• 2018-07-06 08:30:29
  • វិភាគ

ក​ក្រើក​វគ្គ​៨​ក្រុម​ ​ប្រេស៊ីល​ និង​​បែលហ្សិក​មួយ​ណា​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ?​

  • 2018-07-06 08:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រេស៊ីល​ នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​បែលហ្សិក​ ក្នុង​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ World Cup នៅ​យប់​នេះ​វេលា​ម៉ោង​១​រំលង​អាធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​​សៅរ៍។

មុន​ឡើង​ដល់​វគ្គ​នេះ​ប្រេស៊ីល​ បាន​ទម្លាក់​ម៉ិកស៊ិក​ដែល​ជា​ជើង​ខ្លាំង​មក​ពី​អាមេរិក​ខាង​ជើង​ដោយ​លទ្ធផល​ ២​ទល់​នឹង​០​ ខណៈ​បែលហ្សិក​ទម្លាក់​ជើង​ខ្លាំង​អាស៊ី​ សាំម៉ូរៃ​ជប៉ុន​ដោយ​លទ្ធផល​ ៣​ទល់​នឹង​២។​ ចាំ​មើល​រវាង​គូ​ទាំង​ពីរ​មួយ​ណា​មាន​វាសនា​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទៅ​ប៉ះ​បារាំង​ ឬ​អ៊ុយរ៉ាហ្គាយ?

ប្រវត្តិ​ជួប​គ្នា

ជំនួប​ថ្ងៃ​នេះ​គឺ​ជា​ការ​ប៉ះ​គ្នា​លើក​ទី​៥​របស់​បែលហ្សិក​ និង​ប្រេស៊ីល​ ហើយ​៤​ប្រកួត​កន្លង​មក​ប្រេស៊ីល​ធ្វើ​បាន​ល្អ​ជាង​ដោយ​ឈ្នះ​៣​ និង​ចាញ់​១។​ ប្រកួត​ដំបូង​បំផុត​គឺ​កើត​ឡើង​ក្នុង​ឆ្នាំ​១៩៦៣​ដោយ​បែលហ្សិក​ជា​អ្នក​ឈ្នះ​ ៥-១​។​ នៅ​ World Cup ក្រុម​ទាំង​ពីរ​នេះ​ប៉ះ​គ្នា​ម្ដង​ប៉ុណ្ណោះ​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ឆ្នាំ​២០០២​ ដោយ​ប្រេស៊ីល​ឈ្នះ​ ២-០។

ព័ត៌មាន​ក្រុម

ប្រេស៊ីល៖ ក្រុម​ជើង​ឯក​ពិភពលោក​៥​សម័យ​កាល​គ្មាន​បញ្ហា​របួស​កីឡាករ​នោះ​ទេ​ដោយ​សារ​ Marcelo និង​ Douglas Costa អាច​ត្រឡប់​មក​ហ្វឹកហាត់​វិញ​បាន​ ប៉ុន្តែ​ Casemiro ជាប់​ពិន័យ​ដូច្នេះ​ជម្រើស​១១​នាក់​អាច​ជា៖ Alisson Becker, Marcelo, Miranda, Thiago Silva, Fagner, Fernandinho, Coutinho, Paulinho, Willian, Jesus និង​ Neymar។

បែលហ្សិក៖​ ជើង​ខ្លាំង​មក​ពី​អឺរ៉ុប​ រំពឹង​ថា​ Adnan Januzaj អាច​លេង​ជា​ជម្រើស​បម្រុង​នៅ​យប់​នេះ​បន្ទាប់​ពី​មាន​បញ្ហា​បន្តិច​បន្តួច​ ដោយ​ឡែក​កីឡាករ​ដទៃ​ទៀត​គ្មាន​បញ្ហា​​ទេ​ដូច្នេះ​ជម្រើស​១១​នាក់​អាច​ជា៖ Thibaut Courtois, Jan Vertonghen, Toby Alderweireld, Vincent Kompany, Thomas Meunier, Kevin De Bruyne, Axel Witsel, Eden Hazard, Dries Mertens, Romelu Yannick Carrasco និង​ Lukaku។

ស្ថិតិ​ចាប់​អារម្មណ៍​

បរាជ័យ​៦​ដង​ចុង​ក្រោយ​របស់​ប្រេស៊ីល​នៅ​ World Cup គឺ​សុទ្ធ​តែ​ក្រោម​ថ្វី​ដៃ​របស់​ក្រុម​មក​ពី​អឺរ៉ុប​ទាំង​អស់​ដោយ​លើក​ចុង​ក្រោយ​គឺ​ចាញ់​អាល្លឺម៉ង់​ ៧​ទល់​នឹង​១ ហើយ​​ជ័យ​ជម្នះ​ចុង​ក្រោយ​ក៏​ទល់នឹង​អាល្លឺម៉ង់​ដែរ​គឺ​ឈ្នះ​ ២​ទល់​នឹង០​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​២០០២។

បើ​អាច​ផ្ដួល​ប្រេស៊ីល​បាន​ បែលហ្សិក​នឹង​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ World Cup លើក​ដំបូង​គិត​ចាប់​ពី​ឆ្នាំ​១៩៨៦​មក។​

ព្យាករណ៍

ការ​ប្រកួត​គូ​នេះ​អាច​ឈាន​ដល់​ម៉ោង​បន្ថែម​១៥​នាទី​២​ដង​ ហើយ​ប្រេស៊ីល​ជា​អ្នក​ឈ្នះ​៕

ប្រភព៖ FIFA ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់