• 2018-07-04 02:28:41
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កាយសម្ព័ន្ធ​ បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​ចិន​ ត្រៀម​ Asian Game

  • 2018-07-04 02:28:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កាយសម្ព័ន្ធ​កម្ពុជា​ បាន​បញ្ជូន​កីឡាករ​១រូប​ ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​ រយៈ​ពេល​ ១ខែ​ ១០​ថ្ងៃ​ ដើម្បី​បង្កើន​សិទ្ធ​ផល​ ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​ធំៗ​ Asian Game ​២០១៨​ នៅ​ពេល​ខាង​មុខ​នេះ។​

លោក​ ណយ​ ផាន់ណា​ និង​កីឡាករ

លោក​ ណយ​ ផាន់ណា​ អគ្គលេខាធិការ​សហព័ន្ធ​កាយសម្ព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ម្សិលមិញ​នេះ​សហព័ន្ធ​បញ្ជូន​កីឡាករ​ ឈឿន​ សុខដែន​ ទៅ​ហ្វឹកហាត់​នៅ​ឯ​ទីក្រុង​ Nanning​ ប្រទេស​ចិន​ ហើយ​បើ​តាម​គម្រោង​នោះ​ត្រូវ​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​ចំនួន​ពីរ​នាក់​ ប៉ុន្តែ​ដោយសារ​ម្នាក់​ទៀត​មាន​របួស​ពេល​ហ្វឹកហាត់​ទើប​មិន​អាចចេញ​ទៅ។​

កីឡាករ​ ឈឿន​ សុខដែន​

បើ​តាម​ផែនការ​នោះ​ កីឡាករ​កម្ពុជា​នឹង​ត្រូវ​ហ្វឹកហាត់​ ៣​ឧបករណ៍​ ទី១​ លើ​កម្រាល​ ទី២​ សេះ​លោត​ និង​ទី៣​ កង។ ​អគ្គលេខាធិការ​ខាង​លើ​ក៏​បន្ថែម​ថា​ គោល​បំណង​សំខាន់​មួយ​ទៀត​នោះ​ជា​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់​ចូលរួម​ Asian Game​ ដើម្បី​កុំ​ឲ្យ​ដាច់​សមត្ថភាព​ប្រកួត​ជា​មួយ​ប្រទេស​ប្រកួត​ប្រជែង​ និង​ឲ្យ​មាន​លក្ខណៈ​បច្ចេកទេស​បាន​ល្អ​ត្រឹមត្រូវនៅប្រទេសឥណ្ឌូណេស៊ីខាង​មុខ។​

លោក​ ណយ​ ផាន់ណា​(អាវស)

រំលឹក​ដែរ​ថា​ នេះ​ជា​លើក​ទី២​ហើយ​ ដែល​សហព័ន្ធ​កាយ​សម្ព័ន្ធ​កម្ពុជា​បញ្ជូន​កីឡាករ​របស់​ខ្លួន​ទៅ​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​ចិន​ ហើយ​ការ​បញ្ជូន​ទៅ​ហ្វឹកហាត់​នេះ​រយៈ​ពេល​ ១ខែ​ ១០​ថ្ងៃ​ទើប​វិល​ត្រលប់​មក​វិញ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់