្យ​ក្រុម​តោ​កំណាច់​ធ្លាក់​ចេញ​ពី​កម្មវិធី។​

៤. ឈាន​ជើង​ដឹកនាំ​ការងារ​​គ្រូ​បង្វឹក​

១០​ឆ្នាំ​ក្រោយ​ធ្វើ​ឲ្យ​អង់គ្លេស​ធ្លាក់​ពី​ Euro ៩៦ នៅ​ឆ្នាំ​២០០៦ Southgate បាន​ក្លាយ​ជា​អ្នក​ចាត់​ការ​ទូទៅ​ Middlesbrough ជា​ក្លឹប​ដែល​លោក​ចំណាយ​ពេល​៥​ឆ្នាំ​លេង​ជា​កីឡាករ​។ យ៉ាង​ណា​ក្រោយ​ដឹកនាំ​ក្រុម​ធ្លាក់​ចេញ​ពី​ Premier League និង​​មិន​អាច​នាំ​ Middlesbrough ឡើង​ទៅ​ក្របខ័ណ្ឌ​កំពូល​វិញ​លោក​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​ក្នុង​ឆ្នាំ​២០០៩។​​

៥. ការ​មិន​ហ៊ាន​អង្គុយ​​កៅអី​ដែល​ពោរពេញ​ដោយ​សម្ពាធ

Southgate បាន​បដិសេធ​មិន​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​កាល​ពី​ឆ្នាំ​២០១៦​អំឡុង​ពេល​លោក​ដឹកនាំ​ក្រុម​ U-21 តែ​​ក្រោយ​ Sam Allardyce ត្រូវ​បណ្ដេញ​ចេញ​ Southgate បាន​ព្រម​ធ្វើ​ជា​គ្រូ​បណ្ដោះ​អាសន្ន​ ហើយ​ទី​បំផុត​ចុះ​ហត្ថលេខា​ធ្វើ​គ្រូ​ពេញ​សិទ្ធ​ដើម្បី​ដឹកនាំ​ក្រុម​ប្រកួត​ World Cup៕

ប្រភព៖ FIFA អត្ថបទ៖ វិរ័ត្ន

មតិយោបល់