• 2018-06-26 02:15:27
  • បាល់ទះ

វិសាខា ​មាន​កម្លាំង​សំខាន់​ទើប​ចូល​ក្រុម​ ដែល​មក​ពី​មហាផ្ទៃ

  • 2018-06-26 02:15:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក សាន ​សុ​ក្រិត គ្រូ​បង្វឹក​ក្រុម​បាល់ទះ​វិសាខា ជឿជាក់​ថា អតីត​តារា​ឆ្នើម​របស់​ក្លឹប​ក្រសួង​មហាផ្ទៃ គួន មុំ ដែល​ទើប​ចូល​មក​កាន់​ក្លឹប​​របស់​ខ្លួន​​ នឹង​អាច​ជួយ​ក្រុម​បាន​ច្រើន សម្រាប់​ការ​ប្រកួត​ព្រឹត្តិការណ៍​កម្រិត​ A នៅ​ថៃ ដែល​គ្រោង​ចាប់​ផ្ដើម​​ថ្ងៃ​ទី​២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៨។

លោក សាន សុក្រិត

គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា គួន​ មុំ មក​វិសាខា​អាច​ជួយ​ក្រុម​បាន​ច្រើន កម្ពស់​ក៏​ខ្ពស់​ងាយ​ស្រួល​បាំង​​ សមត្ថភាព​វៃ​ផ្ដាច់​ក៏​ល្អ។ ពិសេស​កីឡាករ​រូប​នេះ​អាច​​ទទួល​សេវា​ពី​ដៃ​គូ​បាន​ល្អ​ជាង​ កីឡាករ ​ម៉ី រស្មី របស់​ខ្លួន ដូច្នេះ​​ប្រសិន​បើ​​នៅ​​ពេល​កំពុង​ប្រកួត​​មាន​​បញ្ហា​នៅ​ចំណុច​នេះ​លោក នឹង​ដាក់​ គួន​ មុំ ចូល​ជំនួស​ ម៉ី រស្មី ភ្លាម។

មួយ​ទៀត គួន មុំ ជា​ទំពាំង​ស្នង​ឫស្សី​មួយ​រូប​របស់​កម្ពុជា​ផ្នែក​បាល់ទះ ដោយ​សារ​កីឡាករ​រូប​នេះ​នៅ​ក្មេង​ទើប ១៩ ឆ្នាំ​ អាច​មាន​ពេលវេលា​ច្រើន​ក្នុង​បណ្ដុះ​បណ្ដាល​គេ​បន្ថែម​ទៀត​។ លោក​ជឿ​ថា កីឡាករ​ចំណូល​ថ្មី​មួយ​រូប​នេះ​ នឹង​មិន​បង្ក​បញ្ហា​ដល់​ក្រុម​ឡើយ ដោយ​សារ​រូប​គេ​ធ្លាប់​លេង​នៅ​ក្លឹប​ចាស់​ មហា​ផ្ទៃ ច្រើន​គួរសម។

ក្រុម​វិសាខា​​នៅ​ពូល A ជា​មួយ​ក្រុម​​ Army របស់​ថៃ និង Rachanavi របស់​ថៃ ដែល​​គ្រោង​ប៉ះ​ Army ​ថ្ងៃ​ទី​២៨ ​ខែ​មិថុនា ហើយ​ប៉ះ​ក្រុម​ Rachanavi ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៨។ ចំណែក​​ពូល A គឺ​មាន Air Force , Saruburi និង Fiji (មក​ពី​អូស្ត្រាលី) ។​

ក្រុម​នៅតាម​ពូល​នីមួយ​ៗ នឹង​ធ្វើ​ការ​ប្រកួត​ ដើម្បី​សន្សំ​ពិន្ទុ​ឡើង​ទៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ ដែល​មួយ​ពូល​​​មាន ២ ក្រុម​បាន​ឡើង​ទៅ​វគ្គ​បន្ត​គឺ​លេខ ១ និង​លេខ ២។ ​ក្រុម​លេខ ១​នៅ​ពូល A ប៉ះ​លេខ ២ មក​ពី​ពូល B ស្រប​ពេល​ក្រុម​លេខ ២ ពូល A ជួប​ក្រុម​លេខ ១ ពូល B នៅ​វគ្គ​ ៤​ ក្រុម​ចុង​ក្រោយ។ ចំណែក​ក្រុម​លេខ ៣ នៅ​តាម​ពូល​នីមួយ​ៗ នឹង​ធ្វើ​ការ​ប្រកួត​គ្នា​បន្ត​ទៀត​ ដើម្បី​ដណ្ដើម​ចំណាត់ថ្នាក់​លេខ៥ ៕

គួន មុំ

​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់