• 2018-07-03 07:22:07
  • ប្រវត្តិ​​

មាន​កីឡាករ​៤​រូប​ប៉ុណ្ណោះ​ដែល​ស៊ុត​បញ្ចូល​ទី​នៅ​ World Cup ៤​លើក​ផ្សេង​គ្នា

  • 2018-07-03 07:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ ឬ​ World Cup នៅ​រុស្ស៊ី​ជិត​បញ្ចប់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ​ ដោយ​សល់​តែ​២​គូ​ទៀត​ប៉ុណ្ណោះ​គេ​នឹង​រក​ឃើញ​ក្រុម​ទាំង​៨​ដើម្បី​លេង​វគ្គ​ ១/៤​ផ្ដាច់ព្រ័ត្រ​។​

​ឆ្លង​កាត់​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​​មាន​កំណត់ត្រា​មួយ​បាន​កើត​ឡើង​ដែល​មាន​កីឡាករ​តែ​៤​រូប​ប៉ុណ្ណោះ​ធ្លាប់​ធ្វើ​បាន​ក្នុង​នោះ​ម្នាក់​កំពុង​លេង​ និង​៣​នាក់​ទៀត​គឺ​ជា​វីរបុរស​បាល់ទាត់​​កាល​ពី​អតីត​កាល​។ កំណត់ត្រា​នោះ​គឺ​កីឡាករ​ដែល​អាច​ស៊ុត​បញ្ចូល​ទី​នៅ World Cup ៤​កម្មវិធី​ផ្សេង​គ្នា៖

#៤ Cristiano Ronaldo

Cristiano Ronaldo បាន​ក្លាយ​ជា​កីឡាករ​ទី​៤​ដែល​ស៊ុត​បញ្ចូល​ទី​នៅ​ World Cup ៤​កម្មវិធី​ផ្សេង​គ្នា​គឺ​នៅ World Cup អាល្លឺម៉ង់​ ២០០៦, World Cup អេស្ប៉ាញ​ ២០១០, អាហ្វ្រិក​ខាងត្បូង​ ២០១៤ និង​ នៅ​រុស្ស៊ី​ ២០១៨​នេះ​។ ខ្សែ​ប្រយុទ្ធ​ Real Madrid ស៊ុត​បាន​៤​គ្រាប់​នៅ​វគ្គ​ក្នុង​ចែក​ពូល​តែ​មិន​អាច​ជួយ​ព័រទុយហ្គាល់​ទៅ​វគ្គ​បន្ត​បាន​ក្រោយ​ចាញ់​ អ៊ុយរ៉ាហ្គាយ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។​

#៣ Miroslav Klose

Miroslav Klose គឺ​ជា​អ្នក​ដែល​ស៊ុត​បញ្ចូល​ទី​សរុប​នៅ​ World Cup បាន​ច្រើន​ជាង​គេ​សរុប​១៦​គ្រាប់។​ World Cup លើក​ចុង​ក្រោយ​របស់​​អតីត​ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់​រូប​នេះ​គឺ​នៅ​ World Cup ២០១៤​។ Klose លេង​ World Cup ដំបូង​ក្នុង​ឆ្នាំ​២០០២​ ដោយ​រក​បាន​៥​គ្រាប់​សុទ្ធតែ​ជា​ការ​តែត​បញ្ចូល​ទី​ទាំង​អស់។​ នៅ​ឆ្នាំ​២០០៦​ World Cup នៅ​ទឹកដី​អាល្លឺម៉ង់​ផ្ទាល់​ Klose បន្ត​ស៊ុត​ចូល​៥​គ្រាប់​ទៀត​ឈ្នះ​ស្បែក​ជើង​មាស ហើយ​នៅ​ World Cup ២០១០​ រូប​គេ​ស៊ុត​បាន​៤​គ្រាប់។​ នៅ​ឆ្នាំ​២០១៤​ ដែល​ជា​ World Cup ចុង​ក្រោយ​អតីត​កីឡាករ​ Werder Bremen ស៊ុត​បាន​២​គ្រាប់​ ជា​គ្រាប់​ទី​១៦​បំបែក​កំណត់ត្រា​ Top Scorer នៅ​ World Cup របស់​ Ronaldo ប្រេស៊ីល។

#៣​ Uwe Seeler​

Uwe Seeler គឺ​ជា​អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ ធ្លាប់​លេង​ World Cup បាន​៤​ដង​​ដោយ​ស៊ុត​បញ្ចូល​ទី​បាន​រាល់​លើក​សរុប​៩​គ្រាប់​។ បុរស​វ័យ​៨១​ឆ្នាំ​លេង​ World Cup ដំបូង​ក្នុង​ឆ្នាំ​១៩៥៨ ហើយ​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​​ផ្ដាច់ព្រ័ត្រ, World Cup ឆ្នាំ​១៩៦២​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ, World Cup ឆ្នាំ​១៩៦៦ ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ និង​​ World Cup ឆ្នាំ​១៩៧០​ជួយ​ក្រុម​បាន​លេខ​៣។

#៤​ Pele

Pele ស៊ុត​បញ្ចូល​ទី​សរុប​នៅ​ World Cup បាន​១២​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​តែ​១៤​ប្រកួត​ប៉ុណ្ណោះ។​ វីរបុរស​ប្រេស៊ីល​រូប​នេះ​ស៊ុត​បញ្ចូល​ទី​នៅ​ World Cup ៤​លើក​ខុស​គ្នា​ក្នុង​ឆ្នាំ ១៩៥៨, ១៩៦២, ១៩៦៦ និង​ ១៩៧០ ថែម​ទាំង​លើក​ពាន​បាន​៣​ដង​គ្មាន​កីឡាករ​ណា​អាច​ធ្វើ​ដូច​គឺ ក្នុង​ឆ្នាំ​ ១៩៥៨, ១៩៦២ និង​ ១៩៧០៕

ប្រភព៖ Wikipedia | FIFA អត្ថបទ៖ វិរ័ត្ន

មតិយោបល់